ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក ភុន ច័ន្ទឧសភា | ១៣ តុលា ២០២២ | ម៉ោង ១១:៥០
VOD

អ្នកឃ្លាំមើលនៅសាលមហាសន្និបាតអង្គការសហប្រជាជាតិ បង្ហាញលទ្ធផលនៃការបោះឆ្នោតលើការថ្កោលទោសនៃការបញ្ចូលផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនទៅរុស្ស៊ី នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ (REUTERS/David ‘Dee’ Delgado)
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធម្សិលមិញ បានថ្កោលទោសក្នុងចំនួនច្រើនលើសលុបលើរុស្ស៊ី ទាក់ទងនឹងការប៉ុនប៉ងរបស់ប្រទេសនេះដើម្បីកាត់យកតំបន់ចំនួន៤នៃប្រទេសអ៊ុយក្រែនទៅគ្រប់គ្រង ខណៈខ្លួនក៏បានអំពាវនាវមិនឱ្យប្រទេសទាំងអស់ទទួលស្គាល់នូវសកម្មភាពខុសច្បាប់នេះផងដែរ។
យោងតាមលទ្ធផលបោះឆ្នោត ក្នុងចំណោមសមាជិកនៃមហាសន្និបាតចំនួន១៩៣ ក្នុងនោះមានប្រទេសចំនួន១៤៣ ដែលរួមមានកម្ពុជាផង បានបោះឆ្នោតគាំទ្រលើការសម្រេចនេះ ដែលនេះក៏ជាការបញ្ជាក់ឱ្យឃើញអំពីអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។
ទោះជាយ៉ាងណា តាមរយៈលទ្ធផលបោះឆ្នោត គេក៏សង្កេតឃើញមានប្រទេសចំនួន៤ ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតប្រឆាំងនឹងការសម្រេចនេះផងដែរ ដែលក្នុងនោះរួមមាន ប្រទេសស៊ីរី នីការ៉ាហ្កា កូរ៉េខាងជើង និងបេឡារុស ខណៈប្រទេសចំនួន៣៥ រួមមាន ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងប៉ាគីស្ថាន បានបោះឆ្នោតអនុបវាទ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ នៅក្នុងតំបន់ Luhansk, Kherson, Donetsk និងតំបន់ Zaporizhzhia ដែលមានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល ខណៈអាជ្ញាធរដែលតែងតាំងដោយប្រទេសរុស្ស៊ីនៅក្នុងតំបន់ទាំង៤នេះ បានអះអាងថា សំឡេងភាគច្រើនបានបង្ហាញពីការពេញចិត្តក្នុងការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនេះបញ្ចប់ទៅកាលពីថ្ងៃទី២៧ ខែកញ្ញា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។