ដោយ មួង ណារ៉េត
2021-01-15
RFA
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថ្កោលទោសការការបង្ក្រាបសំឡេងប្រឆាំង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី១៤ ខែមករា នាយកប្រចាំតំបន់នៃអង្គការនេះ ចាត់ទុកការចោទប្រកាន់មន្ត្រី និងសកម្មជនបក្សប្រឆាំង និងកោះហៅឡើងតុលាការការ ទាំងហ្វូងទាំងហ្វាយបែបនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ ថាអាជ្ញាធរកម្ពុជាកំពុងបង្កើនយុទ្ធនាការក្តៅ និងឥតស្រាកស្រាន្ត ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង នៅកម្ពុជា។
នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការតម្លាភាពអន្តរជាតិ អ្នកស្រី យ៉ាមីនី មីសស្រា (Yamini Mishra) បញ្ជាក់ថា កម្ពុជាមានប្រវត្តិក្នុងការផ្ដល់ក្តីសង្ឃឹមតិចតួចស្តួចស្តើងណាស់ ដល់ជនជាប់ចោទ ដែលជាសកម្មជនបក្សប្រឆាំង។ អ្នកស្រីបន្ថែមថា នៅពេលមានករណីចោទប្រកាន់សកម្មជន និងអ្នកហ៊ានរិះគន់រដ្ឋាភិបាល ជនជាប់ចោទមានសង្ឃឹមទទួលបានយុត្តិធម៌តិចណាស់ ព្រោះអាជ្ញាធរ ខ្វល់រឿងនយោបាយ ធំជាងអង្គហេតុ និងអង្គច្បាប់។
អ្នកស្រីបន្តថា ការណ៍ដែលអាជ្ញាធរកម្ពុជា រារាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង មិនឱ្យវិលត្រឡប់ទៅកម្ពុជាវិញ ដើម្បីតតាំងក្ដីតាមផ្លូវតុលាការនោះ គឺរឹតតែបង្ហាញឱ្យឃើញច្បាស់ ថាការជំនុំជម្រះក្តីនេះ គឺជាឆាកល្ខោនតែប៉ុណ្ណោះ។
អ្នកស្រីទាមទារ ឱ្យដោះលែងសកម្មជន ដែលអាជ្ញាធរចាប់ឃុំខ្លួន និងចោទប្រកាន់ពួកគាត់ដោយហេតុផលនយោបាយទាំងអស់នោះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ មិនតែប៉ុណ្ណោះ អាជ្ញាធរត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកទាំងនោះ ដោយមិនត្រូវបង្អែបង្អង់យូរឡើយ៕