ដោយ យន់ សាមៀន
2022.10.10
RFA

ប្រតិភូខ្មែរកម្ពុជាក្រោមនៅបុរី ញូយ៉ក សហរដ្ឋអាមេរិក។ រូប៖ KKF
សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ កុំបោះឆ្នោតគាំទ្របេក្ខភាពប្រទេសវៀតណាម ឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ អង្គការសិទ្ធិទាំងនោះលើកឡើងថា ប្រទេសវៀតណាមបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ លើពលរដ្ឋខ្លួនឯង និងជនជាតិដើម ដែលជាម្ចាស់ស្រុក រួមមានពលរដ្ឋខ្មែរក្រោមជាដើម។
អង្គការអន្តរជាតិចំនួន៧បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ បង្ហាញក្តីកង្វល់ដល់ ឯកអគ្គរដ្ឋទូត និងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជុំវិញប្រទេសវៀតណាម ដែលចង់ក្លាយជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មីពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ អង្គការទាំងនោះលើកឡើងថា វៀតណាមមានកំណត់ត្រារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដូច្នោះប្រសិនបើប្រទេសនេះ ជាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមែននោះ កិត្តិយសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកំពូលពិភពលោកមួយនេះ នឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ញាតិ្តរបស់អង្គការអន្តរជាតិនេះ ធ្វើឡើងក្រោយពេល ក្រសួងការបរទេសវៀតណាមប្រកាសថា វៀតណាមចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ វៀតណាមអះអាង ថា រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ នឹងប្តេជ្ញាការពារជនងាយរងគ្រោះ បំបាត់អំពើហិង្សា លើកតម្កើងសមភាពយេនឌ័រនិង ដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក។ វៀតណាមធ្លាប់ក្លាយជាសមាជិកក្រុមប្រឹក្សានេះម្តងរួចហើយ កាលពីចន្លោះឆ្នាំ២០១៤និង២០១៦។ ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់ប្រទេសវៀតណាម សំដែងក្តីបារម្ភជុំវិញការឃាត់ខ្លួនយុវជនខ្មែរក្រោមលោក ដួង ខាយ ដោយចោទប្រកាន់លោករឿងចែកចាយ ឯកសារសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម។ វៀតណាមបានសារភាពថា អាជ្ញាធរវៀតណាមពិតជាបានចាប់ខ្លួនលោក ដួង ខាយ ដោយសារតែការចែកចាយឯកសារស្តីពីសិទ្ធិជនជាតិដើមមែន។
វៀតណាមក៏បានចាប់ផ្តើមកាត់ទោសកំរិតធ្ងន់ ប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សនិងដីធ្លី ពីបទប្រឆាំងនឹងរដ្ឋវៀតណាម ដែលអង្គការសហប្រជាជាតិចាត់ទុកទង្វើនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វៀតណាមបន្តប្រើប្រាស់មធ្យោបាយ ធ្វើទារុណកម្មដើម្បីបង្ខំឲ្យសកម្មជនសិទ្ធិមនុស្ស សារភាពទទួលយកទោសកំហុសដែលពួកគេមិនបានប្រព្រឹត្ត។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចុះហត្ថលេខាលើញាតិ្ត ស្នើឲ្យប្រទេសជាសមាជិកអង្គការប្រជាជាតិកុំបោះឆ្នោតគាំទ្របេក្ខភាពវៀតណាម កាលពីសប្តាហ៍មុន បានដឹកនាំប្រតិភូមួយក្រុមទៅអង្គការសហប្រជាជាតិនៅបុរី ញូយ៉ក(New York) ដើម្បីធ្វើការតស៊ូមតិប្រឆាំងនឹងសមាជិកភាពរបស់វៀតណាម។ សហព័ន្ធបានដាក់ញាតិ្តឲ្យតំណាងប្រទេសលោកសេរីនៅអង្គការសហប្រជាជាតិ ដើម្បីឲ្យស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាម និងបើកកិច្ចប្រជុំដើម្បីផ្សព្ធផ្សាយព័ត៌មាន ជុំការរំលោភបំពានសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសសេរីជាច្រើនប្រទេសបានស្វែងយល់ ពីការរំលោភសិទ្ធិមនុស្សនៅវៀតណាម ហើយលោក សង្ឃឹមថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនឹងមិនបោះឆ្នោតគាំទ្រវៀតណាមនោះទេ៖ «ខ្ញុំសង្ឃឹមថាគេនឹងបោះឆ្នោតប្រឆាំងកុំឲ្យចូលជាអង្គការសិទ្ធិមនុស្សហ្អឹង…ប៉ុន្តែបើវៀតណាមនៅតែបានជាប់ដដែលសហព័ន្ធខ្មែរកម្ពុជាក្រោមគ្មានអ្វីខាតទេ។ពាក្យចាស់ថាកុំយកពងមាន់ទៅជល់ហ្នឹងថ្មវាមិនឈ្នះទេប៉ុន្តែពងមាន់គប់ច្រើនទៅវានឹងធ្វើឲ្យប្រឡាក់ថ្មហ្នឹង»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាស្ថាប័នអន្តររដ្ឋាភិបាលក្នុងប្រព័ន្ធអង្គការ សហប្រជាជាតិ ដែលមានតួនាទីដើម្បីពង្រឹងលើកតម្កើង និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក ដោះស្រាយ ការរំលោភសិទ្ធិមនុស្ស និងផ្តល់អនុសាសន៍ស្តីពីបញ្ហាសិទិ្ធមនុស្ស។ ក្រុមប្រឹក្សានេះ មានសមាជិក ៤៧មកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិហើយតែងជួប ប្រជុំគ្នាមួយឆ្នាំម្តង ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សពិភពលោក នៅការិយាល័យ អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ( Geneva) ប្រទេស ស្វីស (Switzerland)។
ប្រទេសជាសមាជិកក្រុមប្រឹក្សា អង្គការសហប្រជាជាតិជាង១៩០ប្រទេស នឹងបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិ បីឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែតុលានេះ។ សម្រាប់អាណត្តិនេះ មានប្រទេស ១៧ រួមទាំងវៀតណាមផង ប្រកួតដណ្តើមយកអាសនៈនៅសេសសល់ចំនួន១៤ ក្នុងចំណោមសមាជិកសរុប ៤៧ប្រទេសដើម្បីធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។