ដោយ សន ចាន់រដ្ឋា
2021-01-15
RFA

ទិដ្ឋភាពបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។ រូបសហគមន៍
អ្នកឃ្លាំមើលបរិស្ថានអះអាងថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់មន្ត្រីជំនាញកើនឡើង ដោយសារតែក្រសួងបរិស្ថាននៅតែរឹតត្បិតពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានមិនឱ្យល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។ ការលើកឡើងនេះ ក្រោយពីក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍ បង្ក្រាបបទល្មើសព្រៃឈើបានជិត ៩ពាន់ករណី (៩ ០០០) ក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបនឹងឆ្នាំ២០១៩។
សកម្មជនបរិស្ថានលើកឡើងថា របាយការណ៍របស់ក្រសួងបរិស្ថាន ឆ្លុះបញ្ចាំងថា បទល្មើសព្រៃឈើនៅកម្ពុជានៅតែកើតមានច្រើន ដោយមិនបានថមថយនោះទេ។
អ្នកឃ្លាំមើលបរិស្ថាន លោក ម៉ា ចិត្រា ឱ្យដឹងនៅថ្ងៃទី១៤ មករាថា មូលហេតុសំខាន់នាំឱ្យការបង្ក្រាបបទល្មើសកើនឡើង ដោយសារតែក្រសួងបរិស្ថាន និងសមត្ថកិច្ចបានហាមប្រាមប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃ ក្រោមហេតុផលតំបន់ស្នូល និងមិនសុំច្បាប់អនុញ្ញាត។ លោកថា របាយការណ៍របស់ក្រសួងបរិស្ថាន ឆ្លុះបញ្ចាំងថា ស្ថាប័នជំនាញមួយនេះ គ្មានសមត្ថភាពការពារព្រៃឈើឱ្យមានប្រសិទ្ធភាពនោះទេ៖ «ដោយសារតែរឹតត្បិតសហគមន៍មិនឱ្យចុះល្បាតហ្នឹងហើយ បានធ្វើឱ្យបទល្មើសហ្នឹងកើនឡើង យើងសំណូមពរឱ្យក្រសួងហ្នឹង ឱ្យសហគមន៍ចុះល្បាតដូចសព្វមួយដងទៅ ហើយមិនចាំបាច់សរសេរលិខិត នាំតែខាតពេល វេលាទាំងអស់គ្នាហ្នឹង»។
ការលើកឡើងរបស់សកម្មជននេះ គឺបន្ទាប់ពីក្រសួងបរិស្ថានបង្ហាញរបាយការណ៍ទប់ស្កាត់បទល្មើសព្រៃឈើក្នុងឆ្នាំ២០២០។ របាយការណ៍ឱ្យដឹងថា មន្ត្រីឧទ្យានុរក្សបង្ក្រាបបានបទល្មើសជិត ៩ពាន់ករណី ( ៨.៩១៧ ) កើនឡើងជាង ៣ពាន់ករណី ( ៣.៤៤២) បើធៀបនឹងឆ្នាំ២០១៩។ ក្នុងការបង្ក្រាបនេះ មន្ត្រីជំនាញ បានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ ទៅតុលាការជាង ៦រយករណី ( ៦០៥ ករណី ) ផាកពិន័យអន្តរការណ៍ជាង ៨រយករណី (៨៥៧ ) និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ជិត ៣ពាន់ករណី ( ២ ៩៤៦)។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បទល្មើសភាគច្រើន គឺការលួចកាប់ឈើ កាប់រុករានទន្ទ្រានព្រៃខុសច្បាប់ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃជាដើម។ លោកបញ្ជាក់ថា បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺមានតែបទល្មើសព្រៃឈើតូចៗប៉ុណ្ណោះ ៖ «បង្ក្រាបបទល្មើសរបស់មន្ត្រីឧទ្យានុរក្ស សហការជាមួយដៃគូ យើងឃើញថា ការបង្ក្រាបរបស់យើង គឺមានការកើនឡើង ៣០ ភាគរយ ដែលឆ្នាំ ២០១៩ វាឡើងតែជាង ៥ពាន់ ឥលូវវាឡើងដល់ជាង ៨ពាន់ករណី ដែលយើងបង្ក្រាបបាន»។
ទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា នៅមិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់របស់សកម្មជនបរិស្ថានដែលថា ការបង្ក្រាបបទល្មើសកើនឡើង ដោយសារក្រសួងរឹតត្បិតពួកគេមិនឱ្យល្បាតព្រៃឈើនោះនៅឡើយទេ។ ប៉ុន្តែលោកធ្លាប់អះអាងថា ក្រសួងបរិស្ថានបានផ្ដល់កិច្ចសហការតែជាមួយប្រជាសហគមន៍ណា ដែលទទួលស្គាល់ដោយច្បាប់ ឬមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធតែប៉ុណ្ណោះ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន សង្កេតឃើញថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតែកើតមានមកទល់ពេលនេះ។ លោកថា អំពើពុករលួយ គឺជាមូលហេតុចម្បង ធ្វើឱ្យបទល្មើសកើនឡើងច្រើន ដែលក្រសួងបរិស្ថានមិនទាន់កំណែទម្រង់នៅឡើយទេ ៖ «មន្ត្រីគាត់ប្រព្រឹត្តអំពើពុករលួយ ភាពស្មុគស្មាញក្នុងការអនុវត្តច្បាប់ ហើយការដែលជនប្រព្រឹត្តបទល្មើសកើនឡើង គឺគាត់មិនខ្លាចច្បាប់ ដោយសារតែមន្ត្រីមិនអនុវត្ត។ អ៊ីចឹងបើយើងអនុវត្តលើមន្ត្រីជំនាញទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ ផ្ដន្ទាទោស ហើយរឹបអូសទ្រព្យសម្បត្តិ ពេលនោះហើយ បទល្មើសនឹងថយ»។
កាលពីដើមខែធ្នូ ឆ្នាំ ២០២០ ប្រព័ន្ធផ្សព្វផ្សាយផ្នែកបរិស្ថាន ម៉ុនហ្កាបេ (Mongabay) បានរាយការណ៍ ដោយផ្អែកទៅលើទិន្នន័យពីផ្កាយរណបថា តំបន់ជួរភ្នំក្រវាញ ដែលគ្របដណ្តប់លើឧទ្យានជាតិ និងដែនជម្រកសត្វព្រៃចំនួន៨ បានបាត់បង់ទំហំព្រៃឈើជាង ១ សែន ៤ម៉ឺនហិកតារ ( ១៤៨.០០០) ឬស្មើនឹងជិត ១០ ភាគរយ (៨,៦%) នៃគម្របព្រៃឈើសរុប ក្នុងចន្លោះឆ្នាំ ២០០១ ដល់ ២០១៩។ ប្រព័ន្ធផ្សព្វផ្សាយដដែលរាយការណ៍ទៀតថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញទាំងមូល មិនថយចុះនោះទេ នៅឆ្នាំ២០២០ ស្របពេលសកម្មជនបរិស្ថានរកឃើញថា តំបន់អភិរក្សទូទាំងប្រទេសកំពុងរងការបំផ្លិចបំផ្លាញ ដោយសារគម្រោងដីសម្បទានសេដ្ឋកិច្ច ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីជាកម្មសិទ្ធិឯកជន៕
HUN SEN said if he can not protecting forest he will cut his KDOR off