ដោយ ឡេង ម៉ាលី
2021-01-14
RFA

(ពីឆ្វេងទៅស្ដាំ) លោក អេដវើដ ម៉ារឃី (Edward J. Markey) សមាជិកព្រឹទ្ធសភា អ្នកស្រី អេលីហ្សាប៊ែត វ៉រែន (Elizabeth Warren) សមាជិកព្រឹទ្ធសភា និងអ្នកស្រី ឡូរី ត្រាហ៊ែន (Lori Trahan) សមាជិករដ្ឋសភា។ រូប៖ ហ្វេសប៊ុកលោកទាំងបី
ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ថ្កោលទោសរបបលោក ហ៊ុន សែន ចំពោះការបង្ក្រាបឥតឈប់ឈរ និងការចោទប្រកាន់បែបនយោបាយទៅលើក្រុមគណបក្សប្រឆាំង។ សេចក្ដីថ្លែងការណ៍ថ្កោលទោសនេះ ធ្វើឡើងចំពេលតុលាការក្រុងភ្នំពេញបើកសវនាការសំណុំរឿងមន្ត្រីបក្សប្រឆាំងរាប់សិបនាក់ពាក់ព័ន្ធបទចោទរួមគំនិតក្បត់។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកមកពីរដ្ឋម៉ាសាឈូសេត្ស (Massachusetts) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៤ មករាថា យុទ្ធនាការរបស់លោក ហ៊ុន សែន ក្នុងការបំបិទសំឡេងដៃគូប្រឆាំង ដោយបដិសេធសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់របស់ពួកគេនោះ បង្ហាញអំពីការជាន់ឈ្លីគោលការណ៍នីតិរដ្ឋ។ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិកថ្លែងទៀតថា ការប្រើប្រាស់តុលាការតេឡេ ដើម្បីដាក់ទោសអ្នករិះគន់ បូករួមទាំងការបង្ក្រាបឥតស្រាកស្រាន្តលើសង្គមស៊ីវិល និងសារព័ត៌មាននោះ ឆ្លុះបញ្ចាំងអំពីភាពទន់ខ្សោយរបស់លោក ហ៊ុន សែន ដែលកំពុងកើនឡើង មិនមែនបង្ហាញពីភាពខ្លាំងរបស់លោកនោះទេ។
សមាជិកសភាសហរដ្ឋអាមេរិកដែលចូលរួមក្នុងសេចក្ដីថ្លែងការណ៍នេះ រួមមាន សមាជិកព្រឹទ្ធសភា លោក អេដវើដ ម៉ារឃី (Edward J. Markey) សមាជិកព្រឹទ្ធសភាអ្នកស្រី អេលីហ្សាប៊ែត វ៉រែន (Elizabeth Warren) និងសមាជិករដ្ឋសភា អ្នកស្រី ឡូរី ត្រាហ៊ែន (Lori Trahan) ។ សមាជិកសភាសហរដ្ឋអាមេរិកទាំងនេះ អំពាវនាវដល់រដ្ឋាភិបាល លោក ហ៊ុន សែន បើកផ្លូវឱ្យមន្ត្រីបក្សសង្គ្រោះជាតិដែលជាប់ក្ដីក្ដាំនៅតុលាការ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះ ទោះជាសំណុំរឿងទាំងនោះមានចរិតនយោបាយ និងមិនស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងណាក្តី។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាសហរដ្ឋអាមេរិក និងរបស់អ្នកជំនាញអន្តរជាតិដទៃទៀត ធ្វើឡើងដោយខ្វះព័ត៌មាន និងមិនយល់ច្បាស់អំពីស្ថានការណ៍កម្ពុជា។ លោកបកស្រាយថា វិធានការ និងការជំនុំជម្រះក្តីលើមន្ត្រីបក្សប្រឆាំង និងមនុស្សមួយចំនួនទៀតនោះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា៖ «គាត់មានកង្វល់ដោយសារគាត់មិនបានទទួលព័ត៌មានច្បាស់លាស់អំពីកម្ពុជាអំពីការអនុវត្តច្បាប់នៅកម្ពុជា ដូច្នេះហើយកង្វល់នេះ នៅពេលសមត្ថកិច្ចតុលាការបានធ្វើការកាត់សេចក្ដីទៅលើជនទាំងនោះរួចរាល់ ហើយយុត្តិធម៌ដែលបានកើតឡើង ឬមិនបានកើតឡើង នោះហើយជាការបាត់កង្វល់។ យើងមិនអាចវាយតម្លៃជាមុនថា អ្នកនេះគ្មានទោស ឬអ្នកនោះមានទោសទេ ដូច្នេះយើងទុកឱ្យសមត្ថកិច្ចតុលាការដើម្បីដោះស្រាយបញ្ហានេះ»។
មន្ត្រីសិទ្ធិមនុស្សយល់ឃើញផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាល។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា ការវាយតម្លៃរបស់អ្នកជំនាញអន្តរជាតិអំពីករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ ធ្វើឡើងដោយមានមូលដ្ឋានពិតប្រាកដ។ លោកគូសបញ្ជាក់ថា បទដ្ឋានសិទ្ធិមនុស្ស ត្រូវបានទទួលស្គាល់ និងអនុវត្តជាសាកល ដូច្នេះការវាយតម្លៃមិនមានការប្រែប្រួលឡើយរវាងកម្ពុជា និងប្រទេសដទៃ។ លោកថា ទោះជារដ្ឋាភិបាលកម្ពុជាព្យាយាមបកស្រាយថា វិធានការដែលកំពុងដាក់ចេញនេះ គឺជាការអនុវត្តច្បាប់យ៉ាងណាក៏ដោយ ក៏មិនអាចឱ្យសហគមន៍អន្តរជាតិផ្លាស់ប្ដូរការយល់ឃើញរបស់ពួកគេបានដែរ៖ «ការបង្ក្រាប និងការចាប់ខ្លួនហ្នឹង វាជាការរំលោភទៅលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលប៉ះពាល់ទៅដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អ៊ីចឹងហើយបានជាម្តងហើយម្តងទៀត យើងឃើញថា គេតែងសម្តែងការព្រួយបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយទាមទារឱ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហ្នឹង»។
មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ទទូចឱ្យរបបលោក ហ៊ុន សែន ងាកមកគោរពគោលការណ៍សិទ្ធិមនុស្សឡើងវិញ បន្ទាប់ពីរបបនេះហាក់លែងខ្វល់អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរព និងលើកស្ទួយសិទ្ធិមនុស្ស ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
ចំណែក ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជា និងអង្គការសង្គមស៊ីវិលក្នុងស្រុកវិញ ពួកគេនៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ទទួលយកអនុសាសន៍របស់សហគមន៍អន្តរជាតិ ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយដែលអាចកើតមាននៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មាន តែបីនាក់ហ្នឹងទេ ?
អញ្ចឹងទោះកោរសក់ក្បាលពួកវាទាំងបីក្បាលហ្នឹងទៀតបន់ព្រះ
ក៏វាអត់បានការអីដែរ ។
វាគ្រាន់តែជាសម្លេងឆ្កែលូចុងភូមិប៉ុណ្ណោះ !
WOW ..AH CHHKOUTH you are really dump three of this high official equal million American do you understand AH..CHHKOUTH?????????????