លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ពី​ភាព​ជោគជ័យ​រៀងខ្លួន​ជុំវិញ​សាលក្រម​តុលាការ​បារាំង

នយោបាយ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១១ តុលា ២០២២ | ម៉ោង ១៦:២៥
VOD

ហ៊ុន សែន និង​លោក សម រង្ស៊ី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បកស្រាយពីភាពជោគជ័យ​រៀងខ្លួន ជុំវិញសាលក្រមតុលាការប្រទេសបារាំង ដែលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា ពាក់ព័ន្ធសំណុំរឿង «បរិហារកេរ្តិ៍» ដែលលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ចំពោះការចោទថា លោកជាអ្នក​សម្លាប់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡង់ឌី ដែលត្រូវជាដន្លងរបស់ខ្លួន។

ក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី១១ ខែតុលា លោក ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បានចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងការស្លាប់ដន្លងរបស់លោក គឺលោក ហុក ឡង់ឌី ប៉ុន្តែបែរជាគ្មានភស្តុតាងសម្អាងដាក់ទៅតុលាការនោះឡើយ។

តែយ៉ាងណា លោក ហ៊ុន សែន ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលានេះថា បានផ្ដល់យុត្តិធម៌និង បញ្ជាក់ពីភាពស្អាតស្អំដល់រូបលោក ដោយមិនបានពាក់ព័ន្ធនឹងការស្លាប់របស់លោក ​ហុក ឡង់ឌី ឡើយ។


លោកមានប្រសាសន៍ថា៖ «ដូច្នេះ ការចោទប្រកាន់នេះត្រូវចាត់ទុកថាជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន ដែលភាគីជនជាប់ចោទ សម រង្ស៊ី មិនបានបដិសេធនោះទេ មានន័យថា នេះ​ជាការប្រើពាក្យបរិហារកេរ្តិ៍លោក ហ៊ុន សែន។ ​​ចំណុចនេះ គេបានបញ្ជាក់នៅក្នុងកន្លែងហ្នឹង។ ​លោកឯងថាឈ្នះម៉េច? នៅពេលដែលគេបានបញ្ជាក់ លោកឯងអត់បានបដិសេធ។ ដូច្នេះ ការនិយាយចោទប្រកាន់នេះត្រូវបានចាត់ទុកបរិហារកេរ្តិ៍លោក ហ៊ុន សែន ហើយដែលភាគីជនជាប់ចោទមិនបានបដិសេធនោះទេ។ នេះជា​ចំណុចទី១ នៃជោគជ័យ​នៃការស្វែងរកយុត្តិធម៌នៃភាពស្អាតស្អំ ដែលខ្ញុំហៅថា ខ្ញុំតាមវាយដល់ផ្ទះ ដើម្បីស្វែងរកយុត្តិធម៌និងភាពស្អាតស្អំ»។

លោក ហ៊ុន សែន បន្តថា ទោះបីជាតុលាការបារាំងសម្រេចឱ្យលោក សម រង្ស៊ី រួចផុតពីបទចោទប្រកាន់ និងបដិសេធចំពោះការទាមទារសំណងរបស់លោកក្ដី ប៉ុន្តែលោកមិនប្ដឹងឧទ្ធរណ៍ទេ ព្រោះអ្វីដែលលោកចង់បាននោះ គឺភាពស្អាតស្អំរបស់លោកតែប៉ុណ្ណោះ។

លោកថា៖ «សម្រេចឱ្យលោក សម រង្ស៊ី រួចផុតពីបទចោទ អាហ្នឹងទី១។ ទី២ ទទួលស្គាល់លោក ហ៊ុន សែន ជាដើមបណ្ដឹងរដ្ឋប្បវេណី។ ទី៣ បដិសេធការទាមទាររបស់​លោក ហ៊ុន សែន ជាដើមបណ្ដឹងរដ្ឋប្បវេណី ដោយសារលោក សម រង្ស៊ី ត្រូវបានរួចផុតពីបទចោទប្រកាន់ ព្រោះគេដាក់នៅពីខាងលើ អាខាងក្រោមទារមិនបានអា១អឺរ៉ូហ្នឹងទៀត។ ទី៤ ច្រានចោល​ការទាមទារសំណងរបស់លោក សម រង្ស៊ី ចំពោះរាល់ការចំណាយទាំងអស់​ ព្រោះអាម្សៀរហ្នឹង​ទាមទារថា បើវាឈ្នះក្ដី វាឱ្យខ្ញុំចេញការចំណាយទាំងអស់​ទៅមេធាវីរបស់វា។ ខ្ញុំអរគុណការថ្លឹងថ្លែងរបស់តុលាការបារាំង​»។

ចំណែក លោក សម រង្ស៊ី វិញ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី១០ ខែតុលានេះ ដោយបកស្រាយថា តុលាការបារាំងបានឱ្យលោកឈ្នះក្ដីលើលោក ហ៊ុន សែន ដោយការសម្រេចលើកលែងការចោទប្រកាន់លើរូបលោក។

លោកបន្តថា តាមរយៈសាលក្រមតុលាការបារាំងប្រកាស បានចាត់ទុកថា លោកគ្មានទោសកំហុសនោះទេ ហើយការលើកឡើងរបស់លោក វាជាការតស៊ូមតិ។ លោក សម រង្ស៊ី ចាត់ទុកការប្រកាសសាលក្រមរបស់តុលាការបារាំងថា មិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនមួយនោះទេ តែជាការនាំមក​នូវសេចក្តីសង្ឃឹមដល់អ្នកការពារសេរីភាពនិងយុត្តិធម៌ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត។

លោកថា៖ «អតិថិជនរបស់យើងបានទទួលសេចក្ដីសម្រេចលើកលែងការចោទប្រកាន់ពីតុលាការទីក្រុងប៉ារីស ថ្ងៃនេះ ដោយក្ដីរំភើបក្រៃលែង។ តាំងពីជាង២០ឆ្នាំមកហើយ សម រង្ស៊ី លាតត្រដាងនិងថ្កោលទោសបទឧក្រិដ្ឋប្រព្រឹត្តដោយរដ្ឋអំណាចនៅប្រទេសកម្ពុជាសព្វថ្ងៃ ហើយគាត់តស៊ូ ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ»។  

ស្ថាបនិកគណបក្សសង្រ្គោះជាតិរូបនេះ បន្តសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ ខែតុលា ថាទាក់ទងពាក្យបណ្ដឹងលោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី ដែលបានប្ដឹងលោកពីបទបរិហារកេរ្តិ៍ដែរនោះ តុលាការបារាំងសម្រេចលើកលែងការចោទប្រកាន់មកលើលោក សម រង្ស៊ី។ ការច្រានចោលបណ្តឹងរបស់លោក ឌី វិជ្ជា នេះ ​លោក សម រង្ស៊ី អះអាងថា ដោយសារតុលាការបារាំង​រកឃើញថា ​​អ្វីដែលលោកនិយាយនោះ​ គ្រាន់តែលើកឡើងពីគំនិតក្នុងចិត្តរបស់លោក ឌី វិជ្ជា តែប៉ុណ្ណោះ មិនមែនពីទង្វើជាក់ស្តែងណាមួយឡើយ។

​សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា​ ការប្ដឹងផ្ដល់គ្នាទៅដល់តុលាការបារាំងនេះ វាបានបង្ហាញឱ្យឃើញថា តុលាការនៅ​កម្ពុជាមិនអាចផ្ដល់យុត្តិធម៌ឱ្យប្រជាពលរដ្ឋខ្លួនបាន ជាពិសេសអ្នកនយោបាយគណបក្សប្រឆាំង។ ជាមួយគ្នានេះ លោកថា ការសម្រេចរបស់តុលាការបារាំងនេះ ក៏បានឆ្លុះបញ្ចាំងពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

លោកថា៖ «ប្រព័ន្ធតុលាការនៅកម្ពុជាពិបាកធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបាន បាននាំគ្នា​រត់ទៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី គាត់មិនអាចចូលប្រទេសបានផង។ អ៊ីចឹងប្រជាពលរដ្ឋកម្ពុជាពុំមានលទ្ធភាព​ទៅរកយុត្តិធម៌នៅក្រៅប្រទេសបានទេ។​ ចំណែកនៅក្នុងប្រទេសជាទិដ្ឋភាពមួយ ហើយ​នៅប្រទសលោកសេរីមានកម្រិតជីវភាពជឿនលឿន បើសិនជាលោក សម រង្ស៊ី គេពិន័យ១អឺរ៉ូ! ​អ៊ីចឹងហើយនៅកម្ពុជា ​ឃើញឧទាហរណ៍ករណីក្ដីលោក សុន ឆ័យ ​សងសុទ្ធតែ៧៥ម៉ឺនដុល្លារអីហ្នឹង វាច្រើន​​ហួសហេតុនឹងបរិមាណនៃចំណូលជាប្រចាំថ្ងៃទៅទៀត។ អាហ្នឹងជាករណីមួយឆ្លុះបញ្ចាំង​ឱ្យតុលាការកម្ពុជាគួរមើលពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាទៅដល់ណាហើយ»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ យល់ថា សេចក្ដីសម្រេចរបស់តុលាការប្រទេសបារាំងបានផ្ដល់ភាពទុកចិត្តដល់មេដឹកនាំនយោបាយទាំងពីរ ដោយមិនឱ្យភាគីខាងណាឈ្នះឬចាញ់ឡើយ។

លោកថា៖ «កាលណាប្រជាពលរដ្ឋកម្ពុជាគ្នាឯង ឈ្លោះគ្នា ​ប្ដឹងគ្នា វាពាក់ព័ន្ធនឹងភាពមិនល្អ ភាពស្អុយគគ្រក់របស់កម្ពុជាត្រូវបាន​និយាយជាសាធារណៈ​នៅកញ្ចក់ទូរទស្សន៍ ​និងបណ្ដាញផ្សព្វផ្សាយនានា។ អ៊ីចឹង​វាបង្ហាញថា កម្ពុជាយើងកំពុងប្រឈម​ការបែកបាក់ផុយស្រួយ​។ ​[អ្នកទទួលបានផលប្រយោជន៍ជាអ្នកណា? ] អ្នកនយោបាយទទួលបានផលប្រយោជន៍ និងប្រទេសជិតខាង»។

កាលពីខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រសារបស់លោក ​​ដែល​​ត្រូវ​​ជា​​កូន​​ប្រុសបង្កើតរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា បានដាក់បណ្ដឹងទៅតុលា​​ការថ្នាក់​​ទាប​ ប្រ​​ទេ​ស​បារាំង ដោយប្ដឹងលោក សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍»។ ការប្តឹងនោះ ក្រោយពី​អ្នកនយោ​​បាយបក្សប្រឆាំងចាស់​វស្សា​​​រូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីដើមខែមិថុនា ឆ្នាំ​​​២​០១៩ ដោ​​យ​ចោទលោក ហ៊ុន សែន ថាបានដាក់គ្រាប់បែកដៃសម្លាប់លោក ហុក ឡង់ឌី កាល​​ពី​​ឆ្នាំ​​២០០៨។ ប៉ុន្តែរដ្ឋាភិបាលធ្លាប់អះអាងថា ការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិពេលនោះ ជាការស្លាប់ដោយរន្ទះបាញ់ បង្កឡើងដោយគ្រោះធម្មជាតិ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles