ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ស្ថានភាព​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ

ដោយ សេក បណ្ឌិត
2022.08.06
RFA

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ស្ថានភាព​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ

ទិដ្ឋភាព​ព្រៃ​ភ្នំតាម៉ៅ ដែលត្រូវ​ក្រុមហ៊ុន​កាប់​បំផ្លាញ ក្រោម​រូបភាព​អភិវឌ្ឍ ត្រឹមថ្ងៃពី​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក BKYTrip


ស្រប​ពេល​ដែល​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា សម្រុក​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​បាន​ចុះទៅ​ថត​ស្ថានភាព​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ដោយ​ផ្ទាល់ និង​បាន​បង្ហាញថា​ដី​នៅ​តំបន់​នេះ​ជា​ដី​សម្បូរ​ដោយ​ជីវជាតិ និង​មាន​ដើមឈើ​មានតម្លៃ​ជាច្រើន​ត្រូវ​បាន​គាស់​ទាំង​ឬ​ស​ហើយ​ដឹក​យក​ចេញទៅ​តំបន់​ផ្សេង​។ ចំណែក​សង្គម​ស៊ីវិល ចេញ​សេចក្ដី​ថ្លែង​ការ​ស្នើសុំ​រដ្ឋាភិបាល​រក្សា​ព្រៃ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ ខណៈ​មតិ​សាធារណៈ​នៅតែ​បន្ត​យុទ្ធនាការ​ទាមទារ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ដែល​បំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​តាម៉ៅ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ រួមមាន​អ្នកនាង ឈឿន ដារ៉ាវី និង​លោក វង្ស តារា នៅ​ថ្ងៃទី​៦ ខែសីហា បាននាំគ្នា​ចុះ​ទៅ​ពិនិត្យ​តំបន់​ដែល​ក្រុមហ៊ុន​ឡេងណាវ៉ាត្រា កំពុង​ឈូស​ឆាយ​នៅ​តំបន់​ភ្នំ​តាម៉ៅ។ពួកគាត់ បាន​ថត​វីដេអូ​បង្ហាញ​ស្ថានភាព​ដី​នៅ​តំបន់​នោះ​ជា​ដី​ពណ៌​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​មិនមែន​ជា​ដីខ្សាច់ ដូច​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម បាន​អះអាង​ក្នុង​សេចក្ដីថ្លែងការណ៍​នោះឡើយ​។ វីដេអូ​ក៏បាន​បង្ហាញ​ទៀត​ថា ព្រៃ​នៅ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ប្រភេទ​ព្រៃឈើ​មានតម្លៃ​ដូចជា ធ្នង់ បេង និង​នាងនួន​ជាដើម ដែល​កន្លែង​ខ្លះ ក្រុមហ៊ុន​បាន​គាស់​យក​ទាំង​ឬ​ស​ដឹក​ចេញទៅ ចំណែកឯ​ដើម​ប្រេងខ្យល់​ដែល​រដ្ឋបាល​ព្រៃឈើ​លើកឡើង​នោះ គ្រាន់តែ​ជា​ដី​មួយ​ចំណែក​តូច​ដែល​អ្នកភូមិ​បាន​ដាំ​ឡើងវិញ​តែប៉ុណ្ណោះ៖ «ដែលមាន​ដើម​ប្រេងខ្យល់​ហ្នឹង​គឺ​ជ្រុង​តូច​មួយ​ដែល​គេ​ដាំ​ឡើងវិញ​នៃ​អ្នកភូមិ​ដែល​ដាំ​នៅ​អា​ជ្រុង​ខាងត្បូង​ឯណោះ តែ​អានេះ​គឺ​ដើមឈើ​ចំរុះ​បងប្អូន​នេះ ហើយ​សត្វព្រៃ​គឺ​ច្រើនណាស់​ដែល​អង្គការ​សង្គ្រោះ​សត្វព្រៃ​នៅពេល​ដែល​ទិញ​ពី​ឈ្មួញ​ជួញដូរ ហើយ​រឺ​ក៏​សង្គ្រោះ​ពេល​ដែល​ត្រូវ​ជាប់អន្ទាក់​អីហ្នឹង នៅ​ពេល​ដែល​ព្យាបាល​ហើយ​គឺ​ប្រលែង​នៅ​តំបន់​ឧទ្យាន​ភ្នំ​តា​ម៉ៅ​ហ្នឹង​តែម្ដង ប៉ុន្តែ​សោកស្ដាយ​ណាស់​បងប្អូន​គឺ​នៅ​តិច​ហើយ ហៃ​ឈើ​ដែល​ខ្លឹមៗ​ហ្នឹង​គឺ​ត្រូវ​បាន​គាស់​ដល់​ឫស»។


សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់​អាស៊ីសេរី​បន្ថែម​ថា ក្រុមហ៊ុន​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃ​តំប​ន់ភ្នំ​តា​ម៉ៅ​ទាំងយប់​ទាំង​ថ្ងៃ​។ អ្នកនាង​បន្ត​ថា បើសិនជា​ក្រុមហ៊ុន​មិន​បញ្ឈប់​ការ​ឈូស​ឆាយ​ទេ អ្នកភូមិ​នឹង​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ដល់​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ៖ «សង្ឃឹមថា​សំណូមពរ​នេះ​បាន​ទៅដល់​រាជរដ្ឋាភិបាល​បញ្ឈប់​ហើយ​អនុញ្ញាតិ​ឱ្យ​ពួក​យើង និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដាំ​ឡើងវិញ តែបើ​ថា​នៅតែ​បន្ត​ឈូស​ឆាយ​បំផ្លាញ ហើយ​យក​ទី​ហ្នឹង​ទៅ​ពុះ​ជា​ឡូតិ៍​លក់​អី​ណា​ណី​ហ្នឹង​គឺ​ពួក​ខ្ញុំ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​គ្រោង​ថា​នឹង​ទៅ​អុច​ធូប​ដាក់​បណ្ដាសា​តែម្ដង»។


រីឯ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល ឃុំ​លំពង់ ដែល​នៅ​ជិត​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ លោក តាប់ វណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោកស្ដាយ​ចំពោះ​ការ​ឈូស​ឆាយ​ព្រៃ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ ព្រោះ​កន្លងមក​លោក​បាន​ចូល​កាប់​ព្រេច បេះ​ស្លឹក​រងៀង និង​ស្លឹក​ស្នឹង​ដើម្បី​លក់ តែ​ឥឡូវ​លោក​មិនអាច​ចូល​ព្រៃ​ទៀត​បានទេ ព្រោះ​ក្រុមហ៊ុន​បាន​ដាក់​ប៉ូលិស ទាហាន​យាម​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​ឡើយ​។ លោក​ថា លោក​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ដែល​ស៊ីញេ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នៅ​កន្លែង​ណា គឺ​កន្លែង​នោះ​រលាយ​គ្មាន​សល់​។ ជាមួយគ្នា​នេះ លោក​ស្នើ​សុំ​ឱ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍ រក្សា​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ផង៖ «សូម​សំណូមពរ​ដល់​ព្រះមហាក្សត្រ​ហ្នឹង​ជួយ ជួយ​អន្តរាគមន៍​ដើម្បី​អើ កុំឱ្យ​ព្រៃភ្នំ​តា​ម៉ៅ​ហ្នឹង​មានការ​ឈូស​ឆាយ បន្ត​ទៀត តែបើ​ខាង​រដ្ឋាភិបាល​ខ្ញុំ​គ្មាន​ពាក្យ​អី​សំណូមពរ​ទេ ខាង​រដ្ឋាភិបាល​អ្នក​ស៊ីញេ​ហ្នឹង ស៊ីញេ​ឱ្យ​កំទេច​ព្រៃ​ណាមួយ កំទេច​បាន​ទាំងស្រុង ទាំងស្រុង​តែម្ដង ហ្នឹង​ហើយ​ខ្ញុំ​អត់​ជឿជាក់​លើ​រដ្ឋាភិបាល​ហ្មង និយាយ​រួម​ហ្មង»។

ឆ្លើយតប​នឹង​ការ​ឈូសឆាយដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​នេះ អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា បាន​ឆ្លើយ​នៅ​លើ​បណ្ដាញ​ហ្វេសបុក​ថា បញ្ហា​ដី​ព្រៃ​ឈើ និង​សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​ខេត្តតាកែវ​នោះ​ទេ គឺ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​។ លោក​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​ដឹង​ការពិត ទៅ​ពិនិត្យ​មើល​សួនសត្វ​ភ្នំ​តាម៉ៅ​ទៅវិញ ថា​តើ​គេ​ឈូស​ឆាយ ឬ​គេ​កំពុង​រក្សា​ការពារ។

ជុំវិញ​រឿង​នេះ​ដែរ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា នៅ​ថ្ងៃទី​៦ សីហា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​បង្ហាញ ក្ដី​បារម្ភ និង​សោកស្ដាយ​ចំពោះ​ការ​ឈូសឆាយ កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ពី​ព្រៃឈើ​តំបន់​នេះ ហើយ​ស្នើសុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ដើម្បី​រក្សា​ព្រៃឈើ​តំបន់​នេះ​ឱ្យ​គង់វង្ស​ដើម្បី​អភិរក្ស​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​ទុក​ឱ្យ​ដល់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​។ ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លោក ព្រំ ប៊ុនថាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ស្នើ​សុំ​របស់​សមាគម និង​ប្រជាពលរដ្ឋ​កន្លងមក មិនមែន​សំដៅ​តែ​ដី និង​ព្រៃ​ក្នុង​សួនសត្វ​ភ្នំ​តាម៉ៅ ៤​រយ​ហិកតារ (៤០០ ហិកតារ) នោះ​ទេ ប៉ុន្តែ​គឺ​សំដៅ​ដល់​ដី​តំបន់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដែល​មាន​ទំហំ​ជាង ២​ពាន់​ហិកតារ​ទាំងមូល៖ «ឈូសឆាយ​ទៅ​វា​បម្រើ​តែ​ផលប្រយោជន៍​តែ​ក្រុមហ៊ុន ក្រុម​ឧកញ៉ា​ទេ តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ អ្នក​ទូទៅ​គាត់​បាត់​ផលប្រយោជន៍ អញ្ចឹង​ហើយ​បាន​យើង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ហ្នឹង»។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រង​នូវ​ការរិះគន់​ធ្ងន់ៗ ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​ដី​មួយ​ភាគ​ធំ​នៃ​តំបន់​ភ្នំ​តាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​ស្ងាត់ៗ ក្នុង​នោះ​មាន​ក្រុមហ៊ុន​សំណង់ ធីភី ម៉ូរ៉ល ហ្គ្រុ​ប (TP Moral Group) របស់​ឧកញ៉ា ឃុន សៀ ក្រុមហ៊ុន​អចលនទ្រព្យ របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន កំពុង​ប្រតិកម្ម​ទៅ​នឹង​ការ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​នេះ ដោយ​ពួកគេ​ថ្កោលទោស និង​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដើម្បី​ប្រឆាំង​គម្រោង​ឈូស​ឆាយ​ភ្នំ​តា​ម៉ៅ ដោយ​ពហិការ​ឈប់​ប្រើ និង​គាំទ្រ​រាល់​ផលិតផល និង​សេវា​របស់​ក្រុមហ៊ុន​ឡេងណាវ៉ាត្រា និង​ក្រុមហ៊ុន ឃុន សៀ។ ពួកគេ​នៅតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ឈប់​គម្រោង​ទាំងនេះ ដើម្បី​ថែរក្សា​តំបន់​ភ្នំ​តាម៉ៅ ទុកជា​ជម្រក​សត្វព្រៃ និង​បម្រើ​វិស័យ​ទេសចរណ៍​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles