ដោយ មាន ឫទ្ធិ
2022.08.07
RFA

លោក ចៅ វាសនា អតីតចៅសង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចុះជួបពលករខ្មែរនៅប្រទេសថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ រូប៖ ចៅ វាសនា ខ្មែរក្រោម
មន្ត្រីគណបក្សភ្លើងទៀន ចុះផ្សព្វផ្សាយ ដល់តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃ អោយដាស់តឿនពលករទៅចុះឈ្មោះបោះឆ្នោតនៅកម្ពុជាឱ្យបានគ្រប់គ្នា។ មន្ត្រីសង្គមស៊ីវិលយល់ថា ការធ្វើបែបនេះរបស់សកម្មជនគណបក្សនយោបាយជារឿងត្រឹមត្រូវ ដែលបណ្តុះស្មារតីពលករអោយយល់ពីសិទ្ធិ និងការចេះយកចិត្តទុកដាក់បញ្ហាសង្គមក្នុងនាមជាពលរដ្ឋខ្មែរ។
ក្រុមការងារគណបក្សភ្លើងទៀនប្រមាណ៥នាក់ដឹកនាំដោយលោក ចៅ វាសនា ចុះជួបតំណាងពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណជាង៦០នាក់ រយៈពេល៤ថ្ងៃ។ ពូកគេសង្កេតឃើញថា ពលករខ្មែរនៅប្រទេសថៃមិនសូវយកចិត្តទុកដាក់ក្នុងការចុះឈ្មោះបោះឆ្នោតនោះទេ ប៉ុន្តែពលករពី ចូលរួមស្ដាប់ការផ្សាព្វផ្សាយពីក្រុមការងារគណបក្សភ្លើងទៀនមក ធ្វើឱ្យពួកគេយល់ដឹងនិងបានផ្តល់ព័ត៍មានដល់ក្រុមគ្រួសារនៅក្នុងប្រទេសអោយត្រៀមឯកសារផ្សេងៗ សម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ប្រធានការងារគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៧ ខែសីហាថា លោកធ្វើដំណើរមកប្រទេសថៃចំនួន៤ថ្ងៃ ដើម្បីជួបសំណេះសំណាល ជាមួយតំណាងពលករខ្មែរ អោយពួកគាត់ដាស់តឿនពលករផ្សេងៗទៀត ទៅប្រាប់ក្រុមគ្រួសារឱ្យត្រៀមឯកសារគ្រប់គ្រាន់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានៅមុន ខែតុលា ខាងមុខ ។ លោកបន្តថា ពលករសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកក្នុងពេលសំណេះសំណាល ហើយពលករសង្ឃឹមថា គណបក្សភ្លើងទៀន និងបង្កើតក្រុមការងារគណបក្សនេះនៅប្រទេសថៃ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជួយដល់ពលករ៖ «ពួកគាត់សង្ឃឹមថាថ្ងៃក្រោយថ្នាក់ជាតិនិងមករៀបចំជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅក្នុងប្រទេសថៃនេះដើម្បីពួកគាត់ងាយនិងដើរជួបកម្មករពលករទាំងអស់ដែលនៅតាមរោងចក្រនានាតែតាមពិតទៅពួកគាត់ចង់បង្ហាញអំពីការភ័យខ្លាចហើយនឹងការមិនយកចិត្តទុកដាក់ពីពលករយើងដល់រឿងការបោះឆ្នោតអីចឹង។ គាត់ឃើញខ្ញុំមកចឹងគាត់ថាចង់បានថ្នាក់ដឹកនាំដូចជាខ្ញុំហ៊ានលះបង់ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ។ ចឹងគាត់ចង់អោយមនុស្សក្លាហានចឹងមកនិយាយទៅមានដើមទុននយោបាយនិយាយជាមួយពួកគាត់ទៅគាត់អាចយកចិត្តទុកដាក់ច្រើនដើម្បីមានឥទ្ធិពលពង្រីកនិងពង្រឹងថែមបន្តទៀត»។
តំណាងពលករនៅប្រទេសថៃលោក ឆន សុឃឿន យល់ឃើញថា ការដាស់តឿនដល់ពលករអោយទៅចុះឈ្មោះបោះឆ្នោត និងទៅចូលរួមបោះឆ្នោតនៅពេលខាងមុខ គឺជារឿងសំខាន់ ព្រោះដើម្បីការពារប្រជាធិបតេយ្យ និងប្រទេសជាតិ។ លោកបន្តថា ការផ្សព្វផ្សាយនេះ មានការចូលរួមពីតំណាងពលករជាច្រើនមកពីតាមបណ្តាខេត្ត អោយបានស្គាល់គ្នា និងអាចជួយគ្នាទៅវិញទៅមកបាន។ លោកអះអាងថា កន្លងមកក៏មានមន្ត្រីគណបក្សកាន់អំណាច បានមករៀបចំរចនាសម្ព័ន្ធនៅក្នុងប្រទេសថៃដែរ ប៉ុន្តែលោកមិនមានចំណាប់អារម្មណ៍ ចូលរួមឡើយ ព្រោះលោកគិតថា គណបក្សកាន់អំណាចបានសម្លាប់ប្រជាធិបតេយ្យនិងបំផ្លាញធនធានធម្មជាតិ៖ «សូមផ្តាំផ្ញើទៅដល់បងប្អូនជនរួមជាតិទាំងអស់ថាគ្មានអ្វីខ្លាំងជាងការសាមគ្គីទេ។ រូបខ្ញុំទោះតែខ្ញុំមិនបាននៅក្នុងប្រទេសកម្ពុជាខ្ញុំមកធ្វើការនៅក្នុងប្រទេសថៃក្តីក៏ខ្ញុំនៅតែរួបរួមសាមគ្គីដើម្បីអោយមានកម្លាំងប្រជាធិបតេយ្យនេះមានកាន់តែច្រើនឡើង។ ជាពិសេសទៀតគឺខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនពលករខ្មែរទាំងអស់នៅប្រទេសថៃសូមអោយចូលរួមនិងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃខាងមុខព្រោះអីយើងជិតដល់ពេលវេលានិងថ្ងៃបោះឆ្នោតហើយគឺយើងទៅចូលរួមអោយមានឈ្មោះបោះឆ្នោតទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា»។
តំណាងពលករបញ្ជាក់ថា គណបក្សកាន់អំណាចបានរៀបចំរចនាសម្ព័ន្ធ និងក្រុមការងារគណបក្សនៅប្រទេសថៃ និងបានផ្តល់ផលប្រយោជន៍មួយចំនួនដល់ តំណាងពលករខ្មែរ និងក្រុមការងារពលករមួយចំនួន ដូចជា សម្ភារៈ ឡាន ជាដើម។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃទី៧ ខែសីហា។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើកឡើងថា ការគៀគរ និងដាស់តឿនផ្សព្វផ្សាយអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត គឺជារឿងសំខាន់ និងជាការចូលរួមជួយដល់ស្ថាប័ន គ.ជ.ប មួយផ្នែក។ លោកបន្តថា សកម្មភាពនេះ គឺគ្មានអ្វីខុសឆ្គងឡើយ នៅពេលជួយពន្យល់ពលរដ្ឋអោយយល់ពីការចុះឈ្មោះបោះឆ្នោត។ លោក កន សាវាង្ស លើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺតែងមានសម្លេងខុសៗគ្នាទៅតាមតំណាងពលរដ្ឋម្ចាស់ឆ្នោត ដែលពលរដ្ឋគិតថាល្អ និងបោះឆ្នោតអោយ៖ «ជាធម្មតានៅក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតហ្នឹងគឺស្ថាប័ន គ.ជ.ប ដែលទទួលបន្ទុកនៃការរៀបចំការបោះឆ្នោតគឺតែងតែអំពាវនាវអោយមានការចូលរួមពីគណបក្សនយោបាយអង្គការសង្គមស៊ីវិលនិងស្ថាប័នពាក់ព័ន្ធហ្នឹងអោយមានការចូលរួមជួយគៀរគ អប់រំ និងអញ្ជើញប្រជាពលរដ្ឋដើម្បីអោយចុះឈ្មោះបោះឆ្នោតនេះគឺជាកត្តាមួយសំខាន់។ អញ្ចឹងការចូលរួមរបស់ផ្នែកណាមួយដើម្បីគ្រាន់តែអោយប្រជាពលរដ្ឋមកចូលរួមចុះឈ្មោះបោះឆ្នោតវាមិនមែនជាកំហុសឆ្គងទេវាជារឿងដែលល្អនៅក្នុងការគៀរគប្រជាពលរដ្ឋអោយតាមដានអំពីបញ្ហាសង្គមអំពីការចូលរួមទាក់ទងនិងការបោះឆ្នោតនេះដើម្បីជាសារមួយដែលរំលឹកដល់ពួកគាត់ថាតើពួកគាត់បានចុះឈ្មោះហើយឬនៅបានផ្ទៀងផ្ទាត់ឈ្មោះគាត់ហើយឬនៅបាទ»។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បង្ហាញថា ការត្រៀមរៀបចំបម្រើការពិនិត្យឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី៣ ខែតុលា ខាងមុខនេះ។ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា នៅឆ្នាំ២០២៣ខាងមុខ។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ប្រមាណ២លាននាក់(២.០០០.០០០)ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។