ដោយ យន់ សាមៀន
2022.10.01
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះមតិរិះគន់ក្រុមគ្រួសាររបស់លោកទាក់ទងការស្នងដំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត និងការនាំចៅស្រីទៅចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ លោកអះអាងថា រឿងទាំងនេះមិនបង្ហាញថាគ្រួសាររបស់លោកដឹកនាំប្រទេសផ្ដាច់ការតវង្សត្រកូលដូចប្រទេសកូរ៉េខាងជើងនោះទេ។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្ដាច់ការ និងជាកម្មសិទ្ធិផ្ដាច់មុខគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ខែតុលា បានថ្លែងសារឌឺងដងឱ្យមន្ត្រីគណបក្សប្រឆាំង និងអ្នករិះគន់ក្រុមគ្រួសារត្រកូលហ៊ុន ថាទោះបីលោកមិនបានធ្វើនាយករដ្ឋមន្ត្រីនាពេលខាងមុខបន្តទៀតក៏ដោយ ក៏លោកនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីផ្តល់មតិយោបល់ដដែល។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ហាក់ខឹងសម្បារចំពោះអ្នករិះគន់លោករឿងផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត និងរឿងលោកនាំចៅស្រីពីរនាក់ចូលមហាសន្និបាតរបស់អង្គការសហប្រជាជាតិជាដើម។ លោក អះអាងថា ការធ្វើបែបនោះមិនមែនជាការដឹកនាំប្រទេសតពូជដូចមេដឹកនាំប្រទេសកូរ៉េខាងជើងទេ ព្រោះនៅកម្ពុជាអាស្រ័យលើពលរដ្ឋខ្មែរជាអ្នកបោះឆ្នោតឱ្យបន្តដឹងនាំប្រទេស ឬមិនឱ្យដឹកនាំប្រទេសតែប៉ុណ្ណោះ។ ទោះបីយ៉ាងកន្លងការបោះឆ្នោតនៅកម្ពុជាត្រូវបានមតិជាតិនិងអន្តរជាតិរិះគន់ថា ធ្វើឡើងដោយគ្មានយុត្តិធម៌និងសេរី ហើយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏ត្រូវលោក ហ៊ុន សែន រំលាយចោលដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះឆ្នោតទៅថ្ងៃមុខ។ «»
លោក ហ៊ុន សែន យល់ថា ការវាយប្រហាររបស់គណបក្សប្រឆាំងកន្លងមកលើលោក ហ៊ុន ម៉ាណែត បានបង្រៀនឱ្យកូនប្រុសច្បងរបស់លោកចេះវិធីសាស្ត្រការពារខ្លួន និងវាយបកត្រឡប់ទៅវិញ។
ទោះបីយ៉ាងណា អ្នកតាមដានស្ថានការណ៍នយោបាយ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា មហិច្ឆតាផ្ទេរអំណាចតពូជពង្សរបស់លោក ហ៊ុន សែន ឱ្យទៅកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្ដាច់ការ ទោះបីកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យក៏ដោយ តែជាប្រជាធិបតេយ្យក្លែងក្លាយដែរ។ ចំណែក លោក ហ៊ុន សែន ដឹកដៃចៅស្រីពីរនាក់មកចូលមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉កកាលពីថ្មីៗនេះវិញ ពួកគេយល់ថាបានប៉ះពាល់កិត្តិយសរបស់ស្ថាប័នជាតិ។
អតីតតំណាងគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ំ សំអាន ថា លោក ហ៊ុន សែន បានបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈការបង្ក្រាបបក្សប្រឆាំង រៀបចំការបោះឆ្នោតក្លែងក្លាយ។ លោកបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងក្លាយជាកម្មសិទ្ធផ្ដាច់មុខរបស់គ្រួសារត្រកូលហ៊ុន។ «»
ស្រដៀងគ្នានេះ ដែរ អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក គឹម សុខ មានប្រសាសន៍ថា សាររបស់លោក ហ៊ុន សែន ពេលនេះបង្ហាញច្បាស់ថា លោក ហ៊ុន ម៉ាណែត ពុំមានសមត្ថភាពដឹកនាំនយោបាយជាតិ ហើយលោកយល់ថា ការរៀបចំផ្ទេរអំណាចផ្ដាច់ការបែបនេះមិនខុសពីការដឹកនាំប្រទេសតវង្សត្រកូលដូចកូរ៉េខាងជើងនោះទេ។ លោកមើលឃើញថា ប្រសិនបើគ្មានការទំនុកបម្រុង និងត្រួសត្រាយផ្លូវជាមុនរបស់ឪពុកទេ លោក ហ៊ុន ម៉ាណែត ពុំអាចឈានទៅក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាបានឡើយ។
ទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ត្រកូលហ៊ុន មិនដឹកនាំប្រទេសបែបផ្តាច់ការតពូជក៏ដោយ ប៉ុន្តែលោកធ្លាប់ថា លោកនឹងក្លាយជា ឪពុកនាយករដ្ឋមន្ត្រី និងតានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ អ្នកឃ្លាំមើលថា ការប្រកាសរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ រួមមានបង្ក្រាបសំឡេងប្រឆាំង និងការកែរដ្ឋធម្មនុញ្ញជាដើមកន្លងមកនេះ គឺជាមធ្យោបាយពង្រឹងអំណាចរបស់គ្រួសារត្រកូលហ៊ុន ដោយសារលោក ហ៊ុន សែន មិនទុកចិត្តផ្ទៃក្នុង និងមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
it is very true HUN SEN think Cambodian are dump but he himself was so dump