ព័ត៌មានជាតិ, យេនឌ័រ, សិទ្ធិមនុស្ស
លោក សុត បាន | ០៧ មីនា ២០២២ | ម៉ោង ១៦:២៤
VOD

សកម្មភាពសហគមន៍ការពារធនធានធម្មជាតិ ខេត្តពោធិ៍សាត់ ប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)
ប្រជាសហគមន៍នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្ហាញការខកចិត្តដែលអាជ្ញាធរស្រុកមិនអនុញ្ញាតឱ្យពួកគាត់រៀបចំទិវាសិទ្ធិនារី ដើម្បីបង្កើនការយល់ដឹង ដោយអាជ្ញាធរសម្អាងហេតុផលថា បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ខណៈគណបក្សនយោបាយបន្តជួបជុំបាន ហើយពិធីមង្គលការនិងបុណ្យនៅតែដំណើរការធម្មតា។
តំណាងសហគមន៍ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ លោក គុជ វេង បានប្រាប់សារព័ត៌មាន វីអូឌី ថ្ងៃចន្ទនេះថា មូលហេតុដែលពួកគាត់រៀបចំទិវាសិទ្ធិនារីពេលនេះ ដោយចង់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដែលបច្ចុប្បន្នកំពុងកើតឡើងច្រើនលើស្ត្រីនៅក្នុងតំបន់ដែលគាត់រស់នៅ។ មួយទៀត លោកថា សហគមន៍ចង់ឱ្យបុរសមានការយល់ដឹងកើនឡើង និងឱ្យតម្លៃលើស្ត្រី។

លោកនិយាយថា៖ «ពេលស្ត្រីលើកយកបញ្ហាអី លើកមកនិយាយអ៊ីចឹងទៅ បុរសតែងថាអ្នកឯងមិនដឹងខ្យល់ មិនអីអ៊ីចឹង! បញ្ហាច្រើនមែនទែន អាអំពើហិង្សាក្នុងគ្រួសារ ជាពិសេសបុរសផ្សេងៗ ភាពជាអ្នកដឹកនាំ និយាយទៅសូម្បីតែអាជ្ញាធរមួយចំនួនក៏មិនសូវឱ្យតម្លៃស្ត្រីដែរ ដោយគាត់ថា ស្ត្រីមិនអាចដឹកនាំប្រទេស មិនអាចដឹកនាំប្រជាពលរដ្ឋអីបានទេ គិតតែឆ្នាំងបាយបានហើយ»។
លោក គុជ វេង ឱ្យដឹងថា សហគមន៍នេះបានដាក់លិខិតទៅមេឃុំក្បាលត្រាច ក្នុងស្រុកក្រគរ កាលពីថ្ងៃទី១ ខែមីនា ដើម្បីរៀបចំទិវានេះនៅថ្ងៃទី៦ ខែមីនា ដែលគ្រោងមានអ្នកចូលរួម១៥០នាក់។ ប៉ុន្តែលោកថា អាជ្ញាធរថ្នាក់ឃុំបានសួរដេញដោល ហើយរុញបន្តឱ្យទៅសុំដល់អាជ្ញាធរស្រុក ហើយសហគមន៍ក៏បានបន្តដាក់លិខិតទៅស្រុក ប៉ុន្តែដល់ថ្ងៃរៀបចំពិធី បែរជាអាជ្ញាធរឃុំប្រាប់ថាមិនអនុញ្ញាតទេ ព្រោះបារម្ភឆ្លងរាលដាលមេរោគកូវីដ-១៩។
ប្រជាសហគមន៍ម្នាក់ទៀត លោក ឡោ វី បង្ហាញការខកចិត្តថា អាជ្ញាធរហាក់មិនចង់ឱ្យប្រជាពលរដ្ឋមានការយល់ដឹងទេ ព្រោះកម្មវិធីជួបជុំផ្សេងដែលមានមនុស្សច្រើននៅបន្តអនុញ្ញាត ប៉ុន្តែការជួបជុំដែលផ្សព្វផ្សាយពីសិទ្ធិនិងច្បាប់បែរជាមិនអនុញ្ញាត។
លោកថា៖ «អាជ្ញាធរលម្អៀង ហេតុអីខ្ញុំថាលម្អៀង? ព្រោះខាងគណបក្ស ដើរជួបជុំ ប្រជុំ ចែកស្ករប៊ីចេងរាល់ថ្ងៃបាន តែខាងខ្ញុំសហគមន៍សុំរៀបចំកម្មវិធីនេះ គេមិនឱ្យធ្វើទេ យកលេសកូវីដ។ ហើយកម្មវិធីការបុណ្យរៀបបានធម្មតា ហើយហេតុអ្វីខាងខ្ញុំគ្រាន់តែរៀបចំប៉ុណ្ណឹងគាត់មិនឱ្យធ្វើអ៊ីចឹង?»
មេឃុំក្បាលត្រាច លោកស្រី ឌឹម សាមឿន សុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយបង្វែរឱ្យសួរទៅខាងអាជ្ញាធរស្រុកវិញ។
លោកស្រីថា៖ «ខ្ញុំអត់ដឹងទេ! លោកទាក់ទងទៅមេ [អភិបាលស្រុក] ទៅ ខ្ញុំឱ្យលេខ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលស្រុកក្រគរ លោក លី សេងហ៊ីម បានទេ នៅថ្ងៃនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការហាមឃាត់របស់អាជ្ញាធរមិនឱ្យជួបជុំ សំដៅលើតែសកម្មជន តំណាងសហគមន៍ ដែលសកម្មក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់សហគមន៍ ដែលករណីនេះបង្ហាញពីការើសអើងនិងការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលផ្ទុយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។
លោកថា៖ «អ៊ីចឹងបើព្រួយបារម្ភការរាលដាល [ជំងឺកូវីដ-១៩] គួរតែចុះទៅជួយរៀបចំណែនាំឱ្យធ្វើការអនុវត្តគោរពទៅតាម ៣កុំ ៣ការពារ ហ្នឹងទៅ។ ហើយបើហាមឃាត់មិនឱ្យធ្វើពិធី និងបា្ររព្ធពិធី ៨មីនាហ្នឹង គួរតែហាមឃាត់ពិធីផ្សេងៗទៀត ឬណែនាំពិធីផ្សេងៗទៀត ឱ្យគោរពទៅតាមគោលការណ៍ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលអ៊ីចឹងទៅ មិនគួរណារឹតត្បិតរហូតពួកគេមិនអាចបា្ររព្ធពិធីបានបែបហ្នឹងទេ»។
តំណាងសហគមន៍ការពារធនធានធម្មជាតិប្រចាំស្រុកក្រគរ លោក គុជ វេង ឱ្យដឹងថា ពួកគាត់គ្រោងរៀបចំទិវាសិទ្ធិនារី នៅថ្ងៃទី៦ ខែមីនា ខួបទី១១១នេះ ដែលធ្វើក្នុងបរិវេណវត្តកបិលមហាព្រហ្ម (វត្តក្បាលត្រាច) ដោយមានពលរដ្ឋចូលរួមចំនួន១៥០នាក់ មកពីឃុំចំនួន៦ ក្នុងនោះមានឃុំឈើតុំ ឃុំត្នោតជុំ ឃុំស្នាអន្សារ ឃុំអន្សារកំបក់ ឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។