ដោយ អាស៊ីសេរី
2022.06.05
RFA

ទិដ្ឋភាពការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀនម្នាក់ ក្រោយពីពួកគាត់ទៅឃ្លាំមើល ការបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយកន្លែង ក្នុងឃុំព្រែកអំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៥ មិថុនា។
សកម្មជនគណបក្សភ្លើងទៀន ខេត្តកណ្តាល លោក ទិត្យ សារ៉ន ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនលោក យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលជាង ៣ម៉ោង ដោយសារតែលោកថតរូបភាព មេភូមិ និងសមាជិកភូមិ កាន់បញ្ជីឈ្មោះពលរដ្ឋ ដើម្បីគូសឈ្មោះពលរដ្ឋណា ទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខាងមុខការិយាល័យបោះឆ្នោតមួយកន្លែង ក្នុងឃុំព្រែកអំពិល។ លោកចាត់ទុក ទង្វើរបស់មេភូមិព្រែកក្របៅ និងមន្ត្រីភូមិមួយចំនួន គឺជាសកម្មភាពគំរាមកំហែងស្មារតីពលរដ្ឋ នៅមុនពេលចូលទៅបោះឆ្នោត។
លោកបន្ថែមថា សមត្ថកិច្ចចម្រុះរាប់សិបនាក់ និងមន្ត្រីគជប ឃុំព្រែកអំពិល បានព្រមានលោកឱ្យធ្វើកិច្ចសន្យា ហើយចោទប្រកាន់លោកថា ឆាឆៅការបោះឆ្នោតរបស់ពលរដ្ឋ៖ «គេប្រើកម្លាំងសមត្ថកិច្ច ០៦ និង ០៧នាក់ ចាប់ខ្ញុំដាក់ម៉ូតូ ខ្ញុំប្រាប់ថា ខ្ញុំចេះឡើងហើយ បើចង់ មិនពិបាកទេ មកច្រានអីទៀត។ ខ្ញុំប្រាប់ថា ខ្ញុំចេះឡើងម៉ូតូហ្នឹងហើយ។ មុនដំបូងគេដាក់សម្ពាធយើង ដល់ពេលសួរចុះឡើង គេសួរពីយើង ពីគ្រួសារយើងកើតអី បង្ករឿងអីចឹង នៅណា? មូលហេតុអីបានយើងចូលក្នុងហ្នឹងបង្ករឿង។ វាអាចជាការគំរាមកំហែង ដោយសារកន្លែងហ្នឹងក្តៅគគុក គេអត់ចង់ឱ្យមានគណបក្សភ្លើងទៀនចូលរួមទេបង»។
លោក ទិត្យ សារ៉ន បន្ថែមថា សមត្ថកិច្ចបានដោះលែងលោកវិញ នៅម៉ោងជាង ១១ព្រឹក ថ្ងៃទី៥ មិថុនា ក្រោយពីសួរនាំជាច្រើនម៉ោង។ លោកបញ្ជាក់ថា សមត្ថកិច្ចចម្រុះ រួមទាំងមន្ត្រីអាវុធហត្ថស្រុក និងអធិការស្រុក បានចោមរោមលោកដូចស្រមោច បំណងគំរាមកំហែងលោក ក្នុងពេលលោកទាមទារឱ្យបញ្ឈប់សកម្មភាពរបស់មេភូមិព្រែកក្របៅ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមេភូមិព្រែកក្របៅ និងអធិការស្រុកអង្គស្នូល ខេត្តកណ្តាល ដើម្បីសុំអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី ០៥ មិថុនា។
ប៉ុន្តែនគរបាលម្នាក់ ឈ្មោះ បញ្ញា ដែលធ្វើការនៅប៉ុស្តិ៍នគរបាលព្រែកអំពិល បានកត់ត្រា ក្នុងកំណត់ហេតុសមត្ថកិច្ច ដោយចោទប្រកាន់សកម្មភាពរបស់លោក ទិត្យ សារ៉ន ថា ជាទង្វើឆាឆៅ ដល់ដំណើរការបោះឆ្នោត។ មន្ត្រីនគរបាលរូបនេះ បានតម្រូវឱ្យសកម្មជនគណបក្សភ្លើងទៀនម្នាក់នេះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការនិកហ្វិក លោក សំ គន្ធាមី ពន្យល់ថា នីតិវីធីបោះឆ្នោតមិនអនុញ្ញាតឱ្យមេភូមិ និងមន្ត្រីភូមិនៅក្បែរការិយាល័យបោះឆ្នោតនោះឡើយ។ លោកបញ្ជាក់ថា អាជ្ញាធរភូមិ មានសិទ្ធិនៅក្រៅរបងបោះឆ្នោត ឆ្ងាយដាច់ដោយឡែកពីការិយាល័យបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
this is what I call mission to kill the election in 2023 .