ព័ត៌មានជាតិ សង្គម
កញ្ញា ខាន់ លក្ខិណា | ០១ តុលា ២០២២ | ម៉ោង ១៩:១២
VOD

សាកសពយោធាការពារព្រំដែនមួយរូប ដែលអាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា បានរកឃើញនៅថ្ងៃសៅរ៍នេះ ខណៈក្រុមជួយសង្គ្រោះកំពុងរុករកសាកសពយោធាម្នាក់ទៀត ដែលពួកគេលង់ទឹកអំឡុងពេលជួយក្មេងពីរនាក់ លង់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។ (រូបភាព ហ្វេសប៊ុក)
មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ អះអាងថា សាកសពយោធាម្នាក់ត្រូវបានរកឃើញ ខណៈក្រុមការងារជួយសង្គ្រោះកំពុងរុករកសពយោធាម្នាក់ទៀតដែលបានលង់ទឹក អំឡុងពេលពួកគេចុះជួយក្មេងពីរនាក់ ដែលបានរអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។
អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ប្រាប់វីអូឌីថា ហេតុការណ៍យោធាស្លាប់នេះ បានកើកឡើង បន្ទាប់ពីយោធាទាំង ២ រូប បានចុះទៅកុមារពីនាក់បងប្អូនកាលពីរសៀលម្សិលមិញ។ លោកបញ្ជាក់ថា កុមារពីរនាក់បងប្អូនត្រូវជួយសង្គ្រោះ ប៉ុន្តែយោធា ២នាក់ ដែលចុះជួយនោះ ត្រូវបានទឹកគួចទៅកន្លែងជ្រៅទើបបណ្ដាលឱ្យលង់ ដោយសារ ម្សិលមិញនេះ លោកថា ទឹកហូរខ្លាំង។
លោកបន្តថា៖«កូនក្មេងហ្នឹងពីរនាក់បងប្អូននៅលេងបង្ហៀទឹក ហើយអាប្អូនក៏រអិលជើងធ្លាក់ ហើយអាបងឃើញក៏ទៅតាមចាប់។ អ៊ីចឹង កងពល ៤២ ដែលគាត់ទៅលេងនោះដែរ ក៏គាត់ទៅជួយ ទៅជួយគាត់បានរុញក្មេងនឹងទៅដល់ច្រាំងហើយ ដោយសារទឹកខ្លាំងក៏បុកគាត់ចូលទៅជ្រៅទៅ ហើយដោយសារសម្លៀកបំពាក់គាត់ជាយោធា អ៊ីចឹងធ្វើឱ្យទឹកដក់ធ្ងន់ គាត់ពិបាកហែលបញ្រ្ចាស់មកវិញ។ អ៊ីចឹងធ្វើឱ្យទាហានពីររូបលង់»។
លោក រ៉ាដូ បន្តថា គិតចាប់តាំងពីរសៀលម្សិលមិញរហូតដល់ល្ងាចថ្ងៃសៅរ៍នេះ សមត្ថកិច្ច និង ក្រុមការងារជួយសង្គ្រោះបានរកឃើញសពយោធាមួយរូប ដែលមានអាយុ២៤ឆ្នាំ។ ចំណែកយោធាមួយរូបទៀតមិនទាន់ឃើញសាកសពនៅឡើយ ប៉ុន្តែក្រុមការងារកំពុងស្វែងរកបន្តទៀត។ លោកបន្តថា យោធាទាំងពីររូបដែលជួយសង្គ្រោះក្មេងមកពីកងទ័ព នៃកងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់។
លោកបន្តថា៖«រកមិនទាន់ឃើញទេ តាំងពីម្សិលមិញ។ យើងប្រើកម្លាំងចម្រុះស្រុកផង មានកម្លាំងឃុំ។ យើងរួមគ្នា ដើម្បីស្វែងរកសពពួកគាត់ហ្នឹង»។
អ្នកនាំពាក្យសាលាខេត្តរូបនេះបញ្ជាក់ថា បច្ចុប្បន្ន នៅខេត្តឧត្ដរមានជ័យមិនមានទឹកជំនន់ទេ ហើយទឹកជន់ដោយទឹកភ្លៀងនោះ បានស្រកចុះបណ្តើរៗទៅវិញហើយដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។