ដោយ ខែ សុណង
2021-01-14
RFA

សាលារៀនមួយកន្លែងដែលគេដាក់ជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករវិលពីប្រទេសថៃ។ រូបថ្ងៃទី៥ មករា ២០២១។ រូបរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ
ក្រសួងអប់រំយុវជន និងកីឡា អះអាងថា សាលារៀនប្រមាណ ៦៧កន្លែង ត្រូវគេដាក់ធ្វើជាមណ្ឌលចត្តាឡីស័ក ហើយសិស្សានុសិស្សមួយចំនួនត្រូវផ្ទេរទៅសាលារៀនផ្សេង និងរៀនជាបណ្តុំតូចៗនៅតាមផ្ទះ ក្នុងពេលវិស្សមកាលថ្មីនេះ ជាបណ្ដោះអាសន្ន។ សមាគមគ្រូបង្រៀនយល់ថា រដ្ឋាភិបាល និងក្រសួងសុខាភិបាលគួរយកទីតាំងផ្សេងក្រៅពីសាលារៀន ធ្វើជាមណ្ឌលចត្តាឡឺស័ក ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានឱ្យដឹងថា ក្រសួងអប់រំបានអនុញ្ញាតឱ្យសិស្សានុសិស្សនៅតាមខេត្តជាប់ព្រំដែន ចុះឈ្មោះ និងបន្តការរៀនសូត្រ តាមអនឡាញ ឬផ្ទេរសិស្សនៅតាមសាលាតូចៗ ទៅសាលារៀនមួយផ្សេងទៀតជាដើម។ លោកបន្តថា ទីតាំងផ្ទះរបស់នាយកសាលា ឬនាយករងមួយចំនួន ត្រូវយកធ្វើជាទីតាំងចុះឈ្មោះ និងបង្រៀនសិស្សជំនួសវិញ ដោយមិនប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះទេ។
លោក រស់ សុវាចា លើកឡើងទៀតថា សាលារៀនដែលជាទីតាំងចត្តាឡីស័កទាំងនោះ នឹងបើកដំណើរការឡើងវិញ រហូតទាល់តែសភាពការណ៍ជំងឺកូវីដ១៩ ធូរស្បើយជាងនេះ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន៖ «ក្រសួងអប់រំយុវជន និងកីឡាបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ហើយសង្ឃឹមថា នឹងមានការចូលរួមជាបន្តទៀត ដើម្បីផ្ដល់អាទិភាពបន្តទៅលើការដំណើរការនៃគ្រឹះស្ថានសិក្សាពាក់ព័ន្ធនេះ ដោយមានការពិនិត្យនិងសម្រេចនូវកម្រិតមន្ទីរអប់រំយុវជននិងកីឡាទៅតាមពេលវេលាសមស្រប»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ស្របពេលបវេសនកាលថ្មីឆ្នាំសិក្សា២០២០-២០២១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៣ មករា។ នៅថ្ងៃទី១៣ ខែមករា ក្រសួងសុខាភិបាលបានរកឃើញពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃចំនួន ៦នាក់ មានជំងឺកូវីដ១៩ និងបានបញ្ជូនពួកគេទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងម្នាក់ និងខេត្តបន្ទាយមានជ័យចំនួន ៥នាក់។ ចំណែក ពលកររាប់ពាន់នាក់ទៀត កំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនមួយចំនួននៅតំបន់ព្រំដែន។
ពលករខ្មែរដែលទើបតែត្រលប់មកពីប្រទេសថៃ កើតជំងឺកូវីដ១៩បានកើនឡើងសរុបចំនួន ៣៣នាក់ហើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ក្រសួងសុខាភិបាល និងរដ្ឋាភិបាល គួរបង្កើតមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនឱ្យបានច្រើន ជៀសវាងការយកសាលារៀន ធ្វើជាមណ្ឌលចត្តាឡីស័ក។ អ្នកស្រីបន្តថា ការសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័ក ឬយកទីតាំងផ្ទះមកបង្រៀននេះ គឺធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សជាខ្លាំង និងពិបាកគ្រប់គ្រងជាដើម។ អ្នកស្រីបន្ថែមថា ក្រសួងគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងនេះផងដែរ ចំពោះទីតាំងផ្ទះប្រជាពលរដ្ឋដែលនៅតំបន់ព្រំដែន ក្បែរមណ្ឌលចត្តាឡីស័កនេះ ជាពិសេសកុមារតូចៗដែលនៅតំបន់នោះជាដើម៖ «ក្រសួងគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនបំផុតចំពោះប្រជាពលរដ្ឋនៅតាមទល់ដែនហ្នឹងដែរ។ យើងឃើញហើយថា សាលាដែលពួកគាត់បង្រៀនក៏មិនច្រើនណាស់ណាដែរ អ៊ីចឹងគួរតែធ្វើយ៉ាងណាឱ្យពួកគាត់ងាយស្រួលក្នុងការសិក្សា។ មនុស្សចាស់ ជាមនុស្សធំ ងាយស្រួលក្នុងការការពារជាងកុមារតូចៗគាត់អត់សូវជាចេះពីបញ្ហាការពារខ្លួនអីនោះទេ»។
លោក រស់ សុវាចា អះអាងថា ក្នុងវិស្សមកាលថ្មីនេះ សិស្សដែលបានចុះឈ្មោះសិក្សាថ្មីមានចំនួនប្រមាណ ៣លាន ៥សែន នាក់នៅទូទាំងប្រទេស។ សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សា ហើយត្រៀមចូលថ្នាក់ឧត្តមសិក្សានោះ ពុំមានកំណត់កាលបរិច្ឆេទដូចៗគ្នានោះទេ អាស្រ័យលើគ្រឹះស្ថាននីមួយៗ។
គិតត្រឹមថ្ងៃទី១៣ មករា នេះ អ្នកជំងឺកូវីដ ១៩ សរុប នៅទូទាំងប្រទេសមានចំនួន ៣៩៨ នាក់ ក្នុងនោះពលករធ្វើដំណើរមកពីប្រទេសថៃមានចំនួន ៣៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧៦ នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ២២ នាក់៕