យុវជន​ចលនា​មាតា​ធម្មជាតិ គ្រោង​ដាក់ញ្ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន​ឱ្យ​ដក​ហូត​កោះកុងក្រៅ​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ

ដោយ សុជីវី
2022.08.21
RFA

យុវជន​ចលនា​មាតា​ធម្មជាតិ គ្រោង​ដាក់ញ្ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន​ឱ្យ​ដក​ហូត​កោះកុងក្រៅ​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ

ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩។​រូប៖ Photo courtesy of Mother Nature


សកម្មជន​ចលនា​មាតា​ធម្មជាតិ គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី២៣ ខែសីហា  ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​កោះកុងក្រៅ ដាក់​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សកម្មភាព​របស់​យុវជន​មាតាធម្មជាតិ​នេះ គឺជាការ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ​សកម្ម ដើម្បី​ជួយ​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

សកម្មជន​ចលនា​មាតា​ធម្មជាតិកញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុអាស៊ីសេរីថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ កំពុង​ប្រមូល​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ ស្នើ​សុំ​ឱ្យ​ក្រសួង​នេះ​បង្ហាញ​លទ្ធផល​ពី​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​កោះកុងក្រៅ និង​ធ្វើបច្ចុប្បន្នភាព​អំពី​ដំណើរ​ការ​នៃ​ការ​ដាក់​កោះកុងក្រៅ​ទៅ​ជា «ឧទ្យានជាតិសមុទ្រ» វិញ។ កញ្ញា ភួន កែវរស្មី បន្ថែម​ថា យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ មិន​ចង់​ឱ្យ​ឃើញ​កោះកុងក្រៅ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត​ (Koh Kong SEZ Co.ltd) របស់​ឧកញ៉ា លី យ៉ុងផាត់ ឡើយ ហើយ​គោលបំណង​ក្នុងការ​ដាក់​ញត្តិ​នេះ​ក៏​ចង់​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន ដាក់កោះកុងក្រៅ​ទៅ​ជា​ឧទ្យានជាតិ​សមុទ្រ ដូច​ក្រសួង​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ខែមិថុនា ឆ្នាំ២០២០ដែរ។ កញ្ញា ភួន កែវរស្មី ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ឱ្យ​គាំទ្រ និង​ក្លាហាន ក្នុងការ​បញ្ចេញមតិ​គាំទ្រ​យុទ្ធនាការ​សង្គ្រោះ​កោះកុងក្រៅ​នេះ​ដែរ៖ «អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា ហើយ​នឹង​ជឿជាក់​យ៉ាង​មុតមាំថា កោះកុងក្រៅ​នឹង​ត្រូវ​បាន​ថែរក្សា និង​បាន​ដាក់​ជា​ឧទ្យាន​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ បើសិន​ជា​បងប្អូន​ប្រជាពលរដ្ឋ ស្រុះស្រួលគ្នា សាមគ្គីគ្នា ក្នុងការ​ទាមទារ​ជាមួយ​ពួក​យើង ដូច​ក្នុង​រឿង​តាម៉ៅ ឬក៏មក​គាំទ្រ​សកម្មភាព​យើង​ដូចកាល​ពី​ឆ្នាំ២០២០​ដែរ»


វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថានលោក នេត្រ ភក្ត្រា ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន នៅថ្ងៃទី២១ ខែសីហា។ ទោះជាយ៉ាងណា កាល​ពី​ខែមិថុនា ឆ្នាំ២០២០ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា ក្រសួង​បរិស្ថាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​កោះកុង​ក្រៅ​តាំង​ពី​ឆ្នាំ២០១៦​មក​ម្លេះ ហើយ​បើទោះបី​ជា​គ្មាន​យុទ្ធនាការ​ ឬ​ការ​ទាមទារ​ណា​មួយ​ក៏​ដោយ ក៏​ក្រសួង​បរិស្ថាន​រំពឹងថា នឹង​ប្រកាស តំបន់កោះកុង​ក្រៅ​ជា ឧទ្យាន​ជាតិ​សមុទ្រ អំឡុង​ឆ្នាំ២០២១ ដែរ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ ប៉ុន្តែមក​ដល់​ពេល​នេះ ក្រសួង​បរិស្ថាន​មិន​ទាន់​បាន​ប្រកាស ដាក់កោះកុងក្រៅ​ជា «ឧទ្យានជាតិសមុទ្រ» នៅ​ឡើយ​ទេ។

ជុំវិញ​រឿងនេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅកាត់ថា អាដហុក​ (ADHOC) លោក សឹង សែនករុណា យល់ឃើញ​ថា កន្លងមក ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ និង​សម្បទាន​ដី​ជា​ច្រើន មិនបាន​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា ដើម្បី​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​មាន​ការ​ខ្វះខាត មិន​បាន​ចុះវាយ​តម្លៃ ដក​ហូត​គម្រោង​ទាំង​នោះ​មក​ជា​ទ្រព្យសម្បត្តិ​ជាតិ​វិញ​ដែរ។

លោក សឹង សែនករុណា បន្ថែមថា​ សកម្មភាព​ដាក់ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ គឺ​ជា​ការបំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋសកម្ម ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​លោក​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​បរិស្ថាន​ជា​មួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដើម្បី​រួម​គ្នា​សង្គ្រោះ​កោះកុង​ក្រៅ​មក​វិញ៖ «បើយើង​មើល​មាត្រា៣៥ គេថា​ពលរដ្ឋ​គឺ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ អីទាំងអស់ហ្នឹង គឺ​ពលរដ្ឋ​មាន​សិទ្ធិ​ណាស់​ មិនមែន​ជា​រឿង​ញុះញង់​អី​ទេ»

កោះកុងក្រៅ គឺជាកោះក្នុងដែន​សមុទ្រកម្ពុជា​ធំជាងគេ​ដែល​មាន​ទំហំ​ជាង​១រយ​គីឡូ​ម៉ែត្រ​ការេ​ (១០៣ គីឡូម៉ែត្រការ៉េ) ​ហើយមាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ចំនួន៦ ​ដែល​មាន​សក្ដានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។ ចលនា​មាតា​ធម្មជាតិ​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​សង្គ្រោះ​កោះកុងក្រៅ តាំងពី​ឆ្នាំ២០១៩​មក​ម្លេះ ដែល​យុទ្ធនាការ​នេះ​មាន​ដូចជា សកម្មភាព​ជិះកង់​ពី​ខេត្តកោះកុង​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការដាក់តាំង​ពិព័រណ៍​រូបថត​ទេសភាព​កោះ​កុង​ក្រៅ និងការ​ដឹកនាំ​យុវជន​ទៅ​ស្វែង​យល់​ពី​កោះកុង​ក្រៅ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles