ដោយ ទីន ហ្សាការីយ៉ា
2022.10.07
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកអប់រំពុទ្ធសាសនាលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំប្រព្រឹត្តិទង្វើអាក្រក់ច្រើន ទើបមិនហ៊ានឲ្យក្រុមគ្រួសារយកធាតុ ឬសាកសពលោកទៅបញ្ចុះនៅក្នុងចេតិយដែលភរិយាលោកបានសង់រួចនៅក្នុងបរិវេណវត្តមួយនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា លោក ហ៊ុន សែន ឲ្យក្រុមគ្រួសារសង់ចេតិយនៅផ្ទះជំនួសវិញនេះ ជារឿងធម្មតា។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងកាលពីថ្ងៃទី០៥ តុលាថា ជារឿងចម្លែក ដែលភរិយាលោក ហ៊ុន សែន សង់ចេតិយទុកសម្រាប់លោកនៅក្នុងបរិវេណវត្តមុនីសុវណ្ណ ឬវត្តចំពុះក្អែកនោះ។
ព្រះតេជព្រះគុណ ប៊ុន ប៊ុនតិញ បន្តថា តាមទំនៀមទម្លាប់ខ្មែរកម្រឃើញភរិយាសង់ចេតិយទុកឲ្យប្ដីណាស់ តែភាគច្រើនកូនកតញ្ញូសង់ទុក សម្រាប់ឪពុកម្ដាយក្រោយពីស្លាប់។ ព្រះតេជព្រះគុណបន្ថែមថា កូនចៅសង់ចេតិយទុកនេះ លុះត្រាតែឪពុកម្ដាយ ចាស់ជរា ឬឈឺធ្ងន់ក្នុងដំណាក់កាលចុងក្រោយ។ ព្រះអង្គបន្ថែមថា សំរាប់លោក ហ៊ុន សែន វិញ ទំនងជាភរិយារបស់លោក ដឹងថា លោក ហ៊ុន សែន កំពុងមានជំងឺអ្វីមួយ ដូច្នេះហើយបានជាលោក ហ៊ុន សែន ហាក់អន្ទះសាចង់ផ្ទេរអំណាចឲ្យកូនកាន់តែឆាប់នោះ៖ «យើងមិនអាចចោទប្រកាន់ ហ៊ុន សែនថា គាត់អាចស្លាប់ក្នុងរយៈពេលខ្លីទេ ប៉ុន្តែយើងក្រឡេកមើលអីចេះវិញ ហ៊ុន សែន ខំប្រឹងរៀបចំផ្ទេរអំណាចឲ្យកូននិងចៅ។ ហើយប្រពន្ធរបស់គាត់រៀបចំចេតិយឲ្យ ហ៊ុន សែន តែយើងមិនចង់ប្រមាថទេ»។
លោក ហ៊ុន សែន ថា៖ «យោងលើអបិយជំនឿ ខ្ញុំអត់ហ៊ានដាច់ខាតហើយ។ តែមិនស្រួល បារមីយើង ព្រលឹងយើង ពេលទៅដល់ហ្នឹង[ចេតិយក្នុងវត្ត] ខ្មោចព្រលឹងយើង គឺត្រូវបានគេជាន់កនៅហ្នឹង។ បារមីមិនដល់ កុំលេង។ ខ្ញុំអត់លេងទេ»។
លោកបន្តថា៖ «ប្រពន្ធខ្ញុំគាត់ទៅលួចធ្វើចេតិយនៅក្នុងវត្តចំពុះក្អែក។ ខ្ញុំថា ខ្ញុំមិនទៅនៅវត្តទេ។ អត់ទៅទេ សុំទោស មិនទៅទេ ព្រោះទុកចិត្តម៉េចបាន ពួកអាយូកូមទៅអីទេ?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១ តុលាថា ភរិយារបស់លោកបានលួចសាងសង់ចេតិយមួយទុកនៅក្នុងវត្ត មុនីសុវណ្ណ ឬវត្តចំពុះក្អែក មានទំហំ២៥ម៉ែត្រ គុណ៣៥ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅសម្រាប់លោក។ លោក ហ៊ុន សែន អះអាងថា ភរិយាលោកលួចសង់ចេតិយនេះ ដោយសារតែឃើញបងប្រុសរបស់លោក គឺ លោក ហ៊ុន ណេង អតីតអភិបាលខែត្រកំពង់ចាមបានស្លាប់ ដោយសារគាំងបេះដូងភ្លាមៗ កាលពីខែឧសភាកន្លងទៅ។
លោក ហ៊ុន សែន បន្ថែមថា ទោះបីជាភរិយាលោកសង់ចេតិយទុកនៅវត្តស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏លោកមិនចង់ទុកធាតុ ឬសពនៅក្នុងវត្តឡើយ ព្រោះលោកខ្លាចបារមីមិនដល់ហើយក្រុមបងធំទៅរកដល់វត្ត។
ទោះបីជាបែបនេះក្ដី អ្នកព្រះពុទ្ធសាសនាលើកឡើងថា លោក ហ៊ុន សែន លើកពីបារមីមិនដល់នេះ គ្រាន់តែជារឿងបិទបាំង អំពីការភ័យខ្លាចរបស់លោកតែប៉ុណ្ណោះ។ លោក ហ៊ុន សែន មិនត្រឹមតែខ្លាចក្នុងពេលលោកនៅមានជីវិតនៅឡើយនេះទេ តែពេលលោកស្លាប់ក៏លោកខ្លាចដែរ ពីព្រោះទីវត្តអារាមដែលជាកន្លែងទីសាធារណៈ លោកខ្លាចពលរដ្ឋទៅតាមរករឿងដល់ចេតិយទៀតក្រោយពីស្លាប់។ លោក ហ៊ុន សែន ខ្លាចបែបនេះ ដោយសារតែ ក្រោមការដឹកនាំរបស់លោកបានធ្វើបាបរាស្ត្រ បណ្ដេញពលរដ្ឋចេញពីដីធ្លី ចាប់ពលរដ្ឋដែលមិនមែនជាបក្ខពួកលោកដាក់គុកច្រវាក់ និងបាញ់សម្លាប់អ្នកវិភាគ សកម្មជនបរិស្ថាន អ្នកកាសែត និងសហជីពជាដើម។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា លោក ហ៊ុន សែន មិនចង់គេឲ្យយកសាកសព ឬធាតុទៅតម្កល់នៅក្នុងចេតិយក្នុងវត្តនេះ ដោយសារតែលោកជាមេដឹកនាំអាក្រក់ ពីព្រោះជំនឿនៅក្នុងគម្ពីរ មនុស្សអាក្រក់ មេធ្មប់ និង មេអាបជាដើម មិនអាចយកធាតុទៅដាក់នៅវត្តបានទេ៖៖ «អ្នកចេះអាប ធ្មប់ និងអ្នកធ្វើអាក្រក់កាលនៅមានជីវិត មិនហ៊ានចូលវត្តទេ។ ហើយអ្នកធ្លាប់អំពើអាក្រក់ហ្នឹងក៏មិនទៅរករឿងគ្នានៅពេលស្លាប់នោះទេ។ ហ៊ុន សែន គាត់ខ្លាចមានជំនឿទាំងអស់ហ្នឹង។ តែក្នុងគម្ពីរក្នុងព្រះពុទ្ធសាសនា ស្ដេចយមរាជជាអ្នកបញ្ជា ឲ្យចាប់បោះប្រែតចូលទៅក្នុងខ្ទះអីចឹងទៅ»។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា លោក ហ៊ុន សែន មានសុខភាពល្អធម្មតា តែភរិយាលោកសង់ចេតិយទុកនេះ ជារឿងទំនៀមទម្លាប់ធម្មតារបស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ «ទៅនៅវត្តហ្នឹង តាមខ្ញុំប៉ាន់ស្មានទេណា ទៅនៅវត្តជាទីសមគួរ ជាទីស្ងប់ស្ងាត់អីចឹងទៅ។ តែការបូជា ការធ្វើចេតិយនៅផ្ទះ ដោយសារជំនឿ ដូចនៅកៀនស្វាយអី គេបូជានៅតាមផ្ទះអីចឹងទៅ»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ( Human rights watch) ចេញផ្សាយកាលពីពេលកន្លងមកថា លោក ហ៊ុន សែន ជាមេដឹកនាំបាតដៃប្រឡាក់ឈាម។ លោកអាចរក្សាអំណាចមកដល់សព្វថ្ងៃ ដោយសារតែការប្រើប្រាស់អំពើហិង្សា ការគាបសង្កត់ និងការប្រព្រឹត្តិអំពើពុករលួយ។ លោក ហ៊ុន សែន ប្រើប្រាស់កងកម្លាំងនគរបាល និងយោធា ដើម្បីអនុវត្តបញ្ជារបស់លោក។ ក្រៅពីនេះ លោកបានបង្កើតក្រុមកងកម្លាំងជាច្រើន មានទាំងក្រុមចំហ និងក្រុមសម្ងាត់ ដើម្បីកម្ទេចអ្នកប្រឆាំងជាដើម។
លោក ហ៊ុន សែន បានឲ្យក្រុមគ្រួសារសាងសង់ចេតិយនៅក្នុងភូមិគ្រឹះរបស់លោកនៅឯក្រុងតាខ្មៅជំនួសវិញនេះ ដោយហេតុផលថា លោកបានប្រគល់ឲ្យចៅច្បងរបស់លោករួចហើយ ពីព្រោះចៅច្បងនេះ លោក ហ៊ុន សែន អះអាងថា ជាម្ដាយរបស់លោកមកចាប់ជាតិ។
ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា លោក ហ៊ុន សែន ចង់ឲ្យសង់ចេតិយនៅក្នុងបរិវេណផ្ទះនៅក្រុងតាខ្មៅនេះ ព្រោះជាកម្មសិទ្ធិឯកជនរបស់លោក និងមានកងអង្គរក្សយាមការពារ ដែលពលរដ្ឋទូទៅមិនអាចទៅប៉ះពាល់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN SEN must be a killer that some Cambodian victim tell us >> there was a Khmer Rue commander who used a small ax instated of short gun killing people by used that ax right on top all those victim head . I can see some of HUN SEN talking with media I already knew this guy was an evil . please believing me HUN SEN is an evil monster murder so many Cambodian . HUN SEN wanted to be the leader of Cambodia he was hesitated to murder Cambodian during POL POT just to blame and also work directly for Vietcong boss that right he got all supported from Vietcong up to this day