បរិស្ថាន ព័ត៌មានជាតិ
កញ្ញា គៀត សុរិទ្ធធាវី | ១២ តុលា ២០២២ | ម៉ោង ១០:៣៦
VOD

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការនគរបាលជាតិ)
អាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់ដំណាំស្រូវប្រមាណ៣៦ ០០០ហិកតា និងដំឡូងមី ៣ ០០០ហិកតា ហើយប្រជាពលរដ្ឋជាង៣០០នាក់ត្រូវបានពស់ចឹក។
នាយករងរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ណង វុទ្ធី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ក្នុងរយៈពេលមួយខែកន្លងទៅនេះ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យភាគខាងលិចខេត្តបន្ទាយមានជ័យរងការជន់លិច ក្នុងនោះ ទឹកជំនន់បានប៉ះពាល់ដល់ផ្ទះចំនួន១៤ ០០០ខ្នង និងបណ្ដាលឱ្យមានការជម្លៀសប្រជាជនជិត១ ៤០០គ្រួសារ។
លោក ណង វុទ្ធី បន្ថែមថា ពស់ក៏រត់គេចពីទឹកជំនន់ដែរ។
លោកបន្ថែមថា៖ «វាត្រជាក់ ដូច្នេះវារត់រកកន្លែងកក់ក្ដៅ ដូចជា ចង្រ្កានបាយ ប៉ុន្តែប្រជាពលរដ្ឋមិនចាប់អារម្មណ៍។ ពស់ក៏ដូចមនុស្សដែរ គឺព្យាយាមរកកន្លែងមានសុវត្ថិភាព។ រូងរបស់វាក៏លិចទឹកដែរ អ៊ីចឹងវាត្រូវរត់រកកន្លែងមានសុវត្ថិភាព»។
លោកបន្ថែមថា មនុស្សប្រហែល៣០០នាក់ត្រូវបានពស់ចឹក ក្នុងរយៈពេលមួយខែកន្លងមក និងទទួលបានការព្យាបាល ឬត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះយ៉ាងណា មិនមាននរណាម្នាក់ស្លាប់ឡើយ។
រដ្ឋបាលខេត្តបានបញ្ជាឱ្យបង្កើនបរិមាណថ្នាំព្យាបាលពស់ចឹក និងឱ្យក្រុមគ្រូពេទ្យត្រៀមខ្លួនសម្រាប់ព្យាបាល។
លោកបន្ថែមថា៖ «គ្រូពេទ្យរបស់យើងឈរជើងនៅគ្រប់ទីតាំងទាំងអស់ ទាំងមណ្ឌលសុខភាព ទាំងទីទួលសុវត្ថិភាព ហើយយើងក៏បានរៀបចំថ្នាំសម្រាប់ព្យាបាលពស់ចឹកនៅគ្រប់ទីកន្លែង»។
លោកបន្ថែមថា សាលារៀនចំនួន៧៥ខ្នង និងវត្តចំនួន៣៨ បានរងផលប៉ះពាល់ដោយទឹកជំនន់។ ទោះយ៉ាងណា ទឹកហាក់ដូចជាចាប់ផ្តើមស្រកហើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសកម្ពុជានឹងនៅតែរងឥទ្ធិពលដោយប្រព័ន្ធអាកាសធាតុសម្ពាធខ្ពស់ ចាប់ពីថ្ងៃទី១២-១៨ ខែតុលា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យម រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Snakes Seeking Shelter From Floods Bite 300 People
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។