កម្ពុជា-នយោបាយ
21/08/2022 – 08:16
ដោយ៖ ជួប នរក្សា
RFI

ក្រុមការងារគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ © សហការី
គណបក្សកែទម្រង់កម្ពុជា បាននិងកំពុងបោះដៃរកគណបក្ស៤ផ្សេងទៀត ដើម្បីឈានទៅការរួបរួមគ្នាសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ។ ជាការរួបរួមរបស់គណបក្សនយោបាយ ដែលសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បញ្ជាក់ថា មានគណបក្សខ្លះមកពីអតីតគណបក្សសង្រ្គោះជាតិ និងខ្លះជាគណបក្សដែលបង្កើតផ្សេង។ ទន្ទឹមនឹងការបោះដៃរកការរួបរួមរបស់គណបក្សកែទម្រង់កម្ពុជាពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានចេតនាត្រឹមចងសម្ព័ន្ធភាពប៉ុណ្ណោះ។
ការឈានទៅរកចំណុចរួបរួមរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល កំពុងក្លាយជាប្រធានបទពិភាក្សាគ្នារវាងគណបក្សនយោបាយមួយចំនួន ក្រោយពិនិត្យឃើញពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។ ជាការពិភាក្សាសម្រាប់ការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ គណបក្សកែទម្រង់កម្ពុជាកំពុងដុតដៃបង្ហាញជំហររួបរួមជាមួយគណបក្ស៤ផ្សេងទៀត ដែលមាននិន្នាការប្រហាក់ប្រហែល។ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សកែទម្រង់កម្ពុជាបាននិងកំពុងធ្វើការជាមួយគណបក្ស៣ផ្សេងទៀត ក្នុងការជជែកពីការរួបរួមក្រោមគណបក្សតែមួយថ្មី នៅឆ្នាំ២០២៣ខាងមុខ។
ដំណើរវិវិតន្ត៍កំពុងបន្ត ខណៈដែលលោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា នឹងត្រៀមប្រកាសពីការរួបរួមនៅចុងខែកញ្ញាខាងមុខ។ តាមសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ការឈានទៅរកការរួបរួមនេះ គឺមានគណបក្សខ្លះបែកមែកចេញពីអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សខ្លះជាគណបក្សថ្មី។ មិនមានការបញ្ជាក់លម្អិត តែលោក អ៊ូ ច័ន្ទរ័ត្ន ថា ការរួបរួមនេះ មិនមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកំពុងបង្ហាញចេតនាចងសម្ព័ន្ធភាពនោះទេ។
នៅទន្ទឹមនឹងការបោះដៃរកការរួបរួមរបស់គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បាននិងកំពុងជជែកមកចំណុចរួមជាមួយគណបក្សមួយចំនួនផ្សេងៗទៀត ដើម្បីចងសម្ព័ន្ធមេត្រីភាព។ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ថា បច្ចុប្បន្នគណបក្សទាំង៤កំពុងជជែកពីយុទ្ធសាស្រ្តនៃការចងសម្ព័ន្ធភាព ដោយប្រើប្រាស់គោលការណ៍ចំនួន៣។
ក្នុងនោះ ទី១ គឺការចែកមូលដ្ឋានឈរជើង ដោយដាក់បេក្ខភាពគណបក្សណាមួយ ដែលមានប្រជាប្រិយភាពស្រាប់ ទី២ គឺការចូលរួមក្នុងគណបក្សណាមួយដែលមានស្រាប់ និងទី៣ គឺការបង្កើតគណបក្សមួយថ្មី ដូចអ្វីដែលអតីតគណបក្សសង្រ្គោះជាតិ ធ្លាប់ធ្វើរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា គណបក្សក្រៅរដ្ឋាភិបាលគួរជជែកពីការរួបរួម ជាជាងការចងសម្ព័ន្ធភាព។ នេះដោយដ្បិតថា ការរួបរួមក្រោមគណបក្សតែមួយ គណបក្សទាំងនោះអាចកៀងគរសំឡេងគាំទ្រកុំឲ្យបែកខ្ញែក ខណៈដែលការចងសម្ព័ន្ធភាពរវាងគ្នា បានត្រឹមតែការពារគ្នាពេលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចប៉ុណ្ណោះ។ តាមលោក ឯម សុវណ្ណារ៉ា ការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាល នឹងអាចគណបក្សទាំងនោះមានសមត្ថភាពប្រមូលសំឡេងគាំទ្រប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។
ជាការកត់សម្គាល់ ការជជែកពីការរួបរួម និងការចងសម្ព័ន្ធភាពនេះ អ្វីដែលមហាជន និងអ្នកតាមដាននយោបាយកំពុងឃ្លាំមើល គឺវត្តមានរបស់គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រចំនួន ១,៦លានសំឡេង សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីនេះៗ។
លោក ឯម សុវណ្ណារ៉ា ដដែលយល់ឃើញថា ប្រសិនជាការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាលពេលខាងមុខ មានវត្តមានគណបក្សភ្លើងទៀន នោះនឹងអាចទាក់ទាញសំឡេងមហាជនកាន់តែច្រើន ព្រោះចង់ឬមិនចង់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ គណបក្សភ្លើងទៀននឹងទទួលបានអាសនៈខ្លះចេញពីការបោះឆ្នោតថ្នាក់ជាតិ៕