លោក សម រង្ស៊ី ប្រកាស​ចូល​សវនាការ​កម្ពុជា តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​បម្រាម

តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ២៤ សីហា ២០២២ | ម៉ោង ១៣:៥១
VOD

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ


លោក សម រង្ស៊ី ប្រកាសធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកា​កោះរបស់តុលាការនៅខែកញ្ញាខាងមុខ ប៉ុន្តែទាមទារឱ្យលោក ហ៊ុន សែន មានភាពក្លាហានក្នុងការបើកផ្លូវឱ្យលោកចូលកម្ពុជាវិញ ដោយគ្មានការរារាំង ពិសេសលុបចោលបម្រាមដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក។ ​

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ចេញដីកាកោះកាលពីថ្ងៃទី១៩ ខែសីហា និងបានយកទៅ បិទនៅអតីតស្នាក់ការគណបក្សសង្រ្គោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីឱ្យលោកនិងថ្នាក់ដឹកនាំបក្សនេះ៣៣នាក់ផ្សេងទៀត ចូលរួមសវនាការនៅថ្ងៃទី១៥ ខែកញ្ញា ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់»។

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា លោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការតុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការក្រុងភ្នំពេញ ពិសេសដីកាចុងក្រោយបង្អស់ ខណៈលោកធ្លាប់បានប្រកាសជាច្រើនលើកច្រើនសាទាក់ទិនការចូលខ្លួនមកតតាំងក្ដីនៅកម្ពុជានេះ។

យ៉ាងណា ​លោក សម រង្ស៊ី លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន មានភាពក្លាហានក្នុងការឱ្យលោកចូលខ្លួនមកកម្ពុជាប្រាកដមែន នាយករដ្ឋមន្ត្រីរូបនេះត្រូវលើកបម្រាម ៣ចំណុច ដល់លោកជាមុនសិន។

បើតាមអ្នកនយោបាយចាស់វស្សារបស់បក្សប្រឆាំងរូបនេះ បម្រាមទាំង៣នោះ រួមមាន ការហាមឃាត់ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកលោកមកកាន់អាកាសយានដ្ឋានណាមួយនៅកម្ពុជា។ លុបចោលបម្រាមដែលលោក ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាល​ថៃហាមឃាត់រូបលោកមិនឱ្យធ្វើដំណើរឆ្ពោះមកកាន់កម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីថៃ។ ចុងក្រោយ ត្រូវលុបចោលបម្រាមដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរទូទៅមកទទួលស្វាគមន៍លោក តាមការស្ម័គ្រចិត្ត នៅពេលមកដល់កម្ពុជា។ ​

លោក សម រង្ស៊ី ថា៖ «ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាមទាំង៣ខាងលើនេះ ដើម្បីបើកផ្លូវឱ្យខ្ញុំវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធី តាមដីកាកោះរបស់តុលាការ និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរយ៉ាងច្រើនលើសលុប»។

លោក សម រង្ស៊ី បន្ថែមថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនហ៊ានលើកបម្រាមទាំង៣នេះទេ នោះឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន ខ្លាចបំផុតចំពោះវត្តមានរបស់លោកនៅលើទឹកដីកម្ពុជា។ លើសពីនេះបង្ហាញថា លោក ហ៊ុន សែន ជាមនុស្សកំសាក​ ដែលជាហេតុធ្វើឱ្យគេមើលងាយគាត់គ្រប់គ្នា។

លោក សម រង្ស៊ី បន្តថា៖ «ម៉្យាងវិញទៀត គេក៏នឹងសើចចំអកឱ្យគាត់ថែមទៀត ពីព្រោះគាត់បានបញ្ជាឱ្យតុលាការអាយ៉ងរបស់គាត់ចេញដីកាចាប់រូបខ្ញុំយកទៅកាត់ទោស [ទោសដែលពួកគាត់បានប្រតិដ្ឋ] តែនៅពេលខ្ញុំត្រៀមចូលមកប្រទេសកម្ពុជា ឱ្យពួកគាត់ចាប់ខ្ញុំ ស្រាប់តែគាត់បែរមកហាមឃាត់ខ្ញុំ ហើយបង្កឧបសគ្គ មិនឱ្យខ្ញុំធ្វើដំណើរមកប្រទេសកំណើតរបស់ខ្ញុំវិញ»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក លោក សម រង្ស៊ី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ​ដែលប្តឹងដោយប្រធានរដ្ឋសភា លោក ហេង សំរិន និង​បាន​រត់ភៀសខ្លួន​ទៅរស់នៅ​ប្រទេស​បារាំង រហូតមកទល់ពេលបច្ចុប្បន្ន។ ​​​

កាល​ពី​ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធានគណបក្សសង្គ្រោះជាតិ ​ក្រោមហេតុផលថា ដើម្បីរក្សាទុកគណបក្សប្រឆាំងមួយនេះមិនឱ្យតុលាការរំលាយ ដោយសារ​​ច្បាប់​គណបក្ស​ថ្មី​ចែងថា គណបក្ស​នយោបាយ​ណា​ដែល​មាន​សមាជិក​ជា​ឧក្រិដ្ឋជន​នឹង​ត្រូវ​រំលាយ។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសប្តេជ្ញាវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែផែនការ «៩វិច្ឆិកា» នោះត្រូវបានបរាជ័យទាំងស្រុង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles