កម្ពុជា-សង្គម
28/04/2021 – 08:52
ដោយ៖ ញឹម សុផល
RFI

ក្រសួងការងារប្រកាសជាថ្មីថាកម្មករ និយោជិត ដែលបំរើការងារនៅក្នុងរោងចក្រកាត់ដេរ ដែលបានព្យួរក្នុងអំឡុងពេលនៃការរាត្បាតជំងឺកូវីដ-១៩ ត្រូវទទួលបានប្រាក់ខែតែ៥០%ប៉ុណ្ណោះ នៃខែមេសា។ ការទទួលបានប្រាក់ឈ្នួលពាក់កណ្តាលដូច្នេះ ក៏ព្រោះតែកម្មករ និយោជិត បានបំពេញការងារតែពាក់កណ្តាលខែ ហើយចាប់ពីថ្ងៃទី១៥ ខែមេសាមក ក៏ត្រូវព្យួរការងារមកទល់បច្ចុប្បន្ន។ ក៏ប៉ុន្តែការសម្រេចនេះ អ្នកសហជីពមិនអាចទទួលយកបានទេ ដោយសារការព្យួរពេលនេះ មិនមែនជាករណីប្រធានស័ក្តិ។
នៅក្នុងសន្និសីទកាសែត ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃពុធនេះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា អ្វីដែលកម្មករ និយោជិតទទួលបាន គឺយ៉ាងហោចណាស់ ប្រាក់ខែ៥០%នៃខែមេសា ខណៈពីថ្ងៃទី១ ដល់ថ្ងៃទី១៤មេសា កម្មករបានបំពេញការងារជាធម្មតា។
នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣០ខែមេសា ហើយពន្យារហូតដល់ដល់ពេលណាមួយនោះ ក្រសួងការងារ ក៏បានធ្វើការណែនាំដែរ ឲ្យក្រុមហ៊ុន សហគ្រាស ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មកររបស់ខ្លួនប្រកបដោយស្មារតីមនុស្សធម៌ និងសាមគ្គីភាព។
កាលពីសប្តាហ៍មុន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដល់សមាជិករបស់ខ្លួន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករ និយោជិត ខណៈនិយោជក ក៏បានអនុវត្តតាមច្បាប់ការងារផងដែរ គឺពួកគេមិនមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងអំឡុងពេលនៃការព្យួរការងារ ដែលនិយោជកចាត់ទុកថា កម្មករ និយោជិត មិនបានបំពេញកាតព្វកិច្ចការងារឲ្យពួកគេ។
ក៏ប៉ុន្តែប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ការផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្នរបស់រោងចក្រកាត់ដេរនៅពេលនេះ គឺនិយោជកត្រូវតែបង់ប្រាក់ឈ្នួលដល់កម្មករ និយោជិត ដោយសារផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ មិនមែនជាករណីប្រធានស័ក្តិនោះទេ។ លោកថា តាមទិដ្ឋភាពច្បាប់ ករណីប្រធានស័ក្តិទាល់តែមានការបញ្ជាក់ពីតុលាការកំពូល ដោយយោងមាត្រា៧១ និង៧២ នៃច្បាប់ស្តីពីការងារផងដែរ។
ទោះយ៉ាងណា ក្រសួងកាងារក៏បានឲ្យដឹងដែរថា ក្រសួងបានធ្វើការជាមួយអ្នកពាក់ព័ន្ធ ស្នើសុំទៅអ្នកបញ្ជាទិញកុំឲ្យផាកពិន័យទៅលើរោងចក្រ ឬបង្វែការបញ្ជាទិញទៅកាន់ប្រទេសដទៃផ្សេងទៀត អំឡុងពេលនៃការអាក់ខានសង្វាក់ផលិតកម្មពេលនេះ។ នេះបើតាម លោក ហេង សួរ។
សូមបញ្ជាក់ថា មកទល់ពេលនេះ រោងចក្រចំនួន២០៦ មានកម្មករឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន១៣៤រោងចក្រ នៅភ្នំពេញ ២៣រោងចក្រ នៅខេត្តកណ្តាល ២៦រោងចក្រនៅខេត្តតាកែវ ១៦រោងចក្រ នៅខេត្តព្រះសីហនុ ស្វាយរៀង ៤រោងចក្រ និងកំពង់ឆ្នាំង ១រោងចក្រ។ ដោយឡែកមានកម្មករសរុប ១៦៧៣នាក់ បានឆ្លងកូវីដ-១៩ ក្នុងនោះ ១ ៥៩៨នាក់ នៅភ្នំពេញ និងមានកម្មករជិត២ម៉ឺននាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក៕