ដោយ ថា ថៃ
2022.08.06
RFA

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) (ឆ្វេង) និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ Photo courtesy of Senator Penny Wong’s Twitter
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងបង្ហាញពីការតាំងចិត្តទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋឡើងវិញ។ អ្នកវិភាគនយោបាយ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនដោះស្រាយតាមសំណើរបស់ប្រទេសប្រជាធិបតេយ្យធំៗទេ កម្ពុជានឹងរងសម្ពាធហើយបាត់បង់ផលប្រយោជន៍ជាតិ។
ក្រៅពីបញ្ហាក្នុងតំបន់និងអន្តរជាតិនោះ បញ្ហានយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនយោបាយរបស់មេបក្សប្រឆាំងនៅកម្ពុជា ក៏ជាប្រធានបទសំខាន់ ដែលប្រមុខការទូតនៃប្រទេសប្រជាធិបតេយ្យធំៗរួមមានសហរដ្ឋអាមេរិក និងអូស្ត្រាលី (Australia) បានលើកជជែកពិភាក្សាជាមួយក្រុមមេដឹកនាំកម្ពុជា ក្នុងពេលពួកគាត់ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ផេនី វ៉ង់ (Penny Wong) បង្ហោះសារក្នុងបណ្ដាញធ្វីតធឺ (Twitter) ជាបន្តបន្ទាប់ថា អ្នកស្រី បានជួបពិភាក្សាជាមួយលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន លើប្រធានបទជាច្រើនរួមមានបញ្ហាស្ថិរភាពក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងបញ្ហាសិទ្ធិមនុស្សជាដើម។ ក្រៅពីនេះ អ្នកស្រី បានបង្ហោះរូបភាពជួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អមដោយសំណេរថា អ្នកស្រី ផ្តល់តម្លៃខ្ពស់ក្នុងឱកាសជួបជាមួយមេបក្សប្រឆាំងរូបនេះ។ អ្នកស្រីបន្តថា អូស្ត្រាលី នឹងនៅតែបន្តតស៊ូមតិឥតឈប់ឈរដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោក កឹម សុខា ក៏បានបង្ហោះសារលើហ្វេសប៊ុកថា ថ្វីដ្បិតតែអ្នកស្រី ផែននី វ៉ង់ ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលីក្តី ក៏អ្នកស្រីតែងតែចាប់អារម្មណ៍និងផ្តល់តម្លៃចំពោះការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជា។ ជាពិសេស លោក កឹម សុខា ត្រេកអរដែលអ្នកស្រីឆ្លៀតពេលមមាញឹកជួបពិភាក្សាការងារជាមួយលោក។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីមេធាវីការពារក្តី លោក កឹម សុខា បានទេ នៅថ្ងៃទី៦ សីហា។
ទាក់ទងករណីនេះ តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង លើកឡើងថា អូស្ត្រាលី នៅតែចាត់ទុកប្រទេសកម្ពុជា និងប្រជាជនកម្ពុជាជាមិត្ត ។ លោកបន្តថា ចំពោះជំនួបរវាងអ្នកស្រី និងលោក កឹម សុខា នោះ មានន័យទូលំទូលាយនិងឆ្លុះបញ្ចាំងថា រដ្ឋាភិបាលអូស្ត្រាលី នឹងនៅតែបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សពិតប្រាកដឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយូរអង្វែង៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ នឹងមិនអាចមិនយកចិត្តចំពោះការទាមទារ និងការលើកឡើងរបស់អូស្ត្រាលីនិងបណ្តាប្រទេស ផ្សេងៗនៅក្នុងការស្តារប្រជាធិបតេយ្យ បើកលំហឲ្យមានប្រជាធិបតេយ្យពិតប្រាកដ និងគោរពសិទ្ធិមនុស្ស គោរពដល់បណ្ដាញសារព័ត៌មានឯករាជ្យ និងអង្គការ NGO ផ្សេងៗ។ ខ្ញុំជឿថា ត្រូវតែមានការយកចិត្តទុកដាក់ជាបន្ទាន់ព្រោះថា ក្នុងប្រទេសអូស្ត្រាលី គឺកំពុងតែមានការយកចិត្តទុកដាក់ជាងមុនចំពោះបណ្ដាញចំពោះវត្តមានរបស់ខាងគណបក្សមួយទៀត (បក្សប្រជាជនកម្ពុជា) កំពុងតែធ្វើសកម្មភាព»។
តំណាងរាស្ត្រដើមកំណើតខ្មែររូបនេះ បន្ថែមថា អ្វីដែលប្រមុខការទូតអូស្ត្រាលីលើកឡើងនេះ គឺជាលទ្ធផលវិជ្ជមានមួយដែលសហគមន៍ខ្មែរនៅអូស្ត្រាលី បានខិតខំតស៊ូមតិយ៉ាងសកម្មនិងស្វិតស្វាញ ដើម្បីឲ្យរដ្ឋាភិបាលអូស្ត្រាលី បានដឹងនិងជួយអន្តរាគមន៍ចំពោះស្ថានភាពធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ លោកអំពាវនាវឲ្យសហគមន៍ខ្មែរ នៅតែបន្តរួមសាមគ្គីគ្នានិងតស៊ូមតិតទៅទៀត៖ «យើងត្រូវតែរួបរួមគ្នា ចាប់ដៃគ្នាឲ្យជាប់ដើម្បីជៀសវាង ការប្រកាន់និន្នាការ និងការរើសអើងនិន្នាការបក្សនេះបក្សនោះ ។ អ្វីដែលយើងចង់បាននោះគឺសំដៅទៅរកប្រជាធិបតេយ្យពិតប្រាកដទៅដល់ប្រទេសកំណើតរបស់យើង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងទៅលើសកម្មភាពរបស់បងប្អូនសហគមន៍ខ្មែររបស់យើងនៅប្រទេសអូស្ត្រាលី ក្នុងការបន្តដំណើររបស់ខ្លួនដើម្បីជម្រាបនូវអ្វីដែលយើងចង់បាន ចង់ឃើញ នូវសេចក្តីប្រាថ្នារបស់យើងទាំងអស់គ្នាដល់សមាជិកសភា និងរដ្ឋាភិបាលអូស្ត្រាលី»។
ក្រៅពីប្រមុខការទូតប្រទេសអូស្ត្រាលីនោះ ប្រមុខកាទូតសហរដ្ឋអាមេរិក លោក អែនតូនី ប៊ី្លងឃិន (Antony Blinken) ក៏បានជួបលោក កឹម សុខា និងសោកស្ដាយដែលសំណុំរឿងរបស់ លោក បន្តអូសបន្លាយ ៥ឆ្នាំ ហើយនៅតែគ្មានដំណោះស្រាយដដែល។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បញ្ជាក់ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការអនុញ្ញាតឲ្យ លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ។ ទន្ទឹមគ្នានេះ លោក អែនតូនី ប៊ី្លងឃិន ក៏បានលើកចំៗ ទៅលោក ហ៊ុន សែន ដោយទាមទារឲ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងបើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានទេ នៅថ្ងៃទី៦ សីហា។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ការណ៍ដែលប្រមុខការទូតអាមេរិក និងអូស្ត្រាលី រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បន្តព្រួយបារម្ភអំពីការរអិលថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ព្រោះពួកគេដឹងថា មានតែការស្តារប្រជាធិបតេយ្យឡើងវិញ ទើបជាដំណោះស្រាយវិបត្តិចាក់ស្រេះផ្សេងៗទាំងនៅកម្ពុជា និងនៅក្នុងតំបន់។ ទោះជាយ៉ាងណា លោកថា ប្រសិនបើសហគមន៍អន្តរជាតិ មិនដាក់សម្ពាធធ្ងន់ធ្ងរទេ រដ្ឋាភិបាលលោក ហ៊ុន សែន មិនដោះស្រាយឲ្យបានពេញលេញឡើយ៖ «ជាក់ស្តែង បើលោក កឹម សុខា ពុំមានវត្តមានចូលរួម ការបោះឆ្នោតនោះ ខ្ញុំគិតថា សហរដ្ឋអាមេរិក អូស្ត្រាលី និងសម្ព័ន្ធមិត្តផ្សេងៗទៀត គេ នឹងអាចមានវិធានការជាយន្តការសម្រាប់កំណត់ផ្លូវឲ្យលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ ដើរកាន់តែចង្អៀត។ ខ្ញុំគិតថា រដ្ឋាភិបាល លោក ហ៊ុន សែន ពិចារណាខ្លះដែរ មិនមែនមិនពិចារណាទេ ប៉ុន្តែមិនបន្ធូរបន្ថយណាមួយ ឧទាហរណ៍ករណី លោក កឹម សុខា គឺជារឿងដែលពិបាកសង្ឃឹមបំផុត ព្រោះវាប៉ះពាល់ដល់ផែនការអំណាចលោក ហ៊ុន សែន។ ម្យ៉ាងវិញទៀត ក្នុងពេលចុងក្រោយនេះ ប្រទេសចិនហាក់បង្ហាញជំហរច្បាស់ក្នុងការគាំទ្រផែនការលោក ហ៊ុន សែន ផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត»។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន និងមន្ត្រីរបបនេះ បានទទួលរងទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាបន្តបន្ទាប់រួចមកហើយ ដោយសារតែទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% និងត្រៀមបញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់ជាផ្លូវការ។ ចំណែកសហរដ្ឋអាមេរិកវិញ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតមួយចំនួនរបស់លោក ហ៊ុន សែន រួមមាន លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និងសមាជិកគ្រួសារ ព្រមទាំងលោក ទ្រី ភាព និងក្រុមហ៊ុនរបស់គាត់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូបទៀត គឺលោក ចៅ ភិរុណ និងលោក ទៀ វិញ ព្រមទាំងសមាជិកគ្រួសារ និងក្រុមហ៊ុនចិនយូឌីជី (UDG) ក៏ត្រូវរងទណ្ឌកម្មក្រោមច្បាប់គ្លូបលមែគនីតស្គីអ៊ែក (Global Magnitsky Act) របស់សហរដ្ឋអាមេរិកដែរ។ ទណ្ឌកម្មទាំងនេះធ្វើឡើងដោយសារតែសហរដ្ឋអាមេរិករកឃើញថា មន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ព្រមទាំងក្រុមហ៊ុនចិននោះ មានជាប់ពាក់ព័ន្ធនឹងទង្វើរំលោភសិទ្ធិមនុស្ស ការរំលោភអំណាច និងការប្រព្រឹត្តអំពើពុករលួយក្នុងនោះមានជាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់កំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ។ រីឯប្រទេសអូស្ត្រាលីវិញ សហគមន៍ខ្មែរ សង្ឃឹមថា រដ្ឋាភិបាលដឹកនាំដោយបក្សពលករ នឹងប្រើប្រាស់ច្បាប់មែគនីតស្គីអ៊ែក ដាក់ទណ្ឌកម្មលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញជាក់លាក់ដែរ ដូចអ្វីដែលខ្លួនធ្លាប់បានទាមទារទៅរដ្ឋាភិបាលជំនាន់មុនក្នុងពេលនៅជាបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។