កម្ពុជា-សង្គម
15/01/2021 – 08:17
ដោយ៖ អ៊ឹម រចនា
RFI

សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ ព្រះរាជបុត្រាច្បងរបស់ព្រះបរមរតនកោដ្ឋ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់យាងចូលព្រះទិវង្គតដោយព្រះជរាពាធ ក្នុងព្រះជន្ម៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក នាយប់ថ្ងៃទី១៤មករា។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក Royal du Cambodge។ សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ប្រសូត្រនៅថ្ងៃទី១៧ខែតុលាឆ្នាំ១៩៤៣ នៅព្រះមហាប្រាសាទខេមរិន្ទ ជាព្រះបុត្រាច្បងរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី និងជាព្រះរៀមបង្កើតមាតាទីទៃ នៃហ្លួង នរោត្តម សីហមុនី។
ព្រះអង្គ បានបំពេញការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងធ្លាប់បានយាងជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី «World Scout Jamboree» នៅក្នុងប្រទេសហ្វីលីពីន នាឆ្នាំ១៩៥៩ និងបានយាងដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាច្រើនរាប់មិនអស់ផងដែរ។ ក្នុងពេលដែលរាជធានីភ្នំពេញ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះអង្គម្ចាស់ នរោត្តម យុវនាថ និងអ្នកម្នាង ស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ជាហេតុធ្វើឱ្យព្រះអង្គពុំអាចយាងនិវត្តន៍មកកាន់កម្ពុជាវិញបាន។ ព្រះអង្គបានបង្ខំព្រះទ័យភៀសព្រះកាយទៅគង់នៅប្រទេសចិន មុននឹងភៀសព្រះកាយទៅកាន់ទីក្រុងហុងកុង ពីឆ្នាំ១៩៧៥រហូតដល់ឆ្នាំ១៩៨០។ បន្ទាប់ពីទីក្រុងហុងកុង ទ្រង់បានភៀសព្រះកាយបន្តទៅគង់ប្រថាប់នៅសហរដ្ឋអាមេរិក និងបានបំពេញការងារក្នុងក្រុមហ៊ុន US Surgical Corporation ប្រមាណជាង ១៤ឆ្នាំ។
ក្រោយពេលព្រះអង្គយាងធ្វើមាតុភូមិនិវត្តន៍វិញនៅឆ្នាំ១៩៩៣ ទ្រង់ត្រូវបានប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងជា «ស្តេចក្រុមហ្លួង» មានព្រះឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងក្រោយមក នៅខែសីហា ឆ្នាំ២០០៤ ទ្រង់ត្រូវបានទទួលគោរមងារជា «សម្តេចព្រះបរមរាមា» ពីសំណាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៕
no one knew how many SIHANOU son or daughter was. I never hearing any thing about NOR ROTH was SIHANOU son. too many wife too many problem that why