ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | វប្បធម៌
លោកស្រី ពេជ្រ សុធារី | ១៨ មករា ២០២១ |ម៉ោង ១៤:៤៤
VOD

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីកមឺហ្វី (W. Patrick Murphy) ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅប្រាសាទភ្នំបាខែង ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារដល់អាជ្ញាធរជាតិព្រះវិហារ និងមូលនិធិប្រាសាទពិភពលោក សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។
សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទដែលត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ និងជួសជុលឡើងវិញប្រព័ន្ធបង្ហូរទឹកសម័យបុរាណនៅសង្ខាងនៃជណ្តើរ។
សេចក្តីប្រកាសព័ត៌មាន បន្តថា ស្ថានទូតក៏មានកិច្ចព្រមព្រៀងមួយទៀតក្នុងទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង នាខេត្តសៀមរាប ក្នុងដំណាក់កាលទី៥ផងដែរ។ គម្រោងនេះនឹងដំណើរការក្នុងរយៈពេល២៤ខែ រហូតដល់ឆ្នាំ២០២២ ទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។
បើតាមសេចក្តីប្រកាសព័ត៌មាន ជំនួយទាំងនេះទទួលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ពិធីចុះហត្ថលេខាផ្តល់ជំនួយទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករានេះ រវាងលោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅលើភ្នំបាខែង ខេត្តសៀមរាប។
ឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ក្នុងពិធីនោះថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែងនៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់និងផ្តល់តម្លៃនៅទូទាំងពិភពលោក។
លោកបន្តថា៖ «ថវិកានេះនឹងជួយអភិរក្សប្រាសាទទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ជំនួយនេះបង្ហាញពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិករួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។
លោកស្រីថា៖ «ខ្ញុំជឿថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលឈរលើគុណតម្លៃរួម រវាងប្រទេសកម្ពុជា និងរដ្ឋាភិបាលនិងប្រជាជនអាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត។»
ចំណែក ប្រធាន និងជានាយិកាប្រតិបត្តិមូលនិធិប្រាសាទពិភពលោក លោកស្រី Bénédicte de Montlaur បានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រក្នុងការអភិរក្សប្រាសាទភ្នំបាខែង ដែលជាប្រាសាទស្នូលក្នុងការអភិវឌ្ឍនូវសិល្បៈនិងការផ្សព្វផ្សាយនូវទស្សនៈរបស់ខ្មែរ។
គួរបញ្ជាក់ថា ក្រោមជំនួយជាថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួនជាង៤លានដុល្លារហើយដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ ក្រៅពីនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយជាថវិកាផងដែរ សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។