កម្ពុជា-នយោបាយ
08/08/2022 – 07:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សាលាឃុំ ទ្រៀល © FB
អភិបាលខេត្តកំពង់ធំបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃចន្ទនេះថា លោកមិនទាន់ទទួលបានលិខិតផ្លូវការពីតំណាងគណបក្សភ្លើងទៀនក្នុងការសុំអន្តរាគមន៍ដើម្បីរៀបចំកន្លែងអង្គុយធ្វើការ និងផ្តល់ឯកសណ្ឋានការងារដល់មន្ត្រីឃុំ-សង្កាត់ដែលជាប់ឆ្នោតមកពីគណបក្សប្រឆាំងនេះនៅឡើយទេ។ ប៉ុន្តែ លោក ងួន រតនៈ អះអាងថាលោកនឹងពិនិត្យលទ្ធភាពលើផ្តល់ឯកសណ្ឋាននេះដែលកន្លងលោកមិនច្បាស់ថា តើខាងថ្នាក់ឃុំ-សង្កាត់មានកញ្ចប់ថវិកានេះដែរ ឬយ៉ាងណា?
មានឃុំចំនួន៤៤នៅខេត្តកំពង់ធំ មិនទាន់មានឯកសណ្ឋានសម្រាប់មន្ត្រីក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ហើយក្នុងនោះមាន១៨ឃុំ គឺមិនមានកន្លែងអង្គុយធ្វើការ។ នេះបើយោងតាមលិខិតរបស់លោក ថោង វិបុលសុខុម ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ នៅថ្ងៃទី៤សីហា។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃចន្ទនេះថា ក្រៅពីខេត្តកំពង់ធំ ករណីដូចគ្នានេះក៏កើតមាននៅខេត្តដទៃទៀតដែរ ខណៈគណបក្សនេះកំពុងប្រមូលទិន្នន័យពិតប្រាកដដាក់ទៅក្រសួងមហាផ្ទៃដើម្បីអន្តរាគមន៍។
សម្រាប់លោក សុន ឆ័យ នេះគឺជាការរើសផ្នែកនយោបាយដ៍ធ្ងន់ធ្ងរមួយ មិនគួរបន្តឲ្យកើតមានតទៅទៀតឡើយ ពីព្រោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ឆ្នោត ត្រូវបានក្រសួងមហាផ្ទៃប្រកាសសុពលភាពរួចហើយ តែថាមានឃុំខ្លះនៅតែប្រើមនុស្សដែលមិនមែនជាអ្នកជាប់ឆ្នោតឲ្យបន្តការងារ។
អភិបាលខេត្តកំពង់ធំបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា លោកមិនទាន់ទទួលបានលិខិតផ្លូវការពីតំណាងគណបក្សភ្លើងទៀនក្នុងការសុំអន្តរាគមន៍ដើម្បីរៀបចំកន្លែងអង្គុយធ្វើការ និងផ្តល់ឯកសណ្ឋានការងារដល់មន្ត្រីឃុំ-សង្កាត់ដែលជាប់ឆ្នោតមកពីគណបក្សប្រឆាំងនេះនៅឡើយទេ។ ប៉ុន្តែ លោក ងួន រតនៈ អះអាងថាលោកនឹងពិនិត្យលទ្ធភាពលើផ្តល់ឯកសណ្ឋាននេះដែលកន្លងលោកមិនច្បាស់ថា តើខាងថ្នាក់ឃុំ-សង្កាត់មានកញ្ចប់ថវិកានេះដែរ ឬយ៉ាងណា?
លោក កន សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល យល់ថា ប្រសិនបើករណីនេះកើតមានពិតមែន នោះគឺជាការរើសអើងផ្នែកនយោបាយ ដែលក្រសួងមហាផ្ទៃត្រូវចេញអន្តរាគមន៍ពីព្រោះផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់៕