ពលករ​ខ្មែរ​ជិត​៧​ពាន់​​នាក់​មក​ពី​ថៃ​ក្នុង​នោះ​មាន​៦៩​នាក់​ឆ្លង​ជំងឺ​កូវីដ១៩

កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៨ មករា ២០២១ |ម៉ោង ១៨:២៣
VOD

អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ចត្តាឡីស័​កពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ចត្តាឡីស័​កពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)


មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ​ ឱ្យដឹងថា ក្នុងរយៈពេលជិត​មួយខែក្រោយពីថៃមានករណីឆ្លងរាល​​ដាលជំងឺកូវីដ១៩ មានពលករខ្មែរដែលធ្វើការនិងរស់នៅទីនោះជិត ​៧ ០០០នាក់ បាន​ត្រឡប់​មកកម្ពុជាវិញ​ ក្នុងនោះមាន ៦៩នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន ប្រាប់វីអូឌីនៅ​ថ្ងៃចន្ទ​នេះថា គិត​ចាប់​តាំងពី​ប្រទេសថៃផ្ទុះ​​ការឆ្លងរាលដាល​​ជំងឺកូវីដ​១៩ នៅខេត្តសាមុតសាខន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មក​ដល់ថ្ងៃម្សិលមិញនេះ មាន​ពលករខ្មែរ​សរុបចំនួន​ ៦ ​៨៥៣ នាក់ (ក្នុងនោះ​ស្រ្តី ២ ៨៥៥នាក់) ដែលបានត្រឡប់មកពីប្រទេសថៃ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ​ក្រសួងសុខភាពសាធារណៈថៃ បានរកឃើញករណីឆ្លងក្នុងសហគមន៍ដែលផ្ទុះ​ឡើងនៅខេត្តសាមុតសាខន ក្នុងចំណោមពលករបរទេសដែលធ្វើការនៅផ្សារចែកចាយបង្គារមួយកន្លែង។

បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល គិត​មកដល់ព្រឹកថ្ងៃចន្ទនេះ​ មាន​ពលករខ្មែរចំនួន៦៩នាក់ដែលរកឃើញថាបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ​​បានព្យាបាលជាសះស្បើយ​ចំនួន២១នាក់​។

ប្រធានរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ប្រាប់វីអូឌីថា រាល់ពលករខ្មែរដែលមកពីប្រទេសថៃ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនិងយកសំណាកមកធ្វើតេស្តរកវីរុស​កូវីដ១៩។ លោក​បន្ត​ថា បច្ចុប្បន្នពលករដែលកំពុងធ្វើចត្តាឡីស័កក្នុង​​​ខេត្តនេះមានចំនួន​ ១ ២១៨នាក់ រួមទាំង​បុគ្គលិកកាស៊ីណូនៅជិតព្រំដែនចំនួន ២០០នាក់ផងដែរ។

លោកបញ្ជាក់ថា ក្នុងខេត្តនេះមានពលករខ្មែរចំនួន១៧នាក់បានរកឃើញថាបាន​​ឆ្លងកូវីដ១៩ ក្នុង​នោះព្យាបាលជាសះស្បើយចំនួន៦នាក់។

លោកថា៖ «ឱ្យគាត់ធ្វើចត្តាឡីស័ក ហើយយើងយកសំណាកគាត់ទាំងអស់ទៅមើលឱ្យប្រាកដថា អ្នកហ្នឹងមានឬអត់មាន ​ព្រោះកន្លងមក អ្នកខ្លះ១៤ថ្ងៃ ​ត្រូវចេញ បែរជាមានវិជ្ជមាន​ម្នាក់​នៅកំរៀង​ ដល់អ៊ីចឹងយើងឱ្យអ្នកនៅបន្ទប់ជាមួយត្រូវធ្វើចត្តាឡីស័ក​១៤ថ្ងៃទៀត។ កន្លងមក យើងមានករណីអ៊ីចឹង ​យើងត្រូវមានការប្រយ័ត្នប្រយែងខ្ពស់​»។

ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ លោក ឃ្លោត ហួត ប្រាប់វីអូឌីថា ពលករដែលកំពុងធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យមានចំនួន២ ២៦០​នាក់ ក្នុងនោះមាន១៣នាក់ស្ថិតក្នុងហានិភ័យ។

លោកបន្តថា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ អាជ្ញាធរបានជួបបញ្ហាប្រឈមមួយចំនួន ខណៈ​មានពលរដ្ឋខ្លះបានចោទអាជ្ញាធរ​ថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។

ប្រធានមន្ទីររូបនេះថ្លែង​ថា៖ «គាត់ [ពលករដែលធ្វើចត្តាឡីស័ក​] រករឿងថា យើងដំាបាយឆៅឱ្យគាត់ហូប ដាំបាយ [អង្ករ] ប្លាស្ទិកឱ្យគាត់ហូប ​ហើយនៅឧត្ដរមានជ័យមាន​អង្ករប្លាស្ទិកមកពីណា បើអ្នកឧត្ដរមានជ័យជាកន្លែងផលិតស្រូវ ​ហើយអង្ករនៅនេះវាថោក ស្រូវនៅនេះវាថោក។ គាត់រករឿងតាំងពីម្ហូប ​ថាធ្វើតែប្រហុកឱ្យគាត់ហូប​​ យើងមិនដែលធ្វើឱ្យអ្វីដែលគាត់និយាយផង ជាក់ស្ដែង​មុខម្ហូបយើងដូររាល់ពេល​ ដោយសារគាត់មិនចង់នៅ​ គាត់មានការចង់ទៅផ្ទះ ​រករឿងគ្រប់បែបយ៉ាង​​ ខ្លះថាម្ដាយស្លាប់ ខ្លះថាកូនស្លាប់ ដោះស្រាយមិនចេះចប់ទេ»។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍​ថា ខេត្តនេះមាន​ពលករខ្មែរ​​​ជិត៤ ០០០នាក់ដែលមកពីថៃ ដោយសារ​ពួកគេអត់មានការងារធ្វើ និងអ្នកខ្លះទៀតថា គ្រួសារនៅផ្ទះឈឺ ជាដើម។ លោកបន្តថា ពលករទាំងនោះត្រូវបានដាក់ឱ្យ​ធ្វើចត្តាឡីស័កនិងយកសំណាកទៅ​ពិនិត្យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ១៩ ខណៈថៃកំពុងផ្ទុះជំងឺនេះ។

ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កនេះដែរ​​ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់​បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែ​ត្រូវបានសមត្ថកិច្ចរកឃើញវិញនៅថ្ងៃបន្ទាប់។​

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង មានប្រសាសន៍ថា មន្ត្រីសុខាភិបាលនិងអាជ្ញាធរនៅមិនទាន់​មានវិធានការផាកពិន័យទៅលើបុរស​ដែលរត់ចេញពីមណ្ឌលចត្តាឡីស័កនោះនៅឡើយ។

លោកថា៖ «ឥលូវអត់ទាន់និយាយអីទេ​ ចាំគ្រប់១៤​ថ្ងៃសិន ​រាប់ពីម្សិលមិញមក ​គឺពីថ្ងៃទី១៧ ខែមករា ដែលយើងចាប់គាត់ចូលវិញ គ្រប់១៤ថ្ងៃ អវិជ្ជមាន​ហើយ យើងសុំគោលការណ៍​ថ្នាក់ដឹក​នាំ​​តើ​ត្រូវធ្វើម៉េច? បើអត់លុយបង់ តើត្រូវឱ្យទៅនៅណា?​ ខ្ញុំនឹងធ្វើទៅតាមថ្នាក់ដឹកនាំគាត់សម្រេច»។

មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកចំពោះពលករដែលកំពុងធ្វើ​ចត្តា​ឡីស័ក ពាក់ព័ន្ធការស្នាក់នៅនិងអាហារបន្ថែមទៀត។

លោកបាននិយាយថា៖ «ការស្នាក់នៅ១៤ថ្ងៃ ជាបញ្ហាមួយ។ បញ្ហាមួយទៀត បន្ទាប់ពីគាត់ចេញទៅ គាត់ប្រកបមុខរបរអី គាត់រកចំណូលអី គាត់អាចចិញ្ចឹមជីវភាពរស់នៅបាន ក៏ដូចជាដោះបំណុលបាន។ យើងដឹងស្រាប់ហើយថា ប្រសិនអត់មានកិច្ចគាំពារសង្គមពីរដ្ឋាភិបាល  បន្ទាប់ពីគាត់ស្នាក់នៅមណ្ឌលចត្តាឡីស័ក គាត់បានអីទទួលទាន ហើយកាលដែលគាត់មិនមានមុខរបរ បញ្ហាជំពាក់បំណុល តើគួររៀបចំបែបម៉េចបន្តទៀត។ អាហ្នឹងត្រូវគិតគូររយៈពេលវែងចំពោះការគាំពារផ្នែកសង្គមដល់ពួកគាត់»។

បើតាម​ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៣៨៦នាក់​ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥៣នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles