កម្ពុជា
កម្ពុជា-នយោបាយ
03/10/2022 – 08:05
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ប្រជាពលរដ្ឋ ដែលជាប់កម្ចីមីក្រូហិរញ្ញវត្ថុ © FB
ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃចន្ទនេះ បានជំរុញឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសដីធ្លីរបស់អ្នកជំពាក់បំណុលណាដែលមិនព្រមសងបំណុល ដោយសារតែជឿលើការឃោសនារបស់បក្សប្រឆាំង។ បក្សប្រឆាំងដែលលោក ហ៊ុន សែន ចោទថា បានឃោសនាមិនឲ្យពលរដ្ឋសងបំណុលបើខ្លួនឈ្នះជាមេឃុំ-ចៅសង្កាត់។ ប៉ុន្តែសម្រាប់ គណបក្សភ្លើងទៀន អ្វីដែលប្រមុខបក្សកាន់ អំណាចលើកឡើងនេះ គឺជាការទម្លាក់កំហុសមកលើខ្លួនខុសពីការពិត។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី៣តុលានេះ ប្រមុខបក្សកាន់អំណាចអះអាងថាលោកហើយគឺជាអ្នកសុំការយោគយល់ដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុកុំឲ្យរឹបអូសដីធ្លី ផ្ទះសំបែង ពីពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែកូវីដ១៩កន្លងទៅ។ ប៉ុន្តែលោក ហ៊ុន សែន ថ្លែងថា ទន្ទឹងគ្នានោះ មានអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបានបំផុសឲ្យក្រុមរបស់ខ្លួននៅក្នុងស្រុកដើរឃោសនាកុំឲ្យពលរដ្ឋសងបំណុល បើខ្លួនឈ្នះជាមេឃុំ-ចៅសង្កាត់។
ការឃោសនាដូចគ្នាទំនងនឹងកើតមានទៀត សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ករណីនេះលោកប្រមុខរដ្ឋាភិបាល ជំរុញឲ្យម្ចាស់បំណុលរឹបអូសដីធ្លី ឬផ្ទះសំបែងរបស់អ្នកនោះឲ្យកាន់តែលឿនបំផុត ប្រសិនបើពួកគេមិនព្រមសងបំណុលដោយសារតែជឿលើការឃោសនារបស់ក្រុមប្រឆាំង។
ក៏ប៉ុន្តែសម្រាប់គណបក្សប្រឆាំងដូចជាគណបក្សភ្លើងទៀន គឺគ្មានគោលនយោបាយឃោសនាបែបនេះឡើយ គឺមានតែគោលនយោបាយបញ្ចុះអត្រាការប្រាក់ដល់ពលរដ្ឋតែប៉ុណ្ណោះ។ នេះបើតាម លោក ថាច់ សេដ្ឋា។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចាត់ទុក ការលើកឡើងរបស់ លោក ហ៊ុន សែន ថាជាការទម្លាក់កំហុសមកលើគណបក្សភ្លើងទៀនខុសពីការពិត។
ការសិក្សាមួយ ដែលផ្ដល់គាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) កាលពីខែកញ្ញា បានបង្ហាញថា ការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំ ។ របាយការណ៍នេះ រកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋជាង៣សែនគ្រួសារ ដែលជាប់កម្ចីមីក្រូហិរញ្ញវត្ថុ ហើយពិបាក និងមិនអាចបង់សងវិញត្រូវបានប៉ានស្មានថាមានជាង ៣៣ ០០០ គ្រួសារក្នុង១ឆ្នាំ បានលក់ដីសងបំណុល។ ការសិក្សានេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៦៧.០០០ នាក់ បាន និងកំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕