កូវីដ-១៩ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី |១៨ មករា ២០២១ |ម៉ោង ១៤:៥៥
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពីប្រទេសឥណ្ឌា ដោយសារឥណ្ឌាក៏ជាប្រទេសមួយដែលផលិតវ៉ាក់សាំងប្រឆាំងជំងឺនេះដែរ។
ការស្នើនេះបានធ្វើឡើងនៅក្នុង ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា ក្នុងជំនួបនោះ លោកបានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Damodardas Modi ដើម្បីសុំជំនួយវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ពីប្រទេសឥណ្ឌា ព្រោះប្រទេសនេះផលិតវ៉ាក់សាំងកូវីដ១៩បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋឥណ្ឌាជាង៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។
ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកដែរថា លោកនឹងចាក់វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋចិនមុនគេ ក្រោយពីចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស សម្រាប់មនុស្ស៥០ម៉ឺននាក់ ដល់កម្ពុជា ក្នុងពេលឆាប់ៗនេះ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា រដ្ឋាភិបាលនឹងទទួលយកជំនួយឬទិញតែវ៉ាក់សាំងទាំងឡាយណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាសំឡេងកាលពីថ្ងៃទី១៥ ខែមករា ថា មកដល់ពេលនេះ អង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់នូវវ៉ាក់សាំងរបស់ប្រទេសណាឬក្រុមហ៊ុនណាមួយនោះទេ ខណៈប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់សាំងប្រឆាំងវីរុសកូវី១៩ ក្នុងនោះក៏មានវ៉ាក់សាំងរបស់ចិននេះផងដែរ។
លោកបានថ្លែងថា៖ «អ្វីដែលជាភាពចាំបាច់របស់យើង យើងមិនអាចរង់ចាំបានទៀតនោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។
បើតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន៣៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាចំនួន៥៣នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។