ការអប់រំ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ០៥ តុលា ២០២២ | ម៉ោង ១០:២១
VOD

គ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស កម្មករ និងសហជីពប្រមាណ ១០០នាក់ រួមគ្នារៀបចំពិធីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅព្រឹកថ្ងៃពុធនេះ បានប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរជាងនេះ។
ការរៀបចំពិធីអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក នេះក៏មានការចូលរួមពីគ្រូបង្រៀន សិស្ស និស្សិត មាតាបិតាសិស្ស កម្មករ និងសហជីពប្រមាណ ១០០នាក់ផងដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានឱ្យដឹងថា គោលបំណងនៃការរៀបចំទិវានេះ គឺដើម្បីរំលឹកដឹងគុណដល់គ្រូបង្រៀនដែលចូលរួមតស៊ូមតិ និងពលីជីវិតទាមទារការដំឡើងប្រាក់បៀវត្ស និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់គ្រូបង្រៀន ព្រមទាំងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សបន្ថែមទៀត ព្រោះថា បច្ចុប្បន្ន លក្ខខណ្ឌការងាររបស់គ្រូបង្រៀនមិនទាន់ប្រសើរនោះទេ។
លោកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា៖«ទីពីរ គឺយើងចង់ឱ្យរដ្ឋាភិបាលទទួលដឹងឮថា គ្រូបង្រៀននៅមានកម្រិត ជាពិសេសជីវភាពរស់នៅរបស់គ្រូ លក្ខខណ្ឌការងារដែលគ្រូកំពុងតែប្រឈម នៅក្នុងប្រទេសកម្ពុជា»។
ទិវាគ្រូបង្រៀនពិភពលោក ត្រូវបានប្រកាសដោយអង្គការយូណេស្កូ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៤។ កន្លងទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យ ដោយបង្ហាញពីទុក្ខលំបាករបស់គ្រូបង្រៀនកំពុងជួបប្រទះ និងតែងបានស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ខែ និងដោះស្រាយបញ្ហានានាសម្រាប់គ្រូបង្រៀន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។