ទំនាក់ទំនងអន្តរជាតិ, នយោបាយ, ព័ត៌មានជាតិ
កញ្ញា ឃ្លាំង គីមហួយ | ០៧ មីនា ២០២២ | ម៉ោង ១១:៣១
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ទាមទារឱ្យសហរដ្ឋអាមេរិកពិចារណាលើការកំណត់ថ្ងៃប្រជុំកំពូលអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅចុងខែមីនានេះ ដោយហេតុថាមានប្រទេសជាសមាជិកសមាគមមួយនេះចំនួន៣ មិនអាចទៅចូលរួមកិច្ចប្រជុំនៅថ្ងៃនោះបាន។
តាមគម្រោង កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែមីនានេះ ប៉ុន្តែក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសនេះនៅឡើយទេ។
លោកថា មិនទាន់ឯកភាព ដោយសារមានប្រទេសជាសមាជិកអាស៊ានចំនួន៣ ស្នើឱ្យប្ដូរពេលវេលា ក្នុងនោះក៏មានប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលកិច្ចប្រជុំនេះផងដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ប៉ុន្តែសង្ឃឹមថា អាស៊ានជាមួយនឹងអាមេរិកនឹងរកនូវពេលវេលាសមស្របសម្រុះសម្រួលគ្នានៅខែនេះ សម្រាប់ប្រធានអាស៊ានពេលណាក៏បាន យើងអាចសម្រួលបាន»។
លោក ហ៊ុន សែន បន្ថែមថា ចាប់ពីពាក់កណ្ដាលខែឧសភា រហូតដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលលោកនាយករដ្ឋមន្ត្រីថាមិនអាចចេញទៅក្រៅប្រទេសបានឡើយ។
លោកបន្តថា៖ «ព្រោះពេលហ្នឹង គឺពេលកម្ពុជាបោះឆ្នោត ហើយខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំដើរចោលប្រទេសម៉េចបាន ដើរចោលប្រទេសអត់បានទេ»។
មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានប្រចាំវិមានប្រធានាធិបតីអាមេរិក អ្នកស្រី Jen Psaki បានប្រកាសព័ត៌មានកាលពីថ្ងៃ២៨ ខែកុម្ភៈ ថាប្រធានាធិបតីអាមេរិកនឹងស្វាគមន៍មេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ និង២៩ ខែមីនា ខាងមុខនេះ។ ប៉ុន្តែមន្ត្រីរូបនេះបញ្ជាក់ថា អាមេរិកនឹងគោរពតាមការសម្រេចរបស់អាស៊ាន ដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញមេដឹកនាំរបបយោធាភូមា លោក មីន អ៊ុងឡាំង ចូលរួមប្រជុំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នេះឡើយ៕
ចូ បៃឌិន, ហ៊ុន សែន, អាមេរិក, អាស៊ាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។