មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ប្រាសាទ​អង្គរវត្ត​សច្ចា​ស្មោះស្ម័គ្រ​បម្រើ​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2022.09.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ប្រាសាទ​អង្គរវត្ត​សច្ចា​ស្មោះស្ម័គ្រ​បម្រើ​ពលរដ្ឋ

មេដឹកនាំគណបក្សភ្លើងទៀនជាង ១០០នាក់ ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០២២ ដោយ​សច្ចា​ថា ស្មោះស្ម័គ្រ​បម្រើ​ពលរដ្ឋ និង​ស្មោះត្រង់​ចំពោះ​ជាតិ។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន


មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​នេះ សរុប​ជាង ១០០នាក់ នាំ​គ្នា​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​ប្រាសាទ​អង្គរវត្ត សច្ចា​ថា ស្មោះស្ម័គ្រ​បម្រើ​ពលរដ្ឋ និង​ស្មោះត្រង់​ចំពោះ​ជាតិ។ អ្នក​ឃ្លាំមើល​ការងារ​បោះ​ឆ្នោត​ថ្លែង​ថា ការ​សច្ចាប្រណិធាន​នេះ ជា​ការ​ប្រតិបត្តិ​តាម​ទំនៀម​ទម្លាប់​ខ្មែរ នឹង​អាច​បន្ថែម​ទម្ងន់ ពី​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លើ​គណបក្ស​ភ្លើង​ទៀន​កាន់​តែ​មាន​ជំនឿ។

ពាក្យ​សច្ចាប្រណិធាន​របស់​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ថា នឹង​ធ្វើ​អ្វីៗ គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​ទឹកដី របប​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ត្រឹមត្រូវ។ ពួក​គេ​ថា នឹង​បំពេញ​ការងារ​ដោយ​ស្មោះស្ម័គ្រ និង​ស្មោះត្រង់ ក្នុង​នាម​ជា​មហា​គ្រួសារ​គណបក្ស​ភ្លើង​ទៀន ដើម្បី​មាន​ឱកាស​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ។

អនុប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​វិទ្យុ​អាស៊ី​សេរី ថ្ងៃ​ទី៩ ខែកញ្ញា​ថា គណបក្ស​ភ្លើង​ទៀន មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។ លោក​ឲ្យ​ដឹង​ទៀត​ថា មុន​ឈាន​ដល់​ការ​ធ្វើ​ពិធី​សច្ចាប្រណិធាន​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ជួប​ពិគ្រោះ​យោបល់​គ្នា ក្នុង​ការ​ធ្វើ​កម្មវិធី​នយោបាយ​គណបក្ស ដោយ​យក​តាម​គំរូ​ព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ៖ «ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​តស៊ូ ដើម្បី​ប្រទេស​ជាតិ ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហា​វីរ​ក្សត្រ ដែល​យើង​ស្មោះត្រង់​ចំពោះ​ជាតិ​របស់​យើង​ស្មោះត្រង់​នឹង​ពលរដ្ឋ​របស់​យើង​ក្នុង​ការ​តស៊ូ​នេះ​គឺ ដើម្បី​ផល​ប្រយោជន៍​ជាតិ​មាតុភូមិ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ»

មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន ធ្វើ​សច្ចាប្រណិធាន ពេល​នេះ​ក្រោយ​គណបក្ស​នេះ ដណ្ដើម​កៅអី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ២.០០០កន្លែង​ទូទាំង​ប្រទេស​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី៥ ខែមិថុនា ដែល​ជា​ការ​ប្រកួត​មួយ​ពោរពេញ​ដោយ​ការ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​រដ្ឋ។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ម្នាក់ លោក ឃឿន វីរ៉ាត់ ដែល​បាន​ចូលរួម​ពិធី​ស្បថ​នេះ​ដែរ លើក​ឡើង ថា លោក​មាន​ឆន្ទៈ​ដូច​ទៅ​នឹង​ឆន្ទៈ​រួម​របស់​គណបក្ស​នេះ​ដែរ គឺ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅចូលរួមការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោក ឃឿន វីរ៉ាត់ ថា ក្នុង​នាម​លោក​អ្នក​បម្រើ​ពលរដ្ឋ ដែល​ទទួល​បាន​តំណែង​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ លោក​នឹង​ព្យាយាម​បំពេញ​ការងារ ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ៖ «ចង់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​មួយ ដែល​ទទួល​យក​ទាំង​អស់​គ្នា ទាំង​អ្នក​មាន​ក៏​រស់​បាន ទាំង​អ្នក​ក្រ​ក៏​រស់​បាន​ទាំង​បក្ស​កាន់​អំណាច ក៏​រស់​បាន​ទាំង​បក្ស​ប្រឆាំង ក៏​រស់​បាន​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ»

 មេដឹកនាំគណបក្សភ្លើងទៀនជាង១០០នាក់ ដែល​បាន​ទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី៨ ខែកញ្ញា រួមមាន ប្រធាន​គណបក្ស អនុប្រធាន ប្រធាន​ក្រុម​ការងារ​តាម​បណ្ដា​ខេត្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នេះ ។ ក្រៅ​ពី​ការ​ធ្វើ​សច្ចាប្រណិធាន គណបក្ស​ភ្លើងទៀន ក៏​ធ្វើ​ពិធី​រំលឹក​គុណ​អតីត​វរ​មហាក្សត្រ និង​មហា​បុព្វបុរស​ខ្មែរ​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​អ្នក​នយោបាយ ដែល​ឈាន​ដល់​នាំ​គ្នា​ទៅ​ស្បថ​បែប​នេះ ជា​អ្នក​នយោបាយ​អស់ សង្ឃឹម។ លោក​ថ្លែង​បែប​ចំអក​ទៀត​ថា គណបក្ស​ភ្លើង​ទៀន អាច​មាន​វាសនា ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដែល​នឹង​បាត់​វត្តមាន​ពី​ទីលាន​ការ​ប្រកួត​ប្រជែង​នយោបាយ​នៅ​កម្ពុជា៖ «ភ្លើង​ទៀន និង​អតីត​សង្គ្រោះ​ជាតិ មិន​ខុស​គ្នា​ទេ គឺ​តែ​មួយ អ៊ីចឹង​ទេ ទៅ​ស្បថ​នៅ​អង្គរវត្ត​សុទ្ធតែ​ចាញ់​សម្បថ​នៅ​អង្គរវត្ត ទាំងអស់ អ៊ីចឹង​បាន​រលាយ ចាំ​មើលៗ ឲ្យ​តែ​ស្បថ​ញយ​បន្តិច​រលាយ​ដូច​គ្នា ហ្នឹង​ហើយ​កាល​សង្គ្រោះ​ជាតិ​ទៅ​ស្បថ​ហ្នឹង​សុទ្ធតែ​ជំរុញ​ឆន្ទៈ ជំរុញ​ឆន្ទៈ​ទាក់​ឆាន់​បណ្ដោយ»

ចំណែក នាយក ប្រតិបត្តិ អង្គការ ឃ្លាំមើល ការ បោះឆ្នោត នៅ កម្ពុជា ហៅ កាត់ ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់​ថា ការ​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​របស់​មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ពេល​នេះ គឺ​នឹង​ធ្វើ​គណបក្ស​កើន​ប្រជាប្រិយភាព​ទៅ​វិញ​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​ពិធី​សាសនា​នេះ ការ​ជា​បន្ថែម​ទម្ងន់​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​បន្ថែម​ទៀត ដែល​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​កាន់តែ​ខ្ពស់​ដល់​អ្នក​គាំទ្រ​របស់​គណបក្ស​នេះ៖ «ជា​ការ​ល្អ​ហើយ ព្រោះ​កម្មវិធី​នយោបាយ​គណបក្ស​គាត់ (គណបក្ស​ភ្លើង​ទៀនមាន​ស្រាប់​ហើយ​ណា តាម​ប្រពៃណី​ខ្មែរ​ជំនឿ​គេ​ច្រើន​ធ្វើ​ពិធី​បន់ស្រន់ សច្ចាប្រណិធាន ឲ្យ​ព្រះ​ជា​សាក្សី​ដឹង​ឮ​អ៊ីចឹង​ណា បន្ថែម​ពី​លើ​កម្មវិធី​នយោបាយ​ទៀត នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ កាន់តែ​មាន​ជំនឿ​មាំ​ជាង​មុន​ខ្លាំង​ជាង​មុន»

លោក សំ គន្ធាមី យល់ថា ដើម្បី​ឲ្យ​គណបក្ស​ក្លាយ​ជា​គណបក្ស​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ គឺ​ទាមទារ​ឲ្យ​គណបក្ស​នេះ ធ្វើ​សកម្មភាព​ជាក់​ស្ដែង​ក្នុង​ការ​បម្រើ​ពលរដ្ឋ ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត និង​ការ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គណបក្ស​នានា រួម​ទាំង​គណបក្ស​គណបក្ស​កាន់​អំណាច​ផង​ដែរ។

គណបក្ស​ភ្លើង​ទៀន ដែល​មាន​ការ​ចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយ​ជា​គណបក្ស ប្រឆាំង​ទី១ ដែល​ទទួល​សំឡេង​ឆ្នោត​ជាង ៦០ម៉ឺន​សំឡេង ជា​សំឡេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​កាល​ពី​ពេល​ថ្មីៗ នេះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​នានា រួម​ទាំង​គណបក្ស ដែល​កើត​ចេញ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​រក្សា​ជំហរ​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles