ដោយ ខែ សុណង
2021-01-14
RFA

(ពីឆ្វេងទៅស្ដាំ) ១. លោកឈ្មោះ លោក ម៉ក់ សំអាន ក្រុមប្រឹក្សាឃុំជាំក្រវៀន ២. លោក ព្រៅ ចាន់ធឿន ក្រុមប្រឹក្សាឃុំមេមត់ ៣. លោក កែវ សុផុន ក្រុមប្រឹក្សាឃុំកំពាន់ ៤. លោក ឆូវ គាន ពលរដ្ឋឃុំត្រមូង រូប៖ ហ្វេសប៊ុកពួកគាត់
អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ៤នាក់ និងម្នាក់ទៀតត្រូវបានជនមិនស្គាល់មុខ លួចវាយបណ្ដាលឱ្យរងរបួសធ្ងន់ក្នុងពេលពួកគាត់តាមដានសវនាការក្ដីរបស់សកម្មជននៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ មករា។ មន្ត្រីសង្គមស៊ីវិលចាត់រឿងនេះ ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំចំនួន ៤នាក់ រួមមាន លោក ម៉ក់ សំអាន លោក ព្រៅ ចាន់ធឿន លោក ឆូវ កៀន និង លោក កែវ សុផុន។ ការចាប់ខ្លួននេះ គឺនៅពេលពួកគាត់ និងសកម្មជនគណបក្សប្រឆាំង ប្រមាណ១០០នាក់ទៀត ដែលមកពីគ្រប់ខេត្តចូលរួមតាមដានសវនាការជំនុំជម្រះក្ដីសកម្មជនបក្សនេះនៅមុខតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី១៤មករា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា អាជ្ញាធរចាប់ខ្លួនសកម្មជន ២នាក់ តាមដីកាតុលាការ ដែលចោទពួកគេពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែក២នាក់ទៀត លោកថា អាជ្ញាធរចាប់ខ្លួន ដោយសារពួកគាត់ចូលរួមប្រមូលផ្ដុំគ្នានៅមុខតុលាការ ដោយពុំបានសុំការអនុញ្ញាតពីអាជ្ញាធរ។ លោកឱ្យដឹងថា ប៉ូលិសបានបញ្ជូនពួកគាត់ទៅឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំអស់ហើយ ដើម្បីចាត់វិធានការបន្ត៖ «បញ្ហាសំខាន់គឺករណីចាំបាច់បំផុតគឺការ ជួបជុំត្រូវធ្វើតាមច្បាប់ត្រឹមត្រូវ ត្រូវការអនុញ្ញាត មានលិខិតស្នើសុំ។ប៉ុន្តែដែលពួកគាត់ធ្វើនេះគឺ មកដោយលួចលាក់មិនមានរាយការណ៍ប្រាប់អាជ្ញាធរ។អីចឹងយើងត្រូវការពង្រាយសមត្ថកិច្ច ដើម្បីការពារទីតាំងសវនាការ ការពារសន្តិសុខសណ្ដាប់ដល់រាជធានីភ្នំពេញ»។
ទោះជាយ៉ាងណា គ្រួសារសកម្មជនបក្សប្រឆាំងទាំងនោះ ចាត់ទុកការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌ និងមិនត្រឹមត្រូវ។
ប្រពន្ធលោក ម៉ក់ សំអាន គឺលោកស្រី ប៉ុយ ចាន់លី ប្រាប់អាស៊ីសេរីថា អាជ្ញាធរមិនបានផ្ដល់ដំណឹងពីការចាប់ខ្លួនប្ដីរបស់លោកស្រី ឱ្យគ្រួសារបានដឹងនោះឡើយ។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ ហៅការចាប់ខ្លួននេះ ថាជារឿងអយុត្តិធម៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។ លោកស្រី បញ្ជាក់ថា ប្ដីរបស់គាត់មិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «គាត់គ្មានរឿងរាវអីផង គាត់ជាសកម្មជននយោបាយ។ខ្ញុំលំបាកណាស់ ជំពាក់គេក៏ច្រើន មិនដឹងរកអីដាក់អីទេ។ខ្ញុំលំបាកក្នុងខ្លួនណាស់ ខ្ញុំមានអារម្មណ៍ដូចអត់មានជំហរខ្ញុំនិយាយអត់ចេញទេ»។
ក្រៅពីចាប់ខ្លួនសកម្មជន៤ នាក់នេះ អាជ្ញាធរក្រុងភ្នំពេញបានដាក់ពង្រាយកងកម្លាំងចម្រុះប្រមាណ៧០នាក់ និងបានរារាំងសកម្មជនបក្សប្រឆាំងមិនឱ្យពួកគាត់ចូលទៅឈរនៅមុខតុលាការក្រុងភ្នំពេញឡើយ។
ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិគឺលោក ធន់ ចាន់ថា ត្រូវបានជនមិនស្គាល់មុខ ស្ទាក់វាយបណ្ដាលឱ្យរបួសធ្ងន់ ក្នុងពេលដែលលោកធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅម្ដុំសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។ លោក ធន់ ចាន់ថា ប្រាប់ថា ជនល្មើសជិះម៉ូតូគ្នា ២នាក់ ហើយពួកគេបានយកដំបងឈើវាយក្បាល ខ្លួន និងជើងរបស់លោកជាច្រើនដំបងរួចគេចខ្លួនបាត់៖ «ឥឡូវដើរលេងចង់រួចហើយ កន្លែងក្បាលជង្គង់អីហ្នឹងវាជ្រាំ និយាយទៅមួយតួខ្លួនខ្ញុំត្រូវទាំងអស់ហ្មង វាទាត់និងធាក់ ព្រោះឥឡូវនិយាយឱ្យចំទៅវាឈឺពេញខ្លួន។និយាយទៅវាអួលដើមអរហ្មងមិននឹកស្មានគ្រាន់តែទៅចូលរួមសវនាការបន្តិចបន្តួចដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា មិនគួរណាវាធ្វើរបៀបអីចឹង។ប្រជាពលរដ្ឋនៅច្រកហ្នឹងគាត់ឃើញទិដ្ឋភាពហ្នឹងវាសាហាវ វាមិនដឹងគេតាមខ្ញុំពីកាលមក»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ហេតុការណ៍ដែលបានកើតឡើងលើសកម្មជនគណបក្សប្រឆាំងនេះ ជាការគំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយ ដើម្បីរារាំងប្រជាពលរដ្ឋកុំឱ្យចូលរួមគាំទ្រសវនាការសំណុំរឿងមន្ត្រីបក្សប្រឆាំងនៅថ្ងៃក្រោយទៀត។ លោកជឿថា ប្រជាពលរដ្ឋដែលតាមដានឃ្លាំមើលសវនាការសកម្មជនបក្សប្រឆាំង អាចនឹងត្រូវអាជ្ញាធរចាប់ខ្លួនបន្តទៀតនៅពេលខាងមុខ៖ «អីចឹងហើយវាមិនមានផលចំណេញអីមកដល់ប្រទេសជាតិទេ វាមានមូលដ្ឋានគ្រឹះជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល មានកិច្ចព្រមព្រៀងដែលជាកិច្ចចាប់ផ្ដើម នៃដំណើរការប្រជាធិបតេយ្យហ្នឹង យើងគួរតែពង្រឹងឱ្យបានត្រឹមត្រូវ ហើយអនុវត្តន៍ឱ្យបានច្បាស់លាស់ អាហ្នឹងគឺជាអ្វីដែលពលរដ្ឋចង់បាន។មានការគោរពសិទ្ធិមនុស្ស មានប្រជាធិបតេយ្យ មានការឱ្យរៀបចំឱ្យសង្គមជាតិឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួន គឺយើងចង់ឃើញទាំងអស់គ្នា»។
មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ជំរុញឱ្យអាជ្ញាធរចាប់ជនដៃដល់ ដែលវាយដំសកម្មជនគណបក្សប្រឆាំងយកមកផ្ដន្ទាទោសផងដែរ ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០២០ដល់ថ្ងៃទី១៤ មករា អាជ្ញាធររបបក្រុងភ្នំពេញបានឃុំខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ព្រះសង្ឃខ្មែរថាវរៈ និងក្រុមយុវជនជិត ៧០នាក់ហើយ។ តុលាការបានចោទប្រកាន់អ្នកទាំងនោះពីបទ ញុះញង់ រួមគំនិតក្បត់ និងបទជេរប្រមាថថ្នាក់ដឹកនាំជាដើម។
អ្នកឃ្លាំងមើលស្ថានការណ៍ ចាត់ទុកការចាប់ខ្លួននេះថា ជារឿងនយោបាយ ដើម្បីកម្ទេចកម្លាំងគណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាពូជឆ្កែស៊ឹង សែនករុណា
អានេះចេះត្រឹមព្រុសដូចឆ្កែ តែប៉ុន្មានម៉ាត់
(គំរាមកំហែងបំភិតបំភ័យផ្នែកនយោបាយ)ហ្នឹងទេអី ?
HUN SEN was SDACH PEAL indeed no question to ask this evil killer acting himself of being a Cambodian GOD but who can give this mane to be GOD only himself was . all Cambodian knew this Vietcong slave was an evil killer and KBOTH CHEATH . I do not know how his supporter keep saying HUN SEN is his GOD and the other are KBOTH CHEATH