កូដករ​ណាហ្គាវើល បន្ត​តវ៉ា​ទាមទារ​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ

ដោយ ម៉ៅ សុធានី
2022.08.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូដករ​ណាហ្គាវើល បន្ត​តវ៉ា​ទាមទារ​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​តវ៉ា​ទាំងភ្លៀង នៅ​មុខ​ក្រុមហ៊ុនណាហ្កាវើលដ៍ នៅ​រសៀល​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២២ ដើម្បីទាមទារ​រក​​ដោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ រូបភាពពីពលរដ្ឋ


ក្រុម​កូដករ​ណាហ្គាវើលដ៍ នៅ​រសៀល​ថ្ងៃ​ទី២៣ សីហា បន្ត​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ថៅកែ​ក្រុមហ៊ុន​ដោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​ពួក​គេ ក្រុម​កូដករ​យល់​ថា មូលហេតុ​ក្រុមហ៊ុន​មិន​អាច​ដោះស្រាយ វិវាទ​ការងារ​នេះ ដោយសារ​រដ្ឋាភិបាល​ឈរ​ខាង​ភាគី​ក្រុមហ៊ុន ដោយ​មិន​ខ្វល់​អំពី​ការ​អនុវត្ត​ច្បាប់ និង​ទុក្ខ​លំបាក​របស់​ក្រុម​កូដករ។ សង្គម​ស៊ីវិល​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដោះ​ស្រាយ​វិវាទ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ជូន​ដល់​កូដករ​ឱ្យ​បាន​ឆាប់ ដើម្បី​ស្ដារ​មុខ​មាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ ។


ក្រុម​កូដករ​ណាហ្គាវើលដ៍​ជិត ១០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី២៣ ខែសីហា បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​តវ៉ា និង​មាន​ឱកាស​ឈរ​ស្រែក​តវ៉ា នៅ​ខាង​មុខ​ក្រុមហ៊ុន ៥ថ្ងៃ​ហើយ ប៉ុន្តែ​ក្រុមហ៊ុន នៅ​តែ​គ្មាន​ផ្តល់​ដំណោះស្រាយ ដល់​កូដករ​ឡើយ  ។ កូដករ​ទាមទារ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គោរព​សិទ្ធិ​ការងារ និង​ទទួល​យក​កម្មករ​និយោជិត ដែល​ខ្លួន​បាន​បញ្ឈប់​កន្លង​ទៅ​ជាង ៣០០នាក់ ដែល​សព្វថ្ងៃ​នៅ​សល់​តែ​ជាង ១០០នាក់​នេះ រួម​ទាំង​ថ្នាក់​ដឹកនាំ​សហជីព ចូល​ធ្វើ​ការងារ​ដូច​ដើម​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​កូដករ ។


Nagaworld_protest_082322.jpg
បុគ្គលិក​កម្មករ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

កូដករ​ណាហ្គាវើលដ៍ កញ្ញា រឿន មុំម៉ារីណែត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី២៣ សីហា ឱ្យ​ដឹង​ថា កញ្ញា​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ អនុញ្ញាត​ឱ្យ​កូដករ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld) ៥ថ្ងៃ​ហើយ ប៉ុន្តែ​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ដល់​កូដករ​នៅ​ឡើយ។ កញ្ញា​បន្ត​ថា កូដករ​បាន​ប្រើ​សិទ្ធិ​កូដកម្ម​ស្រប​តាម​ច្បាប់​ក្រោយ​អាជ្ញាធរ អនុញ្ញាត​ឱ្យ​ធ្វើ​កូដកម្ម​មុខ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld)។ កញ្ញា រឿន មុំម៉ារីណែត បញ្ជាក់​ថា ក្រុម​កូដករ នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​រហូត​មាន​ដំណោះស្រាយ៖ «គិត​ថា មួយ​រយៈ​ហ្នឹង​ឃើញ​ថា ពួក​យើង​អាច​ទៅ​ដល់​មុខ​ណាហ្គា១ (Nagaworld1) ក៏​ដូចជា​ណាហ្គា២ (Nagaworld2) បាន ព្រោះ​កាល​ពី​មុន​មាន​ការ​រារាំង​ខ្លាំង តែ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​តែ​ឃើញ​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា​ខាង​យូអិន (UN) ចុះ​មក​ចុះ​អីចឹង​ណាស់។ ខ្ញុំ​ឃើញ​ថា ពុំ​មាន​ការ​វាយដំ ក៏​ដូច​ជា​រារាំង​ពី​អាជ្ញាធរ​ដូច​កាល​ពី​មួយ​រយៈ​មុន​ទេ។ ខ្ញុំ​ក៏​អត់​ដឹង​ថា ពួក​គាត់​កំពុង​តែ​គិត​អ្វី​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ដឹង​ថា បើសិនជា​ពួក​ខ្ញុំ​អាច​រុល​ទៅ​ដល់​មុខ​ណាហ្គា១ (Nagaworld1) ណាហ្គា២ (Nagaworld2) បាន នេះ​គឺ​ជា​ការ​អាច​ប្រើប្រាស់​សិទ្ធិ នៃ​ការ​ធ្វើ​កូដកម្ម ដែល​ចែង​នៅ​ក្នុង​មាត្រា​ច្បាប់​បាន»

ស្រដៀង​គ្នា​នេះ កូដករ​ណាហ្គាវើលដ៍​កញ្ញា ច័ន្ទ ស្រីរ័ត្ន ថ្លែង​ថា កញ្ញា​ជឿ​​ជាក់​លើ​ច្បាប់​កម្ពុជា​អាច​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​កូដករ​បាន ។ កញ្ញាបន្ត​ថា បើ​អាជ្ញាធរ​មិន​រារាំង​កូដករ ហើយ​ព្យាយាម​ដំណោះស្រាយ គឺ​មិន​អាចអូសបន្ថាយរហូតជាង៨ខែបែបនេះឡើយ ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើក​ឡើង​ថា បើ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ដោះ​ស្រាយ គួរ​ឱ្យ​កូដករ​បន្ត​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​រហូត​ទាល់តែ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះ​ស្រាយ៖ «ខ្ញុំ​គិត​ថា ដំណោះស្រាយ ខ្ញុំ​អត់​ជឿ​ថា វា​មិន​មាន​សម្រាប់​ពួក​ខ្ញុំ ដែល​ជា​កូដករ តែ​កន្លង​មក គឺ​មក​ពី​អាជ្ញាធរ ដូចជា ស្ថាប័ន​ពាក់ព័ន្ធ គាត់​មិន​ព្យាយាម​ដោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ បែរ​ជា​ព្យាយាម​ទៅ​កាង​ឱ្យ​ថៅកែ​បរទេស​ហ្នឹង ដល់អញ្ចឹង ដំណោះស្រាយ​វា​អត់​ទាន់​មាន​ជា​ផ្លែផ្កា ។ អាជ្ញាធរ​គិត​តែ​ពី​រារាំង ហើយ​ក្រសួង​ការងារ​គិត​តែ​ពី​កាត់ក្តី​យ​ថៅកែ​បរទេស​ហ្នឹង បាន​ជា​វា​អូស​បន្លាយ​ដល់​សព្វ​ថ្ងៃ»

សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​កូដករ​មើល​ឃើញ​ថា ឥរិយាបថ​របស់​អាជ្ញាធ​រាជធានី​ភ្នំពេញ ផ្លាស់ប្ដូរ​ភ្លាមៗ បែប​នេះ អាច​មក​ពី​តំណាង​ពិសេស អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា UN កំពុង​បំពេញ​បេសកកម្ម នៅ​កម្ពុជា ។ អាជ្ញាធរ​ជា​ច្រើន​នាក់​នៅ​តែ​បន្ត ស្លៀក​ពាក់​ស៊ីវិល និង​បង្ហោះ​ដ្រូន (Drone ) ឃ្លាំមើល​ក្រុម​កូដករ​ដដែល ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​អត្ថធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ថ្ងៃ២៣ សីហា ដោយ​ទូរស័ព្ទ​ទាក់ទង​មិន​បាន ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​កូដកម្ម ដែល​កំណត់​ដោយ​ច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​គោរព​សិទ្ធិ​កូដករ ។ លោក​បន្ត​ថា ការ​អូស​បន្លាយ​នេះ បង្ក​ឱ្យ​កើត​មាន​បញ្ហា​ជា​អំពើ​ហិង្សា រវាង​អាជ្ញាធរ ជាមួយ កូដករ​រហូត​ឈាន​ដល់​មាន​ការ​ប៉ះទង្គិច​ជា​បន្ត​បន្ទាប់ ។ លោក អំ សំអាត ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ចូលរួម​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​កុំ​ឱ្យ​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន ប្រែក្លាយ​ជា​ការ​ប្រឈម​ជាមួយ​អាជ្ញាធរ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ដល់​រដ្ឋាភិបាល៖ «មាន​តែ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​បញ្ហា​វិវាទ​ការងារ​ហ្នឹង​ទេ ដែល​ជា​រឿង​ល្អ ព្រោះ​កន្លង​មក​ដែល​កើត​ទៅ​លើ​អំពើ​ហិង្សា ទៅ​លើ​ក្រុម​កូដករ ការ​រារាំង​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ចូល​ទៅ​ឃ្លាំមើល​កៀក​ជាមួយ​នឹង​ក្រុម​កូដករ​អី​ជាដើម។ អា​ហ្នឹង​គឺ​វា​បង្កើន​នូវ​ជា​ការ​ថ្កោលទោស ការ​រិះគន់​កាន់​តែ​ធ្ងន់ធ្ងរ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​មុខមាត់​របស់​រដ្ឋាភិបាល។ ជាពិសេស ទាក់ទង នឹង​រឿង​គេ​ថា រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ពួក​គាត់​អី​ជា​ដើម។ វា​មាន​តែ​វិធី​មួយ​ទេ ដំណោះស្រាយ​មួយ​ទេ គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ក្រុមហ៊ុន និង​ក្រុម​កូដករ​ហ្នឹង គាត់​បាន​ដោះ​ស្រាយ​បញ្ចប់​រឿង​ហ្នឹង​ឱ្យ​បាន​ឆាប់ វា​កាន់​តែ​ល្អ»

ថ្មីៗ នេះ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ធ្លាប់​បាន​ចុះ​ពិនិត្យ និង​ឃ្លាំមើល​ដោយ​ផ្ទាល់ ទីតាំង​ដែល​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ដែល​ភាគ​ច្រើន​ជា​ស្ត្រី​បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទី១ ប៉ុន្តែ​គ្មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ដូច​ពេល​មុនៗ ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឡើយ។

គិតមកត្រឹមខែសីហា​នេះ ក្រុម​កូដករ​បាន​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង ៨ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ។ កន្លង​មក​ក្រុម​អាជ្ញាធរ តែង​ប្រើ​អំពើ​ហិង្សា ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ប្រចាំ ដោយ​ចាប់​រុញ​កូដករ​ឡើង​រថយន្ត​ក្រុង ដោយ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​ជា​ដើម។

សង្គមស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ចូលរួម​តាមដាន​ក្នុង​ការ​ធ្វើ​កូដកម្មបុគ្គលិកណាហ្គាវើលដ៏ សង្កេត​ឃើញ​ថា ក្រោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កូដករ​ហាក់​ទទួល​បាន​សិទ្ធិ​ធ្វើ​កូដកម្ម​ធូរ​ជាង​មុនៗ ដែល​មិន​ទាន់​មាន​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​មក​ទស្សនកិច្ច​នៅ​កម្ពុជា៕

Nagaworld_protest_in_front_of_company_082322.jpg
បុគ្គលិក​កម្មករ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles