ព្រះសង្ឃ ​និងមេបក្សប្រឆាំង​​ផ្ញើសារ​អប់រំ​​ដល់​ពលរដ្ឋ​និង​អ្នកនយោបាយ​ក្នុងឱកាស​បុណ្យវិសាខបូជា

ដោយ មួង ណារ៉េត
2021-04-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះសង្ឃ ​និងមេបក្សប្រឆាំង​​ផ្ញើសារ​អប់រំ​​ដល់​ពលរដ្ឋ​និង​អ្នកនយោបាយ​ក្នុងឱកាស​បុណ្យវិសាខបូជា

បុណ្យពិសាខបូជានៅវត្តកែវមុនី ហៅវត្តគោករលួស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក វត្តកែវមុនី ហៅវត្តគោករលួស។


ថ្ងៃ ១៥កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២១ គឺជា​ថ្ងៃមួយ​ដែល​ពុទ្ធ​សាសនិក​នៅ​ទូទាំង​សកលលោក​រួម​ទាំង​កម្ពុជា​ផង ​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​ គឺ​វិសាខបូជា​។ ព្រះសង្ឃ​ និង​មេ​បក្ស​ប្រឆាំង ​លើកឡើង​ថា ​បុណ្យ​វិសាខបូជា​នេះ ​មានតម្លៃ​ និង​គុណ​ប្រយោជន៍​ដ៏​វិសេស​ដែល​រដ្ឋាភិបាល ​និង​ពលរដ្ឋ​ខ្មែរ​ គួរ​ចូល​រួម​លើកស្ទួយ​និង​ប្រតិបត្តិ​ឱ្យ​សាក​សមជា​ប្រទេស​ដែល​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។

វិសាខបូជា គឺជា​ពិធីបុណ្យ​មួយ​ធំ​បំផុត​ក្នុង​ចំណោម​បុណ្យ​ដទៃ​​ទៀត​​នៃ​​ព្រះ​ពុទ្ធ​សាសនា ពី​ព្រោះ​​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ បី​ នៃ​សម័យកាល​របស់​ព្រះ​សម្មា​សម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​​​​ព្រះ​អង្គ​​ទ្រង់​​បាន​ប្រសូត ​បាន​ត្រាស់​ដឹង និង​បរិនិព្វាន​។ ព្រឹត្តិ​ការណ៍​ទាំង​បី​នេះ​ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ១៥​កើត​ពេញ​បូណ៌មី​ ដែល​​មាន​​ព្រះ​ចន្ទ​​ពេញ​​វង់​​ក្នុង​​ខែ​​ពិសាខ​​ដូច​គ្នា ​ខុស​​តែ​​ឆ្នាំ​​ប៉ុណ្ណោះ។

ព្រះភិក្ខុ​សង្ឃ​មួយ​អង្គ​ គង់​នៅ​វត្ត​ឫស្សីសាញ់​ ក្នុង​រាជធានី​ភ្នំពេញ​ ព្រះតេជព្រះគុណ យិន រតនៈសុធាវី មាន​ថេរ​ដីកា​ថា ​វិសាខបូជា​នេះ ​មក​ពី​ពាក្យ​ថា “វិសាខ​បុណ្ណមីបូជា” ប្រែ​ថា ការ​បូជា​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ ខែ​ពិសាខ ហើយ​នៅ​ថ្ងៃ​នេះ ក៏​ជា​ថ្ងៃ​ឆ្លង​ពុទ្ធ​សករាជ​ថ្មី​ផ្លូវ​ការ​ផង​ដែរ។ ព្រះតេជ​ព្រះគុណ​បន្ត​ថា បុណ្យ​វិសាខបូជា​ មាន​អត្ថន័យ​ធំធេង​​មិន​​អាច​​កាត់​ថ្លៃ​បាន​នោះ​ទេ រហូត​ធ្វើ​ឱ្យ​អង្គការ​សហប្រជាជាតិ ​បានសម្រេច​ដាក់​បញ្ចូល​ជា​ទិវា​បុណ្យ​អន្តរជាតិ ​នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩​ ហើយ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​តាម​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​ជុំវិញ​ពិភពលោក​ទៀត​ផង។ ព្រះភិក្ខុ​អង្គ​នេះ ​ពន្យល់​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជា​ពិធីបុណ្យ​អន្តរជាតិ​នេះ ​ព្រោះ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ គឺ​អប់រំ​មនុស្ស​គ្រប់​រូប​ឲ្យ​ធ្វើ​អំពើ​ល្អ​ដោយ​កាយ​ វាចា ​ចិត្ត ​និង​លះ​បង់​ពើ​អាក្រក់ កុំ​បៀតបៀន​គ្នា​ដោយ​កាយ ​វាចា​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ៖ «ដាក់​អាវុធ​ចុះ ចាប់​យក​ព្រះធម៌ ដាក់​អាវុធ​ចុះ​ចាប់​យក​សន្តិភាព​នៅ​លើ​ពិភព​លោក។ ព្រះអង្គ​យក​តែ​ទ្រឹស្តី​អហិង្សា​ជា​ចម្បង​ហើយ​បាន អ្នក​ប្រាជ្ញ​ជំនាន់​ក្រោយ យក​តែ​ទ្រឹស្ដី​ព្រះពុទ្ធ​ទេ ទៅ​អនុវត្ត​ថា ខ្លួន​ជា​អ្នក​រក​ឃើញ ដូច​ជា​មហាត្មឹះ គន្ធី អី តាម​ពិត​គាត់​យក​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​តើ តែ​គាត់ យក​ទៅ​អនុវត្ត​ខ្លួន​ឯង​ទៅ គេ​ដាក់​ឈ្មោះ​គាត់​ទៅ តាម​ពិត​ទ្រឹស្ដី​ព្រះ​ពុទ្ធ​មាន​ហើយ»

Visak_Bochea_26_04_2021.jpg
ពន្លឺប្រទីបរៀងជាស្លឹកពោធិ៍ដែលត្រូវបានព្រះសង្ឃរៀបចំសម្រាប់ថ្វាយនៅថ្ងៃបុណ្យពិសាខបូជា។

ដោយសារ​ប្រទេស​កម្ពុជា​ កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ​ដូច្នេះ​នៅ​ឆ្នាំ​នេះ​ តាម​វត្តអារាម​នានា ​មិន​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​អធិកអធម​ដូច​រៀង​រាល់​ឆ្នាំ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្នុង​ឱកាស​បុណ្យ​វិសាខបូជា​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង​ លោក កឹម សុខា ​រួម​ទាំង​ប្រជាពលរដ្ឋ ​បាន​បង្ហោះ​សារ​ផ្សេងៗ គ្នា​ពាក់ព័ន្ធ​នឹង​ពិធី​បុណ្យ​ពុទ្ធសាសនា​មួយ​នេះ នៅ​លើ​ហ្វេស៊បុក (Facebook) រៀងៗ ខ្លួន។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បង្ហោះ​សារ​ថា បុណ្យ​វិសាខ​បូជា​នេះ គឺ​ជា​ពិធី​ពុទ្ធ​សាសនា​ដ៏​សំខាន់​បំផុត ​ក្នុង​ចំណោម​បុណ្យ​សាសនា​ដទៃៗ ទៀត ពីព្រោះ​ពិធី​បុណ្យ​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​គោរព​រំឭក​នឹក​ដល់​ព្រះពុទ្ធ ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បាន​ចូល​បរិនិព្វាន។ លោក ​បន្ត​ថា អង្គការ​សហ​ប្រជាជាតិ ​(UN) ​ក៏បាន​ប្រកាស​ទទួលស្គាល់​«វិសាខបូជា» ជា​ពិធី​បុណ្យ​សាសនា​អន្តរ​ជាតិ ដែល​បុគ្គលិក​ធ្វើ​ការ និង​សាធារណជន​អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូទាំង​ពិភព​លោក​ទៀត​ផង។ ជាមួយ​គ្នា​នេះ លោក​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឱ្យ​ជួប​តែ​សេចក្តី​សុខ​ចម្រើន និង​ពុទ្ធពរ​ទាំង ៥ប្រការ។

HunSen_Visak_Bochea_26_04_2021.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី (ម្តាយក្មេកលោក ហ៊ុន សែន) កាលពីខែសីហា ឆ្នាំ២០២០។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ លោក លើកឡើង​ថា ​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នេះ ​គឺ​មិន​មែន​គ្រាន់តែ​ឲ្យ​មនុស្ស​លោក​ចងចាំ​ថា គឺជា​ថ្ងៃ​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ ប្រសូត ត្រាស់​ដឹង និង​ចូល​ព្រះនិព្វាន​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អះអាង​ថា ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ជាពិសេស ជា​អ្នក​នយោបាយ ជា​អ្នក​ដឹក​នាំ​ប្រទេស ដែល​សម្រេច​គាំទ្រ​ឲ្យ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា «ព្រះពុទ្ធ​សាសនា​ជា​សា​សនា​របស់​រដ្ឋ» ត្រូវ​មាន​កាតព្វកិច្ច ​គោរព ​និង​ប្រតិបត្តិ​ឲ្យបាន​ត្រឹម​ត្រូវ​នូវ​ព្រះធម៌​នៃ​ព្រះពុទ្ធ​សាសនា​ ពោល​គឺ​មិន​ត្រឹម​តែ​ធ្វើ​ពិធី​សម្ដែង​រូបភាព​ខាង​ក្រៅ​នោះ​ទេ គឺ​ត្រូវ​ប្រតិបត្តិ​ទាំង​កាយ វាចា និង​ចិត្ត។ លោក ​លើក​ឧទាហរណ៍​ថា ​ការ​ប្រកាន់​ខ្ជាប់​នូវ​ទស​ពិត​រាជធម៌​ គឺ​ត្រូវ​មាន​អហិង្សា​ទាំង​សកម្មភាព​ផ្លូវកាយ ទាំង​សម្ដី​ ទាំង​ចិត្ត​ពិត​ផង។ ចំពោះ​ព្រហ្ម​វិហារធម៌ ត្រូវ​មាន​មេត្តា ​ករុណា ​ក្តី​ស្រឡាញ់​ អាណិត​ មិនមែន​ចំពោះ​តែ​ក្រុម​គ្រួសារ បក្ស​ពួក ឬ​ជា​ការ​សម្ដែង​ដើម្បី​ប្តូរ​នឹង​ផល​ប្រយោជន៍​ខ្លួន​នោះ​ទេ ហើយ​ឧបេក្ខា គឺ​ការ​តាំងចិត្ត​កណ្ដាល​ មិន​មែន​កណ្ដាល​តែ​សម្ដី​នោះ​ទេ ​គឺ​ដោយ​យុត្តិធម៌។

មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ ​ចាប់​ឃុំ​ខ្លួន​ និង​បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ រូប​នេះ​ អំពាវនាវ​ឲ្យ​យក​ទិវា​ដ៏​វិសេស​វិសាល គឺ​ថ្ងៃ​វិសាខ​បូជា​នេះ ​ត្រួតពិនិត្យ​ការ​ប្រព្រឹត្ត​រៀងៗ ខ្លួន​ឡើង​វិញ ​និង​គោរព​ប្រតិបត្តិ​ឲ្យ​ប្រពៃ​ឡើង​ទាំង​អស់​គ្នា កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​អវិជ្ជា ​ដូច​ជា លោភៈ ទោសៈ មោហៈ ជា​ដើម។ ​ជាចុងក្រោយ​ក្រៅ​ពី​ផ្ញើ​សារ ជូន​ពរ​ដល់​ពលរដ្ឋ​ លោក កឹម សុខា ក៏​អំពាវនាវ​ដល់​ប្រទេស​អ្នក​មាន សូម​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ផ្នែក​សុខភាព និង​ជីវភាព​ក្នុង​គ្រា​លំបាក​នេះ​ផង​ដែរ។ សារ​របស់​មេ​បក្ស​ប្រឆាំង​នេះ ​ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​ថា មាន​ខ្លឹមសារ​ជ្រាលជ្រៅ​នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា ​ខុស​ពី​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មានខ្លឹមសារ​សាមញ្ញ​ធម្មតា។

Kem_Sokha_26_04_2021_01.jpg
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។

ព្រះតេជព្រះគុណ យិន រតនៈសុធាវី សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ មន្ត្រីរាជការ ​អ្នក​នយោបាយ ​និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន នៅ​មិន​ទាន់​ឈ្វេង​យល់​ពី​ខ្លឹមសារ​សំខាន់ៗ​ នៃ​ពិធីបុណ្យ​វិសាខបូជា​ឲ្យ​បាន​ច្បាស់លាស់ និង​មិន​ទាន់​បាន​គោរព​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ។ ព្រះតេជព្រះគុណ​ បញ្ជាក់​ថា ​ការ​ផ្ញើ​សារ​ជូន​ពរ​គ្នា ឬ​និយាយ​ល្អ​តែ​នៅ​លើ​បបូរ​មាត់ ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ប្រសិន​បើ​ម្នាក់ៗ នៅ​តែ​បន្ត​សាង​អំពើ​អាក្រក់ ប្រាស់​ចាក​ពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ៖ «ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា នត្ថិ សន្តិ បរំ សុខំ ប្រែ​ថា ពុំ​មាន​សេចក្ដី​សុខ​ដទៃ ក្រៅ​ពី​សេចក្ដី​ស្ងប់​នេះ គឺ​សំដៅ​ទៅ​លើ​អ្នកនយោបាយ​គ្រប់ និន្នាការ​ទាំង​អស់​នៅ​ក្នុង​សង្គម​កម្ពុជា​យើង ដូច​នៅ​លើ​ពិភព​លោក ចេះ​ចាប់​ដៃ​គ្នា ចេះ​អត់​ឱន ចេះ​ស្រឡាញ់​គ្នា​ដោយ​ភាតរភាព ចេះ​ចែក​រំលែក​គ្នា នេះ​ទើប​បាន​ល្អ​ប្រសើរ»

ស្រដៀង​គ្នា​នេះ អ្នក​វិភាគ​នយោបាយ​ បណ្ឌិត ឡៅ ម៉ុងហៃ បង្ហោះ​សារ​នៅ​លើ​ទំព័រ ហ្វេសប៊ុក​(Facebook) របស់​លោក​ថា ប្រសិន​បើ​មាន​ការ​បដិបត្តិ អនុវត្ត និង​ធ្វើ​តាម ធម៌​របស់​ព្រះពុទ្ធ​ទាំង​ឡាយ​ច្រើន​ជាង​ការ​រៀបចំ​ពិធី​បុណ្យ នឹង​ជួយ​ឲ្យ​មនុស្ស​ឲ្យ​ចេះ​សហការ​គ្នា ឲ្យ​មាន​ចិត្ត​គំនិត​ល្អ វាចា​ល្អ ​និង​កាយវិការ​ល្អ។ លោក​ជឿ​ថា មនុស្ស​បែប​នេះ​នឹង​មាន​ទំនាក់​ទំនង​ល្អ​រវាង​គ្នា និង​គ្នា ​រស់នៅ​សុខ​សន្តិភាព​ជា​មួយ​គ្នា សហការ​រួបរួម​គ្នា​សាមគ្គី​គ្នា ដើម្បី​កសាង​សុភមង្គល​សម្រាប់​ម្នាក់ៗ និង​សម្រាប់​ទាំង​អស់​គ្នា​ជា​សង្គម​។ អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះ បន្ត​ថា ដូច​ដែល​ឃើញ​ជាក់​ស្ដែង​មនុស្ស​មាន​ចិត្ត​គំនិត​អាក្រក់ ​សំដី​សំដៅ​អាក្រក់ ​និង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​អាច​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា និង​គ្នា មិន​អាច​រស់​នៅ​ក្នុង​សុខ​សន្តិភាព​ជាមួយ​គ្នា មិន​អាច​សហការ​រួបរួម​គ្នា និង​មិន​អាច​សាមគ្គី​គ្នា​បាន​ទេ តែ​ខិតខំ​កសាង​សុភមង្គល​ ឬ​សេចក្ដី​សុខ​សម្រាប់​តែ​ខ្លួន​ឯង​ម្នាក់ៗ ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles