សាច់ញាតិ​ និង​មន្ត្រី​សហជីព ​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា

ដោយ សន ចាន់រដ្ឋា
2021-01-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ និង​មន្ត្រី​សហជីព ​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា

ក្រុម​អ្នក​មាន​សមានចិត្ត និង​គាំទ្រ​ នាំ​គ្នា​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា (រូប​ឆ្វេង) អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​កន្លែង​តាំង​រូប​សំណាក​របស់​លោក​នៅ​មុខ​វត្ត​លង្កា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០។ លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ នៅ​តូប​លក់​កាសែត​​ក្បែរ​របង​វត្ត​លង្កា ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០០៤។ រូប៖ ហ្វេសប៊ុក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា


សាច់ញាតិ និង​មន្ត្រី​សហជីព បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក​ ជា​ វិជ្ជា​ ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី ១៧ឆ្នាំមុន។ មន្ត្រី​រដ្ឋាភិបាល​ ឆ្លើយ​តប​ថា រដ្ឋាភិបាល​អស់​លទ្ធភាព​ស៊ើប​អង្កេត​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ​ហើយ ហើយ​ជំរុញ​ឲ្យ​អ្នក​ចង់​បាន​យុត្តិធម៌ ត្រូវ​ស្វែងរក​ភស្តុតាង​ដាក់​ជូន​តុលាការ​ដោយ​ខ្លួនឯង។

សាច់ញាតិ​ និង​មន្ត្រី​សហជីព លើក​ឡើង​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន គ្មាន​ឆន្ទៈ​ស្វែង​រក​ឃាតក​ដែល​បាន​បាញ់​សម្លាប់​លោក ​ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់​ក៏​ដោយ ក៏​ពួក​គាត់ មិន​បោះ​បង់​ការ​តស៊ូ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​វីរជន​កម្មករ​រូប​នេះ​ឡើយ។

ប្អូនប្រុស​បង្កើត​របស់​លោក ជា​ វិជ្ជា ​គឺ​លោក ជា មុនី ប្រាប់​អាស៊ី​សេរី​ថា ប្រសិនបើ​អាជ្ញាធរ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ គឺ​អាច​រក​ឃើញ​ឃាតក​ និង​អ្នក​នៅ​ពី​ក្រោយ យក​មក​ផ្ដន្ទាទោស​បាន​ជាក់​ជា​មិន​ខាន ដោយ​មិន​អូស​បន្លាយ​ពេល​រាប់​សិប​ឆ្នាំ​បែប​នេះ​ឡើយ។ លោក ​សង្ឃឹមថា​ បង​ប្រុស​របស់​លោក នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «ករណី​ឃាតកម្ម​លោក​ ជា​ វិជ្ជា នេះ ​សម្រាប់​ខ្ញុំ​ដែល​ជា​ក្រុម​គ្រួសារ មិន​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​មានបំណង​រក​ឃាតក​ទេ ​ហើយ​បើ​មានបំណង​រក គឺ​រក​បាន​ហើយ ដូច្នេះ​ការ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​អី​ហ្នឹង​ គឺ​ហៅ​ថា ​គ្រាន់​តែ ​ក ខ គ ឃ ង ​ធ្វើ ឲ្យ​តែ​ល្អ​មើល​ទេ តែ​បំណង​និង​ឆន្ទៈ​រក​ឃាតក ​គឺ​អត់​មាន​ទេ»

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០០៤ នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្កា ដែល​នៅ​ជិត​បង្កើយ​នឹង​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​មុន​ការ​បាញ់​ប្រហារ​នោះ គឺ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ធ្លាប់​បាន​ទទួល​សារ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ ​ហើយ​លោក បាន​យក​លេខ​ទូរស័ព្ទ​នោះ ឲ្យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ជួយ​ស្រាវជ្រាវ ប៉ុន្តែ​ប៉ូលិស​ ឆ្លើយ​ថា ពួក​គេ​មិន​ហ៊ាន​ប៉ះពាល់​ជន​នោះ​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ ហើយ​ប៉ូលិស​ប្រាប់​ឲ្យ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព។ ទោះ​ជា​យ៉ាង​ណា លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ដោយ​លោក​នៅ​បន្ត​តស៊ូ​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដដែល។

ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា រយៈ​ពេល ២ថ្ងៃ សមត្ថកិច្ច​បាន​ចាប់​មនុស្ស ២នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា អ្នក​ទាំង​ពីរ គឺ​ជា​ឃាតក​សិប្បនិម្មិត ដែល​សមត្ថកិច្ច​ចង់​បង្វែរ​ពី​ការ​ស្វែង​រក​ឃាតក​ពិត និង​ដើម្បី​ឱ្យ​សាធារណជន​ស្ងប់ចិត្ត​ប៉ុណ្ណោះ។ ក្រោយ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​អស់​ពេល​ជា​ច្រើន​ឆ្នាំ គឺ​នៅ​ខែ​កញ្ញា ឆ្នាំ២០១៣ តុលា​ការ​កំពូល បាន​សម្រេច​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ ក្រោម​ហេតុផល​ថា ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​មិន​បាន​ស៊ី​សង្វាក់​គ្នា​ដូច​ការ​ចោទ​ប្រកាន់។

ក្រោយ​មក​ទៀត ដោយសារ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត នៅ​ឆ្នាំ២០១៥។ តែ​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធ​ផល ឬ​ប្រាប់​ពី​ការ​វិវឌ្ឍ​នៃ​ដំណើរ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​នៅ​ឡើយ។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​តែ​អះអាង​ថា សំណុំ​រឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ ប៉ុន្តែ លោក​មិនបាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​បន្តិច​ណា​មួយ​នៃ​លទ្ធផល​ស៊ើប​អង្កេត​នោះ​ទេ។ លោក ផៃ ស៊ីផាន បន្ត​ថា ប្រសិនបើ​នរណា​ចង់​បាន​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា ពួក​គេ​ត្រូវ​ស្វែងរក​ភស្តុតាង​ថ្មីៗ ដាក់​ជូន​តុលាការ​ដោយ​ខ្លួនឯង។ ចំណែក​រដ្ឋាភិបាល​វិញ លោក​ថា គ្មាន​លទ្ធភាព​ស៊ើប​អង្កេត​រឿង​នេះ​ទៀត​ទេ។ លោក​ អះអាង​ថា ករណី​អសមត្ថភាព​ដោះ​ស្រាយ​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ឡើយ ព្រោះ​នៅ​ប្រទេស​ផ្សេងៗ ក៏​មាន​រឿង​អយុត្តិធម៌​កើត​ឡើង​ជា​ច្រើន​ដែរ៖ «ខ្ញុំ​បន់ស្រន់​ឲ្យ​អ្នក​ដែល​ទាមទារ​យុត្តិធម៌​ហ្នឹង ឲ្យ​ទាមទារ​អ្នក​សម្លាប់​ពិតប្រាកដ​ដែល​សម្លាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ចន ខិននេឌី (John F. Kennedy) គួរ​តែ​ជួយ​រក​អា​ហ្នឹង​ផង ឬ​ក៏​តតាំង​ជាមួយ​ប្រធានាធិបតី​អាមេរិកកាំង​ផង ព្រោះ​រដ្ឋាភិបាល​អាមេរិក មាន​ធនធាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​រដ្ឋាភិបាល​យើង បើ​ប្រៀបធៀប​ធន​ជាមួយ​គេ​ហ្នឹង គឺ​វា​ឆ្ងាយ​ណាស់ ដូច្នេះ​ការ​រក​នេះ ​គឺ​រក​ទិសដៅ​ពាណិជ្ជកម្ម​ខាង​ផ្នែក​នយោបាយ ឬ​សកម្មជន​ទេ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ​អា​ហ្នឹង​នោះ»

ការ​លើកឡើង​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​សាច់ញាតិ​ជា​ប្អូន​ប្រុស​បង្កើត​របស់​ជន​រង​គ្រោះ ​គឺ​លោក ជា មុនី។ លោក​ថ្លែង​ទាំង​ហួស​ចិត្ត និង​អស់​សំណើច​ថា លោក ផៃ ស៊ីផាន គួរ​តែ​ដឹង​អំពី​តួនាទី​និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល មិន​គួរ​ចេះ​តែ​និយាយ​ឱ្យ​តែ​រួចពីមាត់​ និង​យក​ករណី​នៅ​ប្រទេស​ផ្សេង​មក​ធ្វើ​ជា​លេស​នោះ​ទេ។ លោក ជា មុនី ជឿ​ថា ​ប្រសិន​បើ​រដ្ឋាភិបាល មាន​ឆន្ទៈ​រក​ឃាតក​ពិត​នោះ គឺ​គ្មាន​អ្វី​ពិបាក​នោះ​ទេ ​ព្រោះ​អតីត​ស្នងការ​ក្រុង​ភ្នំពេញ ដែល​កំពុង​ជាប់​ពន្ធនាគារ​គឺ​លោក ហេង ពៅ និង​មន្ត្រី​នគរបាល ២នាក់ទៀត​ដែល​ជា​គូកន​របស់​លោក ហេង ពៅ រួមមាន ​លោក ហិន ​សុង​ និង​លោក លី រ៉ាស៊ី គឺ​ជា​សាក្សី​សំខាន់ ដែល​បាន​ដឹង​រឿងរ៉ាវ និង​អ្នក​ដែល​ពាក់ព័ន្ធ​នៃ​ការ​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក៖ «ជា​ទូទៅ វា​អត់​មាន​អី​អាថ៌​កំបាំង​ទេ ព្រោះ​លោក​ ហេង ​ពៅ ​ក៏​ធ្លាប់​បាន​និយាយ​ដែរ គាត់​ថា រឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ គាត់​ថា អា​ហ្នឹង​វា​អត់​មាន​អី​ពិបាក​រក​ឯ​ណា។ អា​ហ្នឹង​គាត់​ជាប់​គុក​ហើយ​ណា ​ដូច្នេះ​រឿង​នេះ​វា​ចូល​ចង់ ១៨ ទៅ ១៩ឆ្នាំ​ឥឡូវ​ហើយ​នៅតែ​ពិបាក​រក​ទៀត គឺ​វា​មិន​គួរ​ឲ្យ​ជឿ ព្រោះ​ហៅ​តែ​លោក ហេង ពៅ សួរ​ទៅ​ដឹង​ហើយ​ ហើយ​លោក ហិន សុង គេ​មិន​ទាន់​ចាប់។ ខ្ញុំ​គិត​ថា ​តុលាការ​មិន​ស្រួល អាច​បាត់​សំណុំ​រឿង​នេះ​ទៀត​ផង»

កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៧ លោក ហេង ពៅ បាន​និយាយ​ទី​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ថា អ្នកសារព័ត៌មាន​នឹង​បាន​ដឹង​ថា នរណា​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​អនាគត។ លើស​ពី​នេះ ​លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​លោក ហ៊ុន សែន មិន​ទាន់​ចាប់ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឱ្យ​លោក​ចាប់ សុខ សំអឿន និង ប៊ន សំណាង។ អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ លោក ខៀវ ​សុភ័គ ​ដើម្បី​បំភ្លឺ​រឿង​នេះ​បាន​ទេ។

នៅ​ក្នុង​ខួប ១៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ទាំង​ក្រុម​កម្មករ ​តំណាង​សហជីព ​និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ គ្រោង​រៀបចំ​ពិធី​រំលឹក​ខួប​នេះ នៅ​មុខ​រូបសំណាក​របស់​លោក ស្ថិត​នៅ​មុខ​វត្ត​លង្កា នៅ​ថ្ងៃ​ទី២២ ខែ​មករា​ខាង​មុខ។

អតីត​សហការី​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក ​អាត់ ​ធន់ ​មាន​ប្រសាសន៍​ថា លោក​នឹង​ចូលរួម​ដាក់​កម្រងផ្កា ​និង​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ដូច​រាល់​ឆ្នាំ។ លោក​ទទូច​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល ​រក​ឃាតក​ពិត​ប្រាកដ​ដែល​បាន​សម្លាប់​លោក​ជា វិជ្ជា​ ហើយ​ក៏​ស្នើ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​មក​លើ​មេដឹកនាំ​សហជីព​ផង​ដែរ៖ «ករណី​នេះ យើង​ស្នើសុំ​ឲ្យ​រក​ឃាតក​នេះ មាន​ន័យ​ថា វា​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព ​និង​អាយុជីវិត​របស់​លោក ជា វិជ្ជា ជា​ប្រធាន​សហជីព​មួយ ហើយ​ដែល​ពិភពលោក ​គ្រួសារ ​មិត្តភ័ក្ដិ និង​កម្មករ​ចង់​ឃើញ​យុត្តិធម៌»

ភរិយា​លោក ជា វិជ្ជា និង​អ្នក​ឃ្លាំមើល​មួយ​ចំនួន នៅ​តែ​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​របប​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ស្វែង​រក​ឃាតក​ពិត​នេះ គឺ​ដោយសារ​របប​នេះ ជា​អ្នក​នៅ​ក្រោយ​ខ្នង​ការ​សម្លាប់​លោក​ ជា​ វិជ្ជា​ ព្រោះ​លោក ជា វិជ្ជា គឺជា​វីរជន​កម្មករ និង​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​អាច​ទាញ​ទម្លាក់​ប្រជាប្រិយ​ភាព​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles