សកម្មជន​បរិស្ថាន​សាទរ​ជាមួយ​ព្រះរាជក្រឹត្យ​ការពារ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ

ដោយ ម៉ៅ សុធានី
2022.08.21
RFA

សកម្មជន​បរិស្ថាន​សាទរ​ជាមួយ​ព្រះរាជក្រឹត្យ​ការពារ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ

ស្លាកសញ្ញាស្វាគមន៍ភ្ញៀវទេសចរណ៍ទៅកាន់តំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ព្រះរាជក្រឹត្យ ដែល​ដាក់​ព្រៃ​តំបន់ភ្នំតាម៉ៅ​នេះ ឱ្យ​ទៅ​ជា​ឧទ្យាន​សួន​សត្វ ព្រៃ​ការពារ និង​សួន​ភូតគាម​ភ្នំ​តាម៉ៅ។ សកម្មជន​និង​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​នេះ គឺ​ជា​អំណះអំណាង​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ព្រៃតំបន់​ភ្នំ​តាម៉ៅ នឹង​ត្រូវ​បាន​ការពារ ក៏​ប៉ុន្តែ​ពួកគេ​ស្នើសុំ​ឱ្យ​ក្រុម​កងអង្គរក្ស​ដែល​យាម​កាម​តំបន់​នោះ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកកាសែត​ចូលរួម​តាមដាន​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ផង។

សកម្មជន​ចលនាមាតា​ធម្មជាតិ​កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កញ្ញា​រីករាយ​នៅ​ពេល​បាន​ឃើញ​ព្រះរាជក្រឹត្យ ព្រោះ​វា​គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅ នឹង​ត្រូវ​បាន​អភិរក្ស។ កញ្ញា ភួន កែវរស្មី បន្ថែមថា ទោះជា​យ៉ាង​ណា​ព្រះរាជក្រឹត្យ​នេះ​គ្រាន់​តែ​ជា​ឯកសារ​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ ហើយ​មហាជន​គួរ​បន្តចូលរួម​តាមដាន​ដំណើរ​ការ​អភិវឌ្ឍ​ដី​តំបន់​ភ្នំ​តាម៉ៅ​ទៀត ពីព្រោះ​កន្លង​មក បើ​ទោះបី​ជា​ដី​ព្រៃ​អភិរក្ស​ដែល​មាន​ព្រះរាជក្រឹត្យ​ការពារក្ដី ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កាប់​ព្រៃ​យក​ធ្វើជា​ដី​ឯកជន​បាន​ដែរ។ ជា​មួយ​គ្នា​នេះ កញ្ញា​ក៏បាន​សំណូមពរ​ដល់​សាធារណៈ​ឱ្យ​ចូលរួម​បញ្ចេញ​មតិ ស្នើសុំដល់​រដ្ឋាភិបាល​ដក​ហូត​កោះកុងក្រៅ​ពី​ក្រុមហ៊ុន​ឯកជន​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ​ផងដែរ៖ «ពួកយើង​ក៏កំពុង​តែមាន​យុទ្ធនាការ​មួយ​ ក្នុង​ការទាមទារ​ឱ្យ​មាន​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​សមុទ្រ​ដូចគ្នា អញ្ចឹង​យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​ការទាមទារ​ទាំង​អស់​ហ្នឹង ពី​ប្រជាពលរដ្ឋ​​ដូចគ្នា ព្រោះ​កោះកុងក្រៅ​ក៏​ជា​សម្បត្តិ​ធនធាន​ក្នុង​ស្រុក​ខ្មែរ​ដូចគ្នា»

ស្រដៀង​គ្នា​នេះ​ដែរ​សកម្មជនខ្មែរ​ថាវរៈ​កញ្ញា ឈឿន ដារ៉ាវី សាទរចំពោះ​ព្រះរាជក្រឹត្យ​ដែល​ការពារព្រៃ​តំបន់​ភ្នំតាម៉ៅ។ កញ្ញា​និយាយ​ថា ព្រះរាជក្រឹត្យ​នេះ គឺជា​លទ្ធផល​បាន​មក​ពី​សំឡេង​មហាជន​ដែល​មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញ​មតិយោបល់​តាម​បណ្ដាញ​សង្គម រហូត​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ផ្លាស់​ប្ដូរ​គំនិត។ កញ្ញា ឈឿន ដារ៉ាវី បន្ថែមថា ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋាភិបាល​គួរអនុញ្ញាត​ឱ្យ​សកម្មជន​បរិស្ថាន​ផ្សេងៗ និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចូលរួម​ដាំដើមឈើ ​ឬក៏​ចូល​ទៅ​តំបន់​ព្រៃ​ដែល​បាន​ឈូសឆាយ​ផង ព្រោះ​នេះ​គឺ​ជា​គោលការណ៍​គ្រឹះ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ដែល​ការ​អភិវឌ្ឍន៍​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី៖ «រដ្ឋទាល់​តែ​ប្រជាពលរដ្ឋ​ទាមទារទើប​បាន​ផ្ដល់​ឱ្យ​នូវ​រាល់ការ​ទាមទារ​ហ្នឹងអញ្ចឹង​នេះ​គឺ​ជាលើកដំបូង​មួយដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​មែន​ទែនទើប​មាន​ដំណោះ​ស្រាយ»

ព្រះមហាក្សត្រ​ព្រះបាទ នរោត្ដម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាល​ពី​ថ្ងៃទី១៩ ខែសីហា ដាក់​ដី​ព្រៃ​តំបន់​ភ្នំតាម៉ៅ ទៅ​ជា​ឧទ្យាន​សួន​សត្វ ព្រៃការពារ និង​សួនភូតគាម ភ្នំតាម៉ៅ លើ​ផ្ទៃដី​ទំហំ​ជាង ២ពាន់​ហិកតា​ (២,០៤៥ ហិកតា) ក្នុង​គោល​បំណង​សំខាន់​៣​គឺ ទី១. ថែរក្សា​ព្រៃ​តំបន់​នេះ​ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ដ ទី២.ផ្ដល់ការ​ថែរក្សា​សង្គ្រោះ​សត្វព្រៃ ព្យាបាល និង​ស្ដារ​លទ្ធភាព​សត្វព្រៃ ចំណែក​ទី៣​វិញ គឺ​អភិរក្ស​ប្រភេទ​សត្វ និង​រុក្ខជាតិ ជិត​ផុត​ពូជ និង​បង្កើត​ពូជ​ឈើ​ប្រណិត​ក្នុង​ព្រៃ​តំបន់​នេះ។

ជុំវិញ​រឿងនេះ​ដែរ អគ្គលេខាធិការ​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ លោក ថន ស័ក្ដិដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​នេះ គឺជា​ការ​ធ្វើឱ្យ​មហាជន​ស្ងប់ចិត្ត កុំ​ឱ្យ​មាន​ការ​សង្ស័យ​ថា ដីព្រៃ​នៅតំបន់​ភ្នំតាម៉ៅ នឹង​ត្រូវ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថន ស័ក្ដិដា បន្ថែមថា តាមរយៈ​បទពិសោធន៍​ករណី​ដី​ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅនេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា នៅពេល​ថ្នាក់ដឹកនាំ ទទួល​យក​គំនិត​រិះគន់​របស់​សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ នោះការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​គួរ​ផ្ដល់​ការ​កោតសរសើរ​ដល់​យុវជន​បរិស្ថាន ជា​ជាង​ដាក់​ទោសទណ្ឌ​ទៅ​លើ​ពួកគេ៖ «មិន​ត្រឹម​តែ​លើកសរសើរ​ទេគួរតែ​មាន​ពាន​កិត្តិយស​ឱ្យ​មួយ​ជូន​ទៅ​គាត់ឧទាហរណ៍​ដូច​ក្រុម​យុវជន​ខ្មែរថាវរៈក្រុម​យុវជន​មាតា​ធម្មជាតិ​ហ្នឹងគួរតែ​ផ្ដល់​ពានរង្វាន់​ដល់​គាត់​ទៅហើយ​នេះ​គាត់​មិនមែន​ចេះ​តែ​ធ្វើ​លេងៗ​ទេវា​ចេញ​ពី​បេះដូងវា​ចេញ​ពី​ឆន្ទៈនិង​ឧត្ដមគតិ​ជាតិ​របស់​ពួកគាត់»

ដីព្រៃ​តំបន់​ភ្នំតាម៉ៅ ត្រូវបាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូសឆាយ​អស់​ជាង​៥​រយហិកតា (៥០០ ហិកតា) ​កាល​ពី​ដើម​ខែសីហា។ ក្រោយពី​មាន​ការ​រិះគន់​ពី​សំណាក់​មហាជន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ឈូសឆាយ អភិវឌ្ឍ​ដី​ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅ នៅថ្ងៃទី៧ ខែសីហា។ ព្រះរាជក្រឹត្យ ការពារ​ព្រៃ​តំបន់​ភ្នំតាម៉ៅ ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​សង្ស័យ​ពី​សាធារណៈជន​ថា ដី​ដែល​ឈូសឆាយ​រួច​នឹង​ត្រូវ​អភិវឌ្ឍន៍ ហើយ​ក្រុមអង្គរក្ស​លោក ហ៊ុន សែន ដែល​បាន​យាមកាម​នៅ​តំបន់​នោះ ក៏បាន​ប្រើប្រាស់​អំពើ​ហិង្សា និង​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ក្រុម​យុវជន​ខ្មែរថាវរៈ៤នាក់ និង​អ្នក​យកព័ត៌មាន វីអូឌី (VOD)​៥នាក់ មិនឱ្យចូល​ទៅកន្លែង​ដែល​បាន​ឈូសឆាយ​ដីព្រៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles