កូវីដ-១៩, ព័ត៌មានជាតិ, សុខភាព
លោកស្រី ពេជ្រ សុធារី | ៣១ សីហា ២០២១ |ម៉ោង ១១:៣៦
VOD

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)
ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ”ដែលតា” ទៅលើពលរដ្ឋនិងអ្នកដំណើរមកពីក្រៅប្រទេសប្រមាណជិត២ ០០០នាក់។
យោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ប្រភេទ ដែលតា ចំនួន១ ៩១៦នាក់ ដែលជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីថៃនិងវៀតណាម ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនបរទេស បុគ្គលិករោងចក្រកាត់ដេរ ដូនជីនៅវត្ត និងសិស្ស។
ក្រសួងបន្តថា បច្ចុប្បន្ន វីរុសកូវីដ-១៩បំប្លែងថ្មីនេះបានឆ្លងរាលដាលដល់រាជធានី-ខេត្តចំនួន២៣ លើកលែងតែខេត្តកែប និងខេត្តក្រចេះ។
ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ននិងការពារខ្លួន ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ជាពិសេសចៀសវាងការប្រមូលផ្តុំមនុស្សច្រើន។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩២ ៦១៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៨៨ ៤៤៣នាក់ អ្នកស្លាប់កើនដល់ចំនួន១ ៨៩២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ០២៩នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។