Aljazeera៖ អ្នកជំនួញចិនដែលពាក់ព័ន្ធ​រឿងឆបោកធ្លាប់​​​ផ្តល់យន្តហោះទំនើបជូន​លោក ហ៊ុន សែន ទៅប្រជុំនៅ​ញូយ៉ក

ព័ត៌មានជាតិ សន្តិសុខ
កញ្ញា ប៉ា សុខេង | ១៨ កក្កដា ២០២២ | ម៉ោង ១៩:០៦
VOD

montage-banner-1024x630

សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានអះអាងថា​ អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលមួយរូបដែលពាក់ព័ន្ធសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិ​ ធ្លាប់បានផ្តល់យន្តហោះទំនើបជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

ការអះអាងនេះធ្វើឡើង តាមរយៈព័ត៌មានស៊ើបអង្កេតរបស់ អាល់ចាហ្ស៊ីរ៉ា(Aljazeera) ដែលចេញផ្សាយជាជាវីដេអូប្រវែងជាង ៤០នាទី ​កាលពីថ្ងៃទី ១៤ ខែកក្កដា មានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves»«ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា»

“Aljazeera៖ អ្នកជំនួញចិនដែលពាក់ព័ន្ធរឿងឆបោកធ្លាប់ផ្តល់យន្តហោះទំនើបជូនលោក ហ៊ុន សែន ទៅប្រជុំនៅញូយ៉ក”


វីដេអូនោះបានរៀបរាប់ពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិននៅ​កម្ពុជា និងបណ្តាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានអន្តរជាតិបន្តថា ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិនកំពុងលួចយកលុយរាប់សិបពាន់លានដុល្លារពីជនរងគ្រោះជុំវិញពិភពលោក។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា មនុស្សរាប់ពាន់នាក់ដែលប្រតិបត្តិការក្លែងបន្លំទាំងនេះ ក៏ជាជនរងគ្រោះដែរ។ អាល់ចាហ្ស៊ីរ៉ា អះអាងថា បុរស​និង​ស្ត្រី​វ័យ​ក្មេងជាច្រើននាក់​ត្រូវ​បានគេបង្ខំឱ្យ​ធ្វើ​ជា​ទាសករ ធ្វើ​ទារុណកម្ម និង​បង្ខំ​ឱ្យ​ឆរបោក​នៅ​ក្នុង​ប្រទេស​ជាច្រើនដូច​ជា​កម្ពុជា។

នៅក្នុងរបាយការណ៍ព័ត៌មានស៊ើបអង្កេតនេះ​ បាន​រកឃើញថា ក្រុមទាសករតាមអ៊ីនធឺណិតរបស់ជនជាតិចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងលាតត្រដាងនូវជនមានអំណាច និងបុគ្គលពាក់ព័ន្ធដែលបានការពារជនជាតិចិនទាំងនោះ។

ជនរងគ្រោះបានអះអាងប្រាប់ Aljazeera ថា គាត់ត្រូវបានបង្ខាំងនៅអាគារ China Town ខេត្តព្រះសីហនុ។

បើតាម Aljazeera អ្នកជំនួញជនជាតិចិនមានឥទ្ធិពលមួយរូប លោក​ តុង លីឆឹង (Dong Lecheng) ជាជនសំខាន់ជាប់ពាក់ព័ន្ធនឹងគម្រោងអគារ China Town នៅខេត្តព្រះសីហនុ​។

តាមរយៈរូបថតដែលព័ត៌មាននេះបង្ហាញ ឃើញថា លោក​ តុង លីឆឹង ​ បានភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា ដូចជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ម៉ែន សំអន អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​​មេ​បញ្ជា​ការ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ លោក ហ៊ីង ប៊ុនហៀង និងបុគ្គលមានតួនាទីខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនទៀត។

សារព័ត៌មានអន្តរជាតិ Aljazeera បន្តថា លោក Dong Lecheng មានជំនួញជាច្រើននៅកម្ពុជា ដូចជាជំនួញជាមួយសែស្រឡាយ​សមាជិកព្រឹទ្ធសភា លោក កុក អាន។ ក្រៅពីនេះ លោកក៏មានធនាគារ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ខណៈកាលពីឆ្នាំ២០១៨ លោក​បានផ្តល់យន្តហោះដ៏ទំនើបដើម្បីជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រជុំនៅសហរដ្ឋអាមេរិកថែមទៀតផង។

Aljazeeraអះអាងថា៖ «នៅកម្ពុជា លោក Dong Lecheng ធ្វើជំនួញជាមួយបុគ្គលមួយរូបដែលមានឈ្មោះថា រស្មី [Rithy Raksmei] ដែលត្រូវបានស្គាល់ថាជាសាច់ញាតិរបស់សមាជិកព្រឹទ្ធសភា លោក កុក អាន។ ក្រៅពីជំនួញខាងលើនេះ គាត់ក៏កាន់កាប់ជំនួញផ្សេងទៀតដែលរួមមានធនាគារ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ នៅឆ្នាំ២០១៨ គាត់ថែមទាំងបានផ្តល់យន្តហោះដ៏ទំនើបដើម្បីជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីហែហមរបស់លោក ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កទៀតផង»។

សារព័ត៌មានអន្តរជាតិ Aljazeera ថា នៅមានជនរងគ្រោះដែលត្រូវបានគេឆរបោករាប់ពាន់នាក់ទៀតកំពុងរង់ចាំឱកាសមានសេរីភាព ខណៈទាសករតាមអ៊ីនធឺណិតដែលបង្កដោយជនជាតិចិនកើតឡើងនៅប្រទេសដែលមានអំពើពុករលួយឥតដែនកំណត់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា លោកមិនទាន់បានឃើញវីដេអូព័ត៌មានជាង ៤០នាទីរបស់ Aljazeera នៅឡើយទេ។ យ៉ាងណា លោកចាត់ទុកថា នេះជាព័ត៌មានប្រទូស្តរាយតែប៉ុណ្ណោះ។ លោកបានប្រៀបធៀបថា ក្រុមខ្លះចង់ធ្វើបាបកម្ពុជា ពោលគឺចង់សម្លាប់ឆ្កែ ក៏ចោទថាឆ្កែនោះឆ្កួត។

លោកថា៖«ស្ថិតនៅក្នុងអ្វីដែលសមត្ថកិច្ចកម្ពុជា កំពុងតែស្រាវជ្រាវដែរទេ។ ចង់និយាយអ៊ីចឹង។ យើងប្រឆាំងដាច់ខាតនូវអារឿងអ៊ីចឹងៗ។ ​ប្រទេសណាក៏មានដែរ ហើយយើងរួមគ្នាដើម្បីកម្ចាត់អាព័ត៌មានអីចឹង។ មិនត្រឹមតែព័ត៌មានទេ ទីតាំងអីចឹងៗត្រូវរួមគ្នាកម្ចាត់។ សូមឱ្យសមត្ថកិច្ចពិនិត្យមើល ហើយទីតាំងខ្លះជាទីតាំងអាចនឹងរកឃើញ ហើយបើថានៅកម្ពុជាស្រួលទេ»។


បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤ បាន​ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតូបនីយកម្ម ​ដល់លោក តុង លីឆឹង​ ដែលជាជនជាតិចិនកើតនៅខេត្តអ៊ីនណាន ប្រទេសចិន ដោយប្តូរឈ្មោះជា ហេង តុង វិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលនូវការលើកឡើងដែលថា អ្នកជំនួញចិនដ៏មានឥទ្ធិពលនៅកម្ពុជាឧបត្ថម្ភយន្តហោះទំនើបដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅអាមេរិក។ លោកថា រដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ចំណាយលើការធ្វើដំណើរដោយខ្លួនឯងហើយ។

លោកថា៖ «រាជរដ្ឋាភិបាល លោកមានលុយគ្រប់គ្រាន់ដើម្បីទៅហើយ មិនបាច់ទៅយកយន្តហោះមកពីណាមកជួយទេ។ រាល់លើកហ្នឹងមានដែលទៅយកយន្តហោះពីណាមកជួយ? រាជរដ្ឋាភិបាលប្រើយន្តហោះខ្លួនឯង! ប្រសិនណាជាជើងឆ្ងាយ យើងជួលយន្តហោះគេទៅត្រូវហើយ យើងមិនទាន់មានយន្តហោះដោយឡែកសម្រាប់តែយើង»។

លោក ឥសាន ថា ការរកឃើញរបស់​ Aljazeera ថា ​ជាការនិយាយលម្អៀងខាងមនោគមវិជ្ជា និងមានចេតនាមួលបង្កាច់កម្ពុជាតែប៉ុណ្ណោះ។ ​

យ៉ាងណា មន្ត្រីគណបក្សកាន់អំណាចរូបនេះថា ពេលមានបញ្ហាកើតឡើង រដ្ឋាភិបាលកម្ពុជាតែងចាត់វិធានការ ដោយមិនបានចូលដៃចូលជើងជាមួយក្រុមមនុស្សទុច្ចរិតទាំងនោះទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកសង្កេតឃើញសារព័ត៌មានបរទេសជាច្រើន ដូចជាសារព័ត៌មានថៃក៏បានផ្សាយពីការជួយជនជាតិរបស់ខ្លួនដែលជាជនរងសង្គ្រោះ​ពាក់ព័ន្ធករណីឆបោកតាមអ៊ីនធឺណិតនៅកម្ពុជាដែរ។ លើសពីនេះ លោកថា ការផ្សាយរបស់សារព័ត៌មានចិន និងបច្ចុប្បន្នមានការផ្សាយពី Aljazeera ថែមទៀត ប៉ុន្តែរដ្ឋាភិបាលកម្ពុជាតែងចេញមុខបដិសេធ។

យ៉ាងណា លោកយល់ថា ដំណោះស្រាយឱ្យមានទំនុកចិត្ត ជាជាងការបដិសេធ គឺឆន្ទៈនៃការស៊ើបអង្កេតឱ្យបានច្បាស់លាស់។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ធ្វើម៉េច យើងមានការស៊ើបអង្កេត មានការបង្ហាញនូវភស្តុតាងច្បាស់លាស់ ដើម្បីជាតម្លាភាព ហើយនិងការពិតទៅលើបញ្ហាទាំងអស់ហ្នឹង ដើម្បីបង្ហាញនូវទំនុកចិត្ត ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

One Response to "Aljazeera៖ អ្នកជំនួញចិនដែលពាក់ព័ន្ធ​រឿងឆបោកធ្លាប់​​​ផ្តល់យន្តហោះទំនើបជូន​លោក ហ៊ុន សែន ទៅប្រជុំនៅ​ញូយ៉ក"

  1. Anonymous says:

    what going up it have to come down HUN SEN can not lie any more we know every thing will come down soon .