យុវជន និង​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​តែងតាំង​មន្ត្រី​តាម​បក្សពួក​សែស្រឡាយ

ដោយ សេក បណ្ឌិត
2022.08.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន និង​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​តែងតាំង​មន្ត្រី​តាម​បក្សពួក​សែស្រឡាយ

(ពីឆ្វេង) លោក អេង រិទ្ធី មានឈ្មោះ​ដើម​ថា ម៉ែន អេង ​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី។ រូប៖ ហ្វេសប៊ុក​លោក អេង រិទ្ធី


ក្រុម​យុវជន និង​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​តែងតាំង​មន្ត្រី​តាម​បក្សពួក សែស្រឡាយ ឱ្យ​កាន់​តំណែង​សំខាន់ៗ ក្នុង​ជួរ​រដ្ឋាភិបាល​។ ពួកគេ​លើកឡើង​ថា សកម្មភាព​បែបនេះ​កំពុង​បង្អាក់​យុវជន​ដែល​មាន​ចំណេះដឹង និង​សមត្ថភាព​មិន​ឱ្យ​មានឱកាស​បម្រើ​ប្រទេសជាតិ ខណៈ​អ្នក​ដែល​ពូកែ​អែបអប​តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​មួយ​នេះ លើក​បន្តុប​ឱ្យ​មាន​ឋានៈ​ជា​ហូរហែ។

ក្នុង​រយៈពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរស័ក្ដិ ដល់​មន្ដ្រី​រាជការ​ជា​ច្រើន​រូប ដើម្បី​បំពេញ​តួនាទី តាម​រាជធានី ខេត្ត​ជា​ជា​បន្តបន្ទាប់។

ការណ៍​នេះ​បាន​បង្ក​ជា​ការ​រិះគន់​ពី​សំណាក់​ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតាំង​មន្ត្រីរាជការ​ទៅ​តាម​បក្សពួក​សែស្រឡាយ​របស់​ខ្លួន ខណៈ​បញ្ហា​សង្គម​ដែល​អូស​បន្លាយពេល​ជាច្រើន នៅ​មិន​ទាន់​ដោះស្រាយ​អស់​នៅ​ឡើយ។

យុវជន​ខ្មែរ​ថាវរៈ លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី​២០ សីហា ថា ការ​តែងតាំង​មន្ត្រី​ដែល​ចេញ​ពី​បក្សពួក​និយម សែស្រឡាយ ឱ្យទៅ​គ្រប់គ្រង​តំណែង​ដែល​រដ្ឋាភិបាល​បាន​លើក​បន្តុប​ឱ្យ ហាក់​មិន​បង្ហាញ​ពី​ប្រសិទ្ធភាព​ការងារ​ដែល​បុគ្គល​នោះ នឹង​ផ្ដល់​ឱ្យទៅ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​។ លោក​យល់​ឃើញ​ថា ជំនួស​ឱ្យ​ការតែងតាំង​មន្ត្រី​ដែល​ចេញពី​មនុស្ស​ជិតស្និទ្ធ​នឹង​ខ្លួន និង​គ្មាន​ឆន្ទៈ​ក្នុង​ការងារ​ជូន​ប្រជាជន រដ្ឋាភិបាល​គួរតែ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​បំពេញ​ភារកិច្ច​បម្រើ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ចាស់ៗ ដែល​បន្សល់ទុក​ពី​មន្ត្រី​ជំនាន់​មុន៖ «តែ​ជាក់ស្ដែង រាជរដ្ឋាភិបាល​គឺ​គាត់​ជ្រើសរើស​តែ​បក្សពួក អ្នកណា​ដែល​មាន​លុយ អ្នកណា​ដែល​មាន​ទ្រព្យ យស ក្នុង​ការ​ជួយ​បំពេញ​តម្រូវ​របស់​គាត់​ហ្នឹង គឺ​គាត់​តែងតែ​លើក​បន្តុប​អ្នកនោះ​ឱ្យមក​កាន់​តំណែង​នីមួយៗ​របស់​ប្រទេស​កម្ពុជា»។

ស្រដៀង​គ្នា​នេះ អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​អ្នក​តាមដាន​សង្គម លោក នី ណាក់ មើលឃើញ​ថា ពលរដ្ឋ​ភាគច្រើន​មិន​ពេញ​ចិត្ត​ជាមួយ​ការតែងតាំង​មន្ត្រី​ទាំង​តក់ក្រហល់ ជាពិសេស​ជ្រើស​យក​បុគ្គល​ចេញពី​សង្គម​សិល្បៈ និង​ផ្ដល់​តួនាទី​ឱ្យ​ធំ​បែប​នេះ​ឡើយ​។ លោក​បន្ត​ថា ជាពិសេស​គឺ​លោក ម៉ែន អេង ឬ​ហៅថា អេង រិទ្ធី ត្រូវ​បាន​មហាជន​ទូទៅ​មិន​ពេញចិត្ត​រូបលោក​នោះ​ទេ​។ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​នៅតែ​ចងចាំ​ពី​អតីតកាល​របស់​លោក អេង រិទ្ធី និង​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​គួរ​ប្រគល់​តំណែង​ជា​មន្ត្រីជាន់ខ្ពស់​ឱ្យទៅ​រូបលោក​នោះ​ឡើយ ហើយ​រដ្ឋាភិបាល​ក៏​កំពុង​ខ្ជះខ្ជាយ​ថវិកាជាតិ​ទៅលើ​មន្ត្រី​ដែល​មាន​តែ​តំណែង តែ​មិន​ដែល​មាន​សកម្មភាព ឬ​ស្នាដៃ​អ្វីមួយ​ឡើយ៖ « ប៉ុន្តែ​ជាក់ស្ដែង យើង​ឃើញ​ការិយាល័យ​របស់​ក្រសួង​មួយៗ​គឺ​ពោរពេញ​ទៅ​ដោយ​មន្ត្រី​គរ​ជើង​គ្នា​មិន​សូវ​មាន​ការងារ​ធ្វើ អ៊ីចឹង​វា​ជា​បន្ទុក​ចំណាយ​មួយ​ដ៏​ធំ​របស់​ជាតិ ដែល​ថវិកា​ជាតិ​មិន​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ បែរជា​យក​ទៅ​តែ​សម្រាប់​ផ្គត់ផ្គង់​មន្ត្រី​មួយ​ចំនួន​ដែល​តែងតាំង​ច្រើន​ហួស​ពេក»។

លោក អេង រិទ្ធី មានឈ្មោះ​ដើម​ថា ម៉ែន អេង ជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក ហ៊ុន សែន​។ ពិធីករ​សម្បូរ​វោហារ​សព្ទ​រូប​នេះ ត្រូវ​បាន​ប្រជាជន​កម្ពុជា​ស្គាល់ និង​រិះគន់​ទៅលើ​លោក​យ៉ាង​ចាស់ដៃ កាល​អំឡុង​ឆ្នាំ​២០១៣ គ្រា​ដែល​លោក​លើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​តារា​ជើងចាស់​ម្នាក់​ថា នៅ​លើ​ដី​ខ្មែរ​គ្មាន​ជនជាតិ​វៀតណាម​។ ក្រោយ​មក អតីត​តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទទួល​បាន​យស​សក្ដិ ឋានៈ​តួនាទី​ជា​បន្ត​បន្ទាប់ រហូត​ត្រូវ​បានតែង​តាំង​ជា​អភិបាលរង​ខេត្ត​ស្វាយរៀង។

​ប្រតិកម្ម​របស់​យុវជន​នេះ​កើតឡើង​ក្រោយ​ពេល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង បាន​ចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរស័ក្ដិ ជូន​មន្ដ្រី​រាជការ ៥០​រូប ​កាលពី​ថ្ងៃទី​១៩ ខែ​សីហា ក្នុង​នោះ មាន​មន្ដ្រី​នគរបាល ១៥​រូប ផ្ទេរ​ភារកិច្ច និង​៣៥​រូប ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ និង​តែងតាំង​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ជាច្រើន​ទៀត។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​ឆ្លើយតប​បាន​នៅឡើយ​​ទេ​នៅ​ថ្ងៃទី​២០ សីហា។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​តែងតាំង​ដំឡើង​តួនាទី​មន្ត្រី​ផ្សេងៗ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនមែន​ជា​រឿង​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ នៅក្នុង​សង្គម​សម្បូរ​ដោយ​អំពើពុករលួយ​បែបនេះ​។ លោក​បន្ត​ថា រដ្ឋាភិបាល​តែងតែ​ផ្ដល់​តំណែង ឬ​ផ្ដល់​តួនាទី​ទៅ​ដល់​បុគ្គល​ណា​ដែល​ជិតស្និទ្ធ គាំទ្រ​និន្នាការ​នយោបាយ​របស់​ខ្លួន​។ ទន្ទឹម​គ្នា​នេះ លោក​ថា ការ​ធ្វើ​ដូច្នេះ មិន​បាន​ជួយ​អ្វី​ដល់​សង្គម​កម្ពុជា​ឡើយ ក្រៅ​តែ​ពី​ការ​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​កាន់តែ​ច្រើនឡើង​ក្នុង​សង្គម និង​ជា​ប្រព័ន្ធ៖ «ទោះជា​មនុស្ស​នោះ​មាន​ចំណេះដឹង​ប៉ុណ្ណា​ក៏ដោយ ហើយ​គ្មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះស្រាយ​ដាក់​ទៅ​កន្លែង​ណា​ក៏​ដោះ (​ដោះស្រាយ​បញ្ហា​អត់​កើត​ដែរ ហើយ​ជាពិសេស​យើង​មើល​ឃើញ​រាល់​ការ​តែងតាំង​ហ្នឹង វា​អត់​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព»។

ការ​តែងតាំង អ្នក​សិល្បៈ អ្នកសារព័ត៌មាន និង​សែស្រឡាយ​អ្នកធំ នៅក្នុង​ស្ថាប័នរដ្ឋ បាន​ក្លាយជា​វប្បធម៌​ដ៏​ពេញនិយម ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​។ រាប់​តាំងពី​មន្ត្រី​ថ្នាក់ក្រោម​ជាតិ រហូតដល់​មេដឹកនាំ​កំពូលៗ ក្នុង​នោះ​ក៏​មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផង​ដែរ សុទ្ធតែ​តែងតាំង​កូនចៅ និង​សាច់ញាតិ​របស់​ខ្លួន​ទាំងចាស់ទាំងក្មេង​ឲ្យ​កាន់​កាប់​តួនាទី​សំខាន់ៗ ពិសេស​ស្ថាប័ន​ការពារ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles