ដោយ ម៉ៅ សុធានី
2022.10.02
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងអំពាវនាវរួមគ្នាឲ្យថែរក្សាប្រាសាទបុរាណនៅទូទាំងប្រទេស ឲ្យបានគង់វង្ស។
ថ្លែងក្នុងពិធីផ្តល់ដីជូនពលរដ្ឋ ជាថ្នូរការរុះរើសំណង់ចេញពីតំបន់អង្គរ កាលពីព្រឹកថ្ងៃទី១ ខែតុលាម្សិលមិញ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ហ៊ុន សែនថា ប្រាសាទបុរាណជាច្រើន ត្រូវបានដូនតាខ្មែរសាងសង់ឡើង ក្នុងនោះប្រាសាទមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលសាងសង់ក្នុងសតវត្សទី១០ ស្ថិតក្នុងខេត្តព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ហើយប្រាសាទផ្សេងៗ ក៏កំពុងគិតគូរចុះបញ្ជីជាបន្តបន្ទាប់។ លោកថា អង្គការយូណេស្កូ ត្រូវការវាយតម្លៃយ៉ាងល្អិតល្អន់ណាស់ មុននឹងយល់ព្រមចុះបញ្ជីប្រាសាទរបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តំបន់ប្រាសាទកោះកេរ បច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ក្នុងនោះមានព្រះមហាក្សត្រខ្មែរចំនួន២អង្គ ដែលបានសោយរាជ្យនៅទីនោះ គឺព្រះបាទជ័យវរ្ម័នទី៤ (៩២១-៩៤១) និងព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤)។ លុះដល់រជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានី មកក្រុងអង្គរវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។