ទំនាក់ទំនងអន្តរជាតិ, ព័ត៌មានជាតិ
លោក ញឹម សុខន | ០៧ មីនា ២០២២ | ម៉ោង ១០:៥៧
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរថា នឹងមិនផ្ដល់ឱកាសណាមួយឱ្យពលរដ្ឋស្ម័គ្រចិត្តទៅធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងវាយលុកដោយមហាអំណាចរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះទេ ដោយសម្អាងថា ជម្រើសនេះ ដើម្បីទប់ស្កាត់កុំឱ្យភ្លើងសង្គ្រាមកាន់តែរីករាលដាល។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ប៉ុន្មានថ្ងៃមកនេះ ពលរដ្ឋកម្ពុជា មានទាំងកូនក្មេងផង បានចាប់អារម្មណ៍ទៅនឹងសង្គ្រាមដែលបានកើតឡើងដោយការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែលោកថា សម្រាប់រដ្ឋាភិបាលនឹងមិនផ្ដល់ឱកាសណាមួយឱ្យមានការស្ម័គ្រចិត្តចូលបម្រើជាកងទ័ព ដើម្បីទៅជួយអ៊ុយក្រែននោះទេ។
លោកគូសបញ្ជាក់ថា រដ្ឋាភិបាលអនុញ្ញាតតែកងទ័ពមួកខៀវ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ ដូចជា កងទ័ពមួយខៀវដែលកំពុងមានវត្តមាននៅប្រទេសស៊ូដង់ ជាដើម ។
លោកថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងកុំឱ្យឈានហួស រហូតទៅដល់ស្ម័គ្រចិត្តសុំធ្វើទាហានទៅជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន។ ខ្ញុំមិនផ្ដល់ឱកាសឱ្យទៅទេ ព្រោះទី១ ទៅហ្នឹងអត់មានអីដឹកទៅទេ ហើយទី២ កុំយកសាំងទៅចាក់លើភ្លើង»។
បន្ថែមពីនេះ មេដឹកនាំកម្ពុជាបញ្ជាក់ថា កម្ពុជាមិនគាំទ្រការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននោះទេ តែកម្ពុជាអំពាវនាវឱ្យមានការចរចាមួយ ដើម្បីបញ្ចៀសការស្លាប់ ឈរលើយន្តការសមហេតុផលដែលអាចទទួលយកបានទាំងសងខាងក្នុងរយៈពេលវែង៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។