ដោយ ម៉ៅ សុធានី
2022.10.08
RFA

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថ្លែងប្រកាសអនុវត្តផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ចាប់ពីឆ្នាំ២០២២-២០២៦ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ រូប៖ គេហទំព័រក្រសួងព័ត៌មាន
ក្រសួងអប់រំ និងអង្គការយូនីសេហ្វ (UNICEF) ប្រកាសអនុវត្តផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ចាប់ពីឆ្នាំ២០២២–២០២៦ ដើម្បីពង្រឹងកម្មវិធីអប់រំកុមារតូច កែលម្អសម្ភារៈរៀននិងបង្រៀន ពង្រឹងសមត្ថភាពគ្រូបង្រៀនមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំមាតាបិតាផង។
ផែនការសកម្មភាពជាតិដំណាក់កាលទី២នេះ ត្រូវចំណាយថវិកាប្រមាណជាង ១០លានដុល្លារ គឺបន្តអនុវត្តចំណុចអាទិភាពដែលនៅសេសសល់ពីផែនការសកម្មភាពជាតិដំណាក់កាលទីមួយ កាលពីអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៨។ នៅប្រទេសកម្ពុជា មានកុមារប្រមាណជាង ១លាន៧សែននាក់ អាយុក្រោម៥ឆ្នាំ។
ប្រធានស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត អានៀរបាន ឆាតឺរជី (Dr. Anirban Chatterjee) បានបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងអប់រំ និងអង្គការយូនីសេហ្វ កាលពីថ្ងៃទី៧ ខែតុលា ថា កុមារអាយុក្រោម៣ឆ្នាំ ខួរក្បាលរបស់ពួកគេ លូតលាស់លឿនជាងពេលណាៗទាំងអស់ ហើយក៏ជាឱកាសមួយដែលតម្រូវឲ្យមានការថែទាំ អប់រំ សម្រាប់ការរីកចម្រើនពេញមួយជីវិតរបស់ពួកគេ។ លោកបន្តថា អង្គការយូនីសេហ្វ រួមទាំងដៃគូអភិវឌ្ឍពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ដល់កុមារតូចៗ ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានគេទុកចោលនោះទេ។
ចំណែក រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន វិញ បានឲ្យដឹងដែរថា បញ្ហាខ្វះអាហារូបត្ថម្ភរបស់កុមារអាយុក្រោម៥ឆ្នាំ ដែលបណ្តាលឲ្យក្រិននិងស្គមស្គាំង បានថយចុះពី៥០% ក្នុងឆ្នាំ២០០០ មកនៅត្រឹម២២% ក្នុងឆ្នាំ២០២១–២២។ លោកបន្តថា កុមារអាយុ៥ឆ្នាំ ចំនួន៦០% ទទួលបានការអប់រំ ក៏ប៉ុន្តែនៅមានកុមារ ៤០% ទៀត មិនអាចទទួលបានការអប់រំនៅឡើយ។ លោកលើកទឹកចិត្តមាតាបិតាឲ្យបញ្ជូនកូនតូចៗ ទៅរៀនសូត្រពីគ្រូមត្តេយ្យសិក្សា និងអ្នកជំនាញផ្សេងទៀត។
ទោះជាយ៉ាងនេះក្តី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ប្រាប់វិទ្យុអាស៊ីសេរីថា កុមារតូចៗភាគច្រើនមិនបានទៅរៀនសូត្រ ដោយសារឪពុកម្ដាយទីទាល់ក្រ និងជំពាក់បំណុលគេវ័ណ្ឌក នាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ដោយខ្លះត្រូវយកកូនតូចៗទៅជាមួយ និងខ្លះទៀតទុកឲ្យជីដូនថែរក្សាចៅៗនៅភូមិកំណើត ដោយពុំបានទៅរៀនសូត្រនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។