មេធាវីរបស់កញ្ញា សេង ធារី ត្រូវបានអនុញ្ញាតិឱ្យចូលជួនកូនក្តីនៅពន្ធធនាគារខេត្តព្រះវិហារ

កម្ពុជា-ច្បាប់
21/06/2022 – 08:39
ដោយ៖ អោ ស្រីពេជ្រ
RFI

កញ្ញា សេង ធាវី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា © សហការី


លោក ជូង ជូងឺ មេធាវីការពារក្តីកញ្ញា សេង ធារី ឬ សេង ច័ន្ទធារី​ នៅព្រឹកថ្ងៃ​អង្គារ​នេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ​ ​ ទើប​​ហៅទូរស័ព្ទមក អនុញ្ញាតិ​ឱ្យ​លោក​ចូលជួប​កូនក្តីនៅពន្ធធនាគារខេត្ត​ព្រះវិហារបាន ក្រោយដាក់ពាក្យស្នើសុំ​កាលពីថ្ងៃចន្ទ។ ​ការអនុញ្ញាតិរបៀបនេះធ្វើឱ្យ​​លោកមេធាវីរារែកចិត្ត​​ចំពោះដំណើរទៅជួបកញ្ញា សេង ធារី តែមន្ត្រីនាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារ​ធានា​ថា ​លោកមេធាវី​នឹងមិនត្រូវបានរារាំងទៀត​ឡើយ​។

មួយថ្ងៃ​បន្ទាប់ពីលិខិតស្នើសុំជួបកញ្ញា សេង ធារី បានដល់ដៃអគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគារ​របស់​ក្រសួង​មហាផ្ទៃ លោក ជូង ជូងឺ មេធាវី​ការពារក្តីឱ្យ​​កញ្ញា​ សេង ធារី នៅទី​២១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា លោកត្រូវបានអនុញ្ញាតិ តាមខ្សែទូរស័ព្ទ ឱ្យ​ចូលជួបកូនក្តីខ្លួននៅ​ពន្ធធនាគារខេត្ត​ព្រះវិហារ។ បើតាមលោកមេធាវី ការអនុញ្ញាតិជំនួសឱ្យការលាយល័​​ក្ខជាអក្សរបែបនេះ ​ធ្វើឱ្យលោករារែកចិត្ត​​ឈានជើងចេញដំណើរទៅជួបកូនក្តីលោក​​។ ​លោករារែកចិត្ត​ដោយមូលហេតុថា ទោះបីលោកជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី តែលោកត្រូវបានហាមឃាត់មិនអោយចូលជួប​កូនក្តីខ្លួន​នៅពន្ធធនាគារ​ឡើយ ចាប់តាំងពីនាងត្រូវបានចាប់និងឃុំខ្លួនកាលពីសប្តាហ៍មុន ក្រោមហេតុផល​បារម្ភពី​អសន្តិសុខសណ្តាប់ធ្នាប់​​។

លោក ជូង ជូងឺ មេធាវីការពារក្តីកញ្ញា សេង ធារី បាន​ស្នើឱ្យ​មានជាលិខិត​អនុញ្ញាតិចូលជួបកូនក្តី​​ពី​អគ្គនាយកដ្ឋានពន្ធធនាគារ។​ ហើយលោកទទួលបានការឆ្លើយតបនោះ​ថា នាម​ជា​មេធាវី​​ លោក ជូង ជូងឺ ​មានសិទ្ធិស្របច្បាប់ចូលជួបកូនក្តីគ្រប់ពេល ពុំចាំបាច់មាន​លិខិតអ្វីទាំងអស់។

លោកមេធាវីថា លោកមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់​ជួបកញ្ញា សេង ធារី នៅឡើយទេ តែលោកនឹងព្យាយាម​ទៅឱ្យ​ឆាប់រហ័ស ដើម្បីបានដឹងពីស្ថានភាពសុខភាពការរស់នៅ​របស់នាង និងការផ្តល់ការប្រឹក្សាផ្នែកច្បាប់​។ បន្ថែមពីនេះ លោកមេធាវី​ថា ពាក្យបែបបទប្តឹងជំទាស់​ទៅសាលាឧទ្ធរណ៍​ និងលិខិតផ្ទេរ​នាង​មកពន្ធធនាគារព្រៃស នៅរាជធានីភ្នំពេញ​វិញ នឹងត្រូវរៀបចំឡើង បន្ទាប់ពី​លោកបានជួប​និង​និយាយជាមួយ​កូនក្តី។

អ្នកនាំពាក្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគាររបស់​ក្រសួង​មហាផ្ទៃ លោក នុត សវនា នៅថ្ងៃទី​២១មិថុនា ឆ្នាំ​២០២២ តាមរយៈវិទ្យុបារាំងអន្តរជាតិ បានធានាថា លោកមេធាវី​ ជូង ជូងឺ នឹងត្រូវបាន​​អនុញ្ញាតិឱ្យចូលជួប​កញ្ញា សេង ធារី ដោយគ្មានការរារាំងអ្វីទាំងអស់។ លោកអ្នកនាំពាក្យបញ្ជាក់ថា ក្រោយទទួលការណែនាំពី​លោក​ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់​ក្រសួងមហាផ្ទៃ លោកបាន​ប្រាប់ទៅ​ប្រធានពន្ធធនាគារ​​ខេត្តព្រះវិហារ​ឱ្យ​អនុញ្ញាតិរួចរាល់ហើយ​​។

សូមជម្រាបថា កញ្ញា សេង ធារី មេធាវីសញ្ជាតិអាមេរិកាំងបានបញ្ជូនឃុំ​ខ្លួន នៅ​ពន្ធធានាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែ​​មិថុនា ឆ្នាំ​២០២២ ក្រោមមូលហេតុ បញ្ចៀសកុំឱ្យមានបាតុកម្មតវ៉ានៅខាងក្រៅពន្ធនាគារដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់នៅក្រៅឃុំ។ បន្ទាប់ពីតុលាការប្រកាសកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍៩វិច្ឆិការបស់លោក សម រង្ស៊ី និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ពន្ធនាគារព្រៃសកាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២៕

What Next?

Recent Articles

One Response to "មេធាវីរបស់កញ្ញា សេង ធារី ត្រូវបានអនុញ្ញាតិឱ្យចូលជួនកូនក្តីនៅពន្ធធនាគារខេត្តព្រះវិហារ"

  1. Anonymous says:

    please be a wear about HUN SEN communist monster trick . we know world community will not let this monster go free in this SENG SARY case