ដោយ សេក បណ្ឌិត
2022.10.07
RFA

ពលរដ្ឋសហគមន៍ដីធ្លីបឹងប្រាំ និងជនជាតិដើមភាគតិចព័រ ភ្នំរៃ នៅខេត្តបាត់ដំបង ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ Photo Provided
ពលរដ្ឋសហគមន៍ដីធ្លីបឹងប្រាំ និងជនជាតិដើមភាគតិចព័រ ភ្នំរៃ នៅខេត្តបាត់ដំបង ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ និងស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី មុខរបរចម្ការវិលជុំ និងលំនៅឋាន ខណៈមានក្រុមហ៊ុនមួយចំនួនបានកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន។
ពលរដ្ឋសហគមន៍ដីធ្លីបឹងប្រាំ ស្រុកបវេល និងជនជាតិដើមភាគតិចព័រ នៅភ្នំរៃ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ និងបានលើកបដា ស្នើសុំរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានឲ្យចេញប័ណ្ណកម្មសិទ្ធិដីដល់ពួកគាត់។ ពួកគាត់អះអាងថា ពួកគាត់រស់នៅ និងបានធ្វើចម្ការវិលជុំនៅលើដីនេះតាំងពីដូនតារបស់ពួកគាត់មក ហើយពលរដ្ឋខ្លះបានរស់នៅតាំងពីឆ្នាំ១៩៧៩ ក្រោយសម័យខ្មែរក្រហមដួលរលំ។
ប្រធានសហគមន៍បឹងប្រាំ តំណាងឲ្យពលរដ្ឋ១៩២គ្រួសារ នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល លោក ហ៊ុល យ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៧ ខែតុលា ថា លោកបានមករស់នៅលើដីសហគមន៍បឹងប្រាំនេះ តាំងពីក្រោយសម័យខ្មែរក្រហម ហើយរដ្ឋាភិបាលពេលនោះប្រកាសឲ្យពលរដ្ឋរស់នៅលើដីដែលខ្លួនកាន់កាប់ លុះក្រោយមកលោក និងពលរដ្ឋទាំង១៩២គ្រួសារ នៅតំបន់បឹងប្រាំនេះ បានស្នើសុំប័ណ្ណកម្មសិទ្ធិដី ពីអាជ្ញាធរមូលដ្ឋាន តែអាជ្ញាធរមិនចេញប្លង់ដីឲ្យពួកគាត់។ លោកបន្តថា នៅឆ្នាំ២០១២ អាជ្ញាធរបានកាត់ដីនៅតំបន់បឹងប្រាំនោះ ទៅឲ្យក្រុមអ្នកមានលុយ មានអំណាច ឯពលរដ្ឋនៅតែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។ លោកស្នើរដ្ឋាភិបាលជួយពន្លឿនការធ្វើប្លង់កម្មសិទ្ធិដីឲ្យពួកគាត់ ព្រោះលោក និងពលរដ្ឋដទៃទៀត ព្រួយពីការបណ្ដេញចេញទាំងបង្ខំពីលំនៅឋាន៖ «សូមឲ្យសម្ដេច ហ៊ុន សែន សូមជួយដោះស្រាយដល់ពួកខ្ញុំនៅក្នុង១៩២គ្រួសារហ្នឹង សូមឲ្យជួយពន្លឿននូវការដោះស្រាយ ខ្ញុំជឿជាក់ថា សម្ដេចអ្នកដោះស្រាយ ប៉ុន្តែក្រែងតែមានបញ្ហារឿងល្អគេអត់សើរើ រឿងអាក្រក់លាក់មិនឲ្យដឹង»។
ប្រជាសហគមន៍បឹងប្រាំ កាលពីថ្ងៃទី៦ ខែតុលា បានប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ ក្នុងបរិវេណសាលាបឋមសិក្សាបឹងបី ស្រុកបវេល ខេត្តបាត់ដំបង ដោយមានមនុស្សចូលរួម ៥៨នាក់។ ក្នុងការប្រារព្ធទិវានេះ ពលរដ្ឋស្នើសុំអាជ្ញាធរខេត្តបាត់ដំបង ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ទាំង១៩២គ្រួសារ ដែលមានផ្ទៃដីជាងមួយពាន់ (១០៨៥) ហិកតារ ហើយអាជ្ញាធរបានពន្យារពេលមិនដោះស្រាយឲ្យពួកគាត់ជាងដប់ឆ្នាំមក។ ពលរដ្ឋបានសួរដេញដោលគ្នាពីសិទ្ធិទទួលបានលំនៅឋាន ហើយនាំគ្នាដើរហែក្បួនជុំវិញបរិវេណសាលា ក្រោយមកពួកគាត់ក៏បានហូបនំបញ្ចុកទុកជាការសាមគ្គីរបស់សហគមន៍ ជាកិច្ចបញ្ចប់កម្មវិធី។
ចំណែកសហគមន៍ជនជាតិដើមភាគតិច ព័រ នៅភ្នំរៃ ឃុំតាតោក ស្រុកសំឡូត នៅព្រឹកថ្ងៃទី៧ ខែតុលា ក៏ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ នេះដែរ ដោយពួកគាត់ចង់ឲ្យរដ្ឋាភិបាលថែរក្សាដីសហគមន៍របស់ពួកគាត់ឲ្យបានគង់វង្ស។ ដីសហគមន៍ជនជាតិដើមភាគតិច ព័រ នៅតំបន់ភ្នំរៃ មានប្រាំប្រភេទ ទី១ ដីសម្រាប់កប់សព ទី២ ដីព្រៃអារក្ស ទី៣ ដីលំនៅឋាន ទី៤ ដីចម្ការវិលជុំ និងទី៥ ដីបម្រុងទុកសម្រាប់ឲ្យកូនចៅរបស់ពួកគាត់ជំនាន់ក្រោយ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ ភ្នំរៃ នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក ឆឺន ឈន ឲ្យដឹងថា ការប្រារព្ធទិវាសិទ្ធិលំនៅឋាននេះ មានមនុស្សជាងមួយរយ (១០៣) នាក់ចូលរួម ក្នុងគោលបំណងចង់ឲ្យរដ្ឋាភិបាលជួយថែរក្សាដីសមូហភាព និងប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច ព័រ។ លោកបន្តថា ទិវានេះជាសារមួយប្រាប់ទៅអាជ្ញាធរមូលដ្ឋានឲ្យគោរពសិទ្ធិក្នុងការទទួលបានលំនៅឋានរបស់ពួកគាត់ និងសុំកុំឲ្យមានការកាប់ស្ការដីព្រៃសហគមន៍របស់ពួកគាត់ ទៅធ្វើជាកម្មសិទ្ធិឯកជនរបស់អ្នកមានលុយ មានអំណាច៖ «ខ្ញុំសំណូមពរទៅរាជរដ្ឋាភិបាលហ្នឹង ធ្វើយ៉ាងណាក្រសួងស្ថាប័នពាក់ព័ន្ធជាមួយជនជាតិដើមភាគតិច សម្រួលនៃការពន្លឿនការចុះវាស់វែង ឲ្យចេញប័ណ្ណកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចបាទ ហើយជួយគេហៅថាការពារសិទ្ធិរបស់ជនជាតិដើមភាគតិចផង ហើយរដ្ឋាភិបាលហ្នឹងគាត់ជួយអន្តរាគមន៍ រាល់មានបញ្ហាដូចជាចម្ការវិលជុំអីៗចឹងហ្នឹងណា ហើយនិងតំបន់គោរពបូជាឲ្យមានការទុក ចេញច្បាប់ការពារឲ្យហ្នឹងណា»។
ឆ្លើយតបនឹងរឿងនេះ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ប្រាប់អាស៊ីសេរីថា លោកគាំទ្រដល់ការប្រារព្ធទិវាសិទ្ធិលំនៅឋានរបស់បងប្អូនជនជាតិភាគតិច ព័រ ហើយលោកក៏លើកទឹកចិត្តពួកគាត់ឲ្យខិតខំថែរក្សាប្រពៃណី ទំនៀមទម្លាប់ជនជាតិភាគតិច។ លោកបន្ថែមថា ករណីដែលជនជាតិភាគតិច និងពលរដ្ឋតំបន់បឹងប្រាំ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី លោកនៅមិនទាន់ទទួលបានពាក្យស្នើសុំទេ៖ «ធម្មតាជារួមបញ្ហាបច្ចុប្បន្ន គឺរដ្ឋាភិបាលកំពុងខិតខំជំរុញការធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនអ៊ីចឹងទៅណា ហើយដែលគាត់មួយចំនួនមិនទាន់មានហ្នឹងមិនដឹងគាត់មានដីកន្លែងណាយើងមិនដឹង និយាយអ៊ីចឹងអត់ដឹងទេ មិនដឹងដីកន្លែងណាអត់ទាន់មានប្លង់កម្មសិទ្ធិ ជួនកាលដីអភិរក្សការពារឲ្យចេញកម្មសិទ្ធិម៉េចកើតអាហ្នឹងចង់និយាយអ៊ីចឹងណា និយាយរួមយើងថែរក្សាអភិរក្ស ហើយចង់ចេញកម្មសិទ្ធិកន្លែងដីកាការពារគេចេញម៉េចកើត»។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត លើកឡើងថា ពលរដ្ឋនៅតំបន់បឹងប្រាំ និងជនជាតិដើមភាគតិច ព័រ ខ្លាចបាត់បង់ដីកេរដូនតា ទើបពួកគាត់ស្នើសុំរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិដីឲ្យបានឆាប់។ លោកយល់ថា ពលរដ្ឋគួរតែទទួលបានសិទ្ធិលំនៅឋានសមរម្យ និងមិនគួរមានការបណ្ដេញចេញដោយបង្ខំ ដើម្បីស្របនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ ដែលពួកគាត់ធ្វើឡើងអស់ពីរថ្ងៃ៖ «ចង់ឲ្យខាងក្រសួងអភិវឌ្ឍន៍ជនបទ ហើយហ្នឹងខាងក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពន្លឿនការចុះបញ្ជីដីធ្លីសមូហភាពរបស់ពួកគាត់ឲ្យបានឆាប់ៗ ព្រោះអីគាត់ថ្វីត្បិតតែទិវាសិទ្ធិលំនៅឋានមែន។ ប៉ុន្តែសិទ្ធិលំនៅឋានរបស់ពួកគាត់ទាក់ទងនឹងការបាត់បង់វិញ ដោយសារគាត់យល់ថា សិទ្ធិលំនៅឋានវាភ្ជាប់ជាមួយនឹងសិទ្ធិដីធ្លី អ៊ីចឹងកាលណាពេលដែលគាត់មានដីកម្មសិទ្ធិស្របច្បាប់ គឺសិទ្ធិលំនៅឋានគាត់នឹងត្រូវបានគោរព»។
ការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ ទាំងពីរថ្ងៃ ដែលមានការចូលរួមពីពលរដ្ឋនៅស្រុកសំឡូត និងស្រុកបវេល ខេត្តបាត់ដំបង ប្រមាណពីររយនាក់ ដើម្បីស្នើរដ្ឋាភិបាល ចេញប័ណ្ណកម្មសិទ្ធិដី ដល់សហគមន៍របស់ពួកគាត់ ឲ្យមានសិទ្ធិរស់នៅលើដី ដូចពលរដ្ឋដទៃទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។