ដោយ ម៉ៅ សុធានី
2022-03-23
RFA

Capitol Hill វិមានរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រូប៖ Leng Maly/RFA 06/27/20
ប្រធាន និងសមាជិកអនុគណៈកម្មាធិការអាស៊ីខាងកើត នៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក បានស្វាគមន៍គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាដែលបានសម្រេចឆ្លងសេចក្តីសម្រេចការរំលឹកឡើងវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាមូលដ្ឋានគ្រឹះបញ្ចប់សង្គ្រាមស៊ីវិល ដំណើរការប្រជាធិបតេយ្យ និងអធិបតេយ្យភាពកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមរបស់សមាជិកព្រឹទ្ធសភាចំនួន៤នាក់ ដែលចេញកាលពីថ្ងៃទី២៣ ខែមីនា ឱ្យដឹងថា ពួកគេស្វាគមន៍ចំពោះចំណាត់ការឆ្ពោះទៅមុខរបស់គណៈកម្មការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក ក្នុងការជំរុញការរំឮកឡើងវិញពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានអាយុកាល៣០ឆ្នាំហើយ មកដល់ពេលនេះ។
សេចក្ដីសម្រេចលេខ ៤២៧ ឬ S.RES. 427 បញ្ជាក់ពីការរំឮក ឬផ្ដល់តម្លៃទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សេចក្ដីសម្រេចដដែលនេះអំពាវនាវដល់ភាគីពាក់ព័ន្ធជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះទាំងអស់ត្រូវបំពេញឱ្យបានការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឱ្យកម្ពុជាមានសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។
ប្រធានអនុគណៈកម្មាធិការអាស៊ីខាងកើត លោក អិត ម៉ាឃី (Ed Markey) និងសមាជិកព្រឹទ្ធសភាលោក មីត្ត រ៉ូមនី (Mitt Romney) លោក បុប មេណិនដេហ្ស៍ (Bob Menendez) និងលោក ជីម រីសច៍ (Jim Risch) បានដាក់សេចក្តីស្នើសុំសេចក្ដីសម្រេចនេះ កាលពីខែតុលា ឆ្នាំ២០២១ ហើយរំពឹងថា ព្រឹទ្ធសភា នឹងអនុម័តសេចក្តីសម្រេចនេះទាំងស្រុងនៅពេលខាងមុខនេះ។ សេចក្ដីសម្រេចមិនមែនជាច្បាប់នោះទេ។ វាគ្រាន់តែជាការបង្ហាញពីការចាប់អារម្មណ៍រួមរបស់សមាជិកព្រឹទ្ធសភាទៅលើបញ្ហាអ្វីមួយ។
លោក ម៉ាឃី លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាពកម្ពុជា នៅក្រោយសង្គ្រាមស៊ីវិល។ លោកបន្តថា លោក ហ៊ុន សែន បានរំលោភលើគោលការណ៍គ្រឹះទាំងនោះ ដែលមិនត្រឹមតែគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះទេ គឺគំរាមកំហែងដល់មូលដ្ឋានកសាងសន្តិភាព ដែលកើតចេញពីកិច្ចព្រមព្រៀងនេះ។
ក្រុមសមាជិកព្រឹទ្ធសភាទាំងនេះអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន រក្សាតម្លៃនិងអនុវត្តទៅតាមការប្ដេជ្ញាចិត្តជាសកលរបស់ខ្លួនចំពោះប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអព្យាក្រឹតភាព។
សមាជិកព្រឹទ្ធសភាអាមេរិក លោក អិត ម៉ាឃី (Ed Markey) កាលពីខែតុលា ឆ្នាំ២០២១ ដែរនោះ បានដាក់ស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន ឬ S.3052 ដែលសេចក្ដីស្នើច្បាប់នេះក៏កំពុងស្ថិតក្នុងដៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក។ សេចក្ដីស្នើច្បាប់នេះមានគោលដៅស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ទណ្ឌកម្មរបស់ច្បាប់នោះ គឺដៅចំពោះបុគ្គលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយត្រូវបង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យចូលដីអាមេរិកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
OH….WOW they what will they do to my SAMDACH EY .. I quest he will escape to RASSA because PUTIN is one of his best friend .