តុលាការបញ្ចប់នីតិវិធីសួរដេញដោលលើអង្គសេចក្ដីសំណុំរឿងលោក កឹម សុខា ខណៈក្រុមមេធាវីបន្តទាមទារឱ្យកោះហៅសាក្សីជាសមត្ថកិច្ច

តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ១៤ តុលា ២០២២ | ម៉ោង ២០:៤៥
VOD

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ ឬត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ ឬត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)



ការប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងទាំងមូល ដោយប្រធាន​​ក្រុមប្រឹក្សា​​ជំនុំ​​ជ​​ម្រះ​​ នៃតុលាការជាន់ទាបនេះ បានជំរុញឱ្យមានការតវ៉ាពីភាគីស​​ហ​​មេធាវីការពារសិទ្ធិឱ្យអ្នក​​ន​​​យោ​​​​​​បា​​យ​​​​​ជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ដោយពួកគាត់​​ចាត់​​​​ទុ​ក​​​​ថា ការដឹកនាំនីតិវិធីនៃការជម្រះក្ដីនេះនៅមានរឿងជាច្រើនទៀត ដែលត្រូវជម្រះ​​មន្ទិ​​ល និងស្វែងរកការពិត ក្នុង​​ពេលសាក្សី​​សំ​​ខាន់​​​​​ផ្សេងទៀតជាមន្រ្តីនគរបាលយុត្តិធម៌ដែលចុះ​​អនុ​​វត្ត​​ចាប់​​ខ្លួនលោក កឹម សុ​​ខា មិន​​ត្រូវបានកោះហៅឱ្យ​​មកផ្ដល់សក្ខីកម្មនៅឡើយ។

លោក កូយសៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទ​​ប​​ញ្ចប់ការសួរដេញដោលលើសំណុំរឿងទាំងមូល ក្នុងរឿងក្ដីអ្នកនយោបាយជាន់ខ្ពស់នៃគណ​​ប​ក្ស​​​​ជំ​​ទាស់ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ការបិទបញ្ចប់អំពីនីតិវិធីនៃការសួរដេញដោលលើអង្គហេតុផ្សេងៗនៃសំណុំរឿងលោក កឹម សុ​​ខា នេះ ស្របពេលតុលាការបានអះអាងថា សាក្សីដែលចូលខ្លួនមកផ្ដល់សក្ខីកម្មនេះត្រូវ​​បាន​​សួរ​នាំ​​រួច​​អស់​ហើយ។

យ៉ាងនេះក្តី ក្រុមសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានឡើងជំទាស់ភ្លាមៗ នៅបន្ទាប់ពី​​ក្រុម​​​ប្រឹក្សាជំនុំជម្រះ ប្រកាសបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គហេតុទាំងមូល ដោយ​​កំ​​ណត់​​​ឱ្យភាគីក្នុងរឿងក្ដីត្រៀមខ្លួនក្នុងការធ្វើសេចក្ដីសន្និដ្ឋាន ដែលជានាទីចុងក្រោយនៃសវនា​​ការ​ មុននឹងឈានទៅប្រកាសសាលក្រម។

ជាមួយការមិនអស់ចិត្ត ដែលសហមេធាវីការពារ​សិទ្ធិ​​ឱ្យអតីតមេបក្សជំទាស់ នៅបន្តទាមទារឱ្យ​​តុលាការ​​កោះហៅសាក្សីជាសមត្ថកិច្ច និងភ្នាក់ងារ​​បរទេសដូចក្នុងបទចោទនេះ មានអង្គការ IRI USAID និងអង្គការ CANVAS ជាដើម ចូល​​មក​​ផ្ដល់​​​​​សក្ខីកម្ម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាន​​ផ្ត​ល់​​​វេទិកាឱ្យតំណាងអយ្យការពន្យល់​​ពីនីតិ​​វិធី​​ផ្លូវ​​ច្បាប់ ការពារពីការសម្រេចចិត្តនៃការបិទ​​បញ្ចប់​​នី​តិ​​វិធីនៃការសួរដេញដោលទាំងមូល។

លោក ប្លង់សុផល ដែលជាសហព្រះរាជអាជ្ញារង បានឡើងថ្លែងការពារ ដោយលើកយកបញ្ញត្តិ មា​ត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ មកជម្រាបអង្គសវនាការ អំពីភាពត្រឹមត្រូវនៃការបិទបញ្ចប់នៃនីតិវិធីសួរដេញដោលនេះ។ បន្ថែមពីលើនេះ លោក ប្លង់ សុផល លើកឡើងថា ក្រោយអនុវត្ត​​ក្រ​ម​​ព្រហ្មទណ្ឌ ឆ្នាំ២០0៧ គឺមិនដែលឃើញមានការកោះ​​អញ្ជើញសាក្សីជាសមត្ថកិច្ចនគរបាល​​យុត្តិ​​ធម៌ មកឱ្យផ្តល់សក្ខីកម្មទេ។ មិនតែប៉ុណ្ណោះ ការចាប់ខ្លួននេះធ្វើឡើងច្រើនលើកច្រើនសាមក​​ហើ​​យ ហើយជាបទល្មើសជាក់ស្តែងថែមទៀត។

បើទោះជាបែបនេះក្តី លោក ផែងហេង សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានឡើង​​កត់​សម្គាល់ ដោយហៅការថ្លែងការពារផ្លូវច្បាប់ដោយតំណាងអយ្យការរូបនេះថា វាពិតជាពីរោះស្តាប់ តែ​​នេះវាគ្រាន់តែជាការកុហកប៉ុណ្ណោះ ហើយកុំបង្ខំឱ្យលោកក្នុងនាមជាមេធាវី ហ៊ាននិយាយ​​ថា​សំ​ណុំ​​រឿងនេះ វាគឺជារឿងនយោបាយ។ ចំណែកប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយសៅ នៅតែ​​អះ​អាងម្តងហើយម្តងទៀតថា លោកមិនចាំបាច់អ្វីដែលត្រូវកោះហៅ​​សាក្សីមកផ្តល់​​សក្ខីកម្ម​ទៀត​ទេ ព្រោះតុលាការបានកោះអញ្ជើញសាក្សីចំនួន២៧រូបរួចមកហើយ ប៉ុន្តែមានអ្នកខ្លះ​​មិនបាន​ចូល​​​រួមផ្តល់សក្ខីកម្មដោយផ្ទាល់បាន។

បើតាមលោកចៅក្រម តុលាការបានកំណត់ឱ្យភាគីពាក់ព័ន្ធ ត្រូវដាក់ភស្តុតាងចូលតុលាការឱ្យ​បា​​ន​​​មុន​​ថ្ងៃទី២៦ ខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនបានឃើញភាគីចុងចោទដាក់​​ភស្តុ​​តាងថ្មីណាមួយបន្ថែមទៀត ដើម្បីបន្តនីតិវិធីទេ។ បើទោះជាតុលាការបានសម្រេចចិត្តថានឹង​​បិ​ទ​​​បញ្ចប់​​នីតិវិធីសួរដេញដោលលើអង្គហេតុទាំងមូលក៏ដោយចុះ ក៏លោកចៅក្រមអះអាងថា ​​លោ​ក​​​​​នឹង​នៅបន្តបើកទ្វារឱ្យភាគីចុងចម្លើយដាក់ភស្តុតាងថ្មីចូលទៀត ហើយតុលាការនឹងកំណត់​​កម្មវិធី សម្រាប់សវនាការបន្ត។ យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅតែយល់ឃើញថា ការសម្រេច​ចិត្ត​រួចហើយថានឹងបិទនីតិវិធីនៃការសួរដេញដោល ត្រឹមថ្ងៃទី១៣ ខែតុលា លើអង្គហេតុទាំងស្រុង ដូ​ច​​​យកជាការបានហើយ ហើយតុលាការ​​ដូ​ច​​​មិ​នចាំបាច់អ្វី ត្រូវកោះអញ្ជើញ​​សាក្សីមកឱ្យ​ផ្តល់​​សក្ខី​​កម្ម​ទៀតទេ។

មុនបិទបញ្ចប់ការសួរដេញដោលនេះ តុលាការបានកំណត់ថ្ងៃជំនុំជម្រះ ២ថ្ងៃជាប់គ្នា ដោយ​​គិត​​ចា​ប់​​​ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា។ ការកំណត់ដ៏កម្របែបនេះបានធ្វើឱ្យភាគីចុងចោទ ទ​ទួ​ល​បា​​នការស្វាគមន៍ ព្រោះការសម្រេចចិត្តនេះ គឺជាអ្វីដែលសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុ​​ខា ចង់បានការជំនុំជម្រះច្រើនថ្ងៃដូច្នេះជាយូរមកហើយ ប៉ុន្តែត្រូវបានតុលាការបដិសេធជា​បន្ត​​បន្ទាប់។

គេសង្កេតឃើញថា នៅថ្ងៃទី១ នៃការផ្ដល់សក្ខីកម្ម លោក ឈឹមផលវរុណ ក្នុងឋានៈជាសាក្សី​​រប​ស់​​​តុលាការ ជាអតីតសហសេវិក​​ជា​​មួយ​​លោក កឹម សុខា ​កាលនៅបម្រើការជាមួយ​​មជ្ឈមណ្ឌល​​សិ​​ទ្ធិ​​មនុស្សកម្ពុជា ហាក់ព្យាយាមដាក់បន្ទុកទៅលើលោក កឹម សុខា ដូចបទចោទ «ចង់ផ្តួល​​រំលំ​​រដ្ឋា​ភិ​​​បាល» ដែរ។ ជាមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផង លោក ឈឹម ផលវរុណ អះ​​អា​ង​​​ថា ជនជាប់ចោទមានទំនាក់ទំនងជិតស្និទ្ធជាមួយជនបរទេស មានជនជាតិអាមេរិកាំងផង និង​​​​ជា​មួយ​​អង្គ​កា​របរទេស ដូចជាអង្គការ IRI ជាដើម។

សាក្សីរូបនេះបន្តថា លោកចេះតែឆ្ងល់ហេតុអីបាន​​ម​ជ្ឈ​​​មណ្ឌលសិទ្ធិមនុស្ស មិនទាន់បានបង្កើតជា​​ស្ថា​ប័ន​​នៅឡើយផង មានលុយបម្រុងរួចជាស្រេច ប្រ​មាណ​៨០ម៉ឺនដុល្លារអាមេរិក ក្នុងដៃរួចទៅ​​ហើ​​យ ដែល IRI សន្យាជួយឱ្យ​ដំណើរការ ក្នុងនាម​​ជា​​​អង្គ​​ការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិ​មនុស្ស​។​​ក្រៅ​​​​ពីនេះ លោក​​សង្កេតឃើញមានជនបរទេសវ័យ​ក្មេងជាជនជាតិអាមេរិកាំង ចុះមកធ្វើកម្ម​​សិ​​ក្សា នៅក្នុងមជ្ឈមណ្ឌល​​សិទ្ធិ​​មនុ​​ស្ស​​ថែម​ទៀត​ផង។

បើទោះបែបណា នៅពេលលោកឆ្លើយនឹងសំណួរដែលតាំងឡើងដោយសហមេធាវីការពារ​​សិទ្ធិ​ឱ្យលោក កឹម សុខា វិញ សាក្សីរូបនេះបានផ្តល់សក្ខីកម្មខុសពីអ្វីដែលលោក​បានផ្តល់​សក្ខីកម្ម​ទៅ​នឹង​​តំណាងអយ្យការ និងតុលាការ។

លោកបានជម្រាបអង្គសវនាការ ថាអ្វីដែលលោកបានដឹង គឺលោកបានប្រើពាក្យពេចន៍ថា ប្រហែល​ជា ឬអាចជា និងមិនច្បាស់ ជាដើមទៅវិញ។ បើតាមលោក ឈឹម ផលវរុណ មូលហេតុដែល​​លោក​​​មិ​​​ន​​​​អាច​​​​ដឹង​​ច្បា​​ស់​នោះ ដោយសារតួនាទី និងភារកិច្ចដែលលោកទទួលខុសត្រូវនៅក្នុងមណ្ឌ​​ល​​សិទ្ធិ​​​​​​មនុស្ស​​​​នេះ មិនមែនជាអ្នកដែលធ្វើសេចក្តីសម្រេចចិត្តធំដុំសម្រាប់គម្រោងរបស់ស្ថាប័ន​​ទេ។ មួយវិញ​​ទៀ​ត លោ​ក​​ក៏​​ធ្លាប់ស្វែងរកយុត្តិធម៌ដែរ ប៉ុន្តែមិនបានដូចបំណង ក្នុងពេលមានអ្នកលួច​​ក្លែង​​ហត្ថ​​លេ​​​ខា​​របស់លោក មុននឹងរូបលោកត្រូវបានមជ្ឈ​​មណ្ឌលសិទ្ធិមនុស្សបណ្តេញចេញ ដែល​​បំពេញ​​កិច្ច​​ការនៅក្នុងស្ថាប័ននេះបានប្រហែល១ឆ្នាំ។

ផ្ទុយពីនេះ លោកស្រី ចក់សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ ដែល​​ជា​​សា​ក្សី ត្រូវផ្តល់សក្ខីកម្មដែរនោះ បានជម្រាបអង្គសវនាការ ថាលោកស្រីបានចូលបម្រើការនៅ​​ក្នុ​ង​​​​​មជ្ឈ​​មណ្ឌលសិទ្ធិមនុស្ស ឬហៅកាត់ថា CCHR នេះ អំឡុងចុងឆ្នាំ២០១៥ ។ ប៉ុន្តែលោកស្រី​​សង្កេ​ត​ឃើញថា ស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះបានបង្ហាញពីការងាររបស់ខ្លួនដោយតម្លាភាព។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់បទសម្ភាសក្នុងថ្ងៃសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលោក កឹម សុខា ក្រោមបទចោទ «សន្ទិដ្ឋិ​​ភាព​​ ឬត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់បទសម្ភាសក្នុងថ្ងៃសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលោក កឹម សុខា ក្រោមបទចោទ «សន្ទិដ្ឋិ​​ភាព​​ ឬត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

បើតាមលោកស្រី ចក់ សុភាព CCHR ឈប់ទទួលលុយជំនួយពីអង្គការ IRI នេះតាំង​​ពី​​ឆ្នាំ​​២០​០​​៧ មកម៉្លេះ ហើយបច្ចុប្បន្នមានមូលនិធិចម្រុះ ដូចជា ជំនួយបានមកពីស្ថានទូត សហភាពអឺរ៉ុប និង​​អង្គ​កា​រ GIZ ​​ជាដើម ​​ហើ​យ​​ព័ត៌មាន​​ស្តីពីម្ចាស់ជំនួយទាំងនោះ គឺត្រូវបានបង្ហោះនៅលើ​​គេ​​ហ​ទំ​ព័រ រប​ស់មជ្ឈ​​មណ្ឌល​សិទ្ធិ​​មនុស្សទាំងអស់ ដោយមិនមានភាពលាក់​​លៀមនោះ​​ទេ។

​ដោយឡែក គម្រោងវេទិកាសាធារណៈ លោកស្រី ចក់ សុភាព បានជម្រាបអង្គសវនាការថា CC​H​R បានបិទបញ្ចប់គម្រោងនេះតាំង​​ពីឆ្នាំ២០១១ ចប់សព្វគ្រប់អស់ទៅហើយ។

គេសង្កេតឃើញថា ក្រៅពីសាក្សីសំខាន់ទាំង២រូបនេះ នៅមានសាក្សី ៥រូបផ្សេងទៀត ដែល​​ជា​​យុ​វ​ជ​ន​ស្រឡាញ់បរិស្ថាន និងយុវជនគណបក្សជំទាស់ មានដូចជាលោក ម៉ា ចិត្រា, លោក ខឿន វីរ៉ាត់, លោក សេង សុវណ្ណា, លោក កើ លាស់ និងអ្នកនាង កែវ សំនាង ក៏ត្រូវបានតុលាការកោះអញ្ជើញ ដើម្បីផ្ដល់សក្ខីកម្មដែរ ទាក់ទងការសិក្សានៅប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហា ឆ្នាំ២០១៦។ ពួក​​គេ​​បាន​​​​ផ្ដល់សក្ខីកម្មថា ការចូលរួមវគ្គបណ្តុះបណ្តាលនៅទីនោះ ដែលមានរយៈពេលប្រមាណ១សប្តាហ៍ គឺ​មិ​​​នមានមេរៀនណាមួយដែលលើកឡើងពីរឿង​​បដិវត្តន៍ពណ៌ទេ។ មួយវិញទៀត ការដែលពួក​​គេ​ទៅចូលរួមវគ្គបណ្តុះបណ្តាល តាមរយៈអង្គការអន្តរជាតិមួយឈ្មោះថា អង្គការ CANVAS នេះ គឺ​​ទៅ​​ដោយខ្លួនឯង មិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយឡើយ។

ដោយឡែក លោកស្រី ស៊ន ជាប្រធានសហគមន៍បុរីកីឡា ក៏បានចូលខ្លួនផ្តល់សក្ខីកម្ម​​ដែរ។ ​​កា​​រ​​​ចូល​បំភ្លឺនេះ លោកស្រីត្រូវបានតុលាការចោទសួរច្រើន ទាក់ទងថ្ងៃចន្ទពណ៌ខ្មៅ ឬហៅថា Black Monday។ ជម្រាបអង្គជំនុំជម្រះ អ្នកតស៊ូមតិរឿងដីធ្លីរូបនេះ អះអាងថា ថ្ងៃចន្ទពណ៌ខ្មៅនេះ គឺជា​​គំ​​​និ​​តផ្ដួចផ្ដើមដោយក្រុមសហគមន៍ផ្ទាល់។ យុទ្ធនាការនេះ បង្កើតឡើងដើម្បីទាមទារសិទ្ធិ​​ដីធ្លី ផ្ទះ​សម្បែង ដែលត្រូវបានក្រុមហ៊ុនឈូសឆាយកាលពីដើមខែ មករា ឆ្នាំ២០១១។ ក្រៅពីនេះ យុទ្ធនា​​កា​រថ្ងៃ​​ចន្ទពណ៌ខ្មៅនេះដែរ រៀបចំឡើងដើម្បីទាមទារឱ្យដោះលែងមន្រ្តីសមាគមការពារសិទ្ធិ​​មនុ​​ស្ស​​​​អាដហុក ចំនួន៥រូប ដែលត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៌។

ចំណែកលោក គង់គាំ ជាអ្នកនយោបាយជើងចាស់ ក៏ត្រូវបានតុលាការកោះអញ្ជើញ ក្នុង​​ការ​​ផ្តល់​​សក្ខី​​កម្មដែរ។ បើទោះជាពីដំបូងទី លោកហាក់ផ្តល់សក្ខីកម្មស្រប​​នឹងសំណួររបស់​​​តំណាង​អយ្យ​​ការ​​ថា ការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣ គឺជាការរៀបចំដោយគណបក្សសង្គ្រោះជាតិ ហើយ​​​ជាបាតុ​​កម្ម​​មានលក្ខណៈបដិវត្តន៍ពណ៌ក្រៅសំឡេងឆ្នោត ដែលអ្នកដឹកនាំ​បាតុកម្មលេច​​ធ្លោកាលណោះ គឺ​​ជា​​​​លោក ហូរវ៉ាន់ ក្ដី អ្នកនយោបាយចាស់វស្សារូបនេះបានជម្រាបអង្គសវនាការថា លោកសូម​​រក្សា​​ចម្លើយរបស់ខ្លួន ដូចបានឆ្លើយនៅចំពោះមុខចៅក្រមស៊ើបសួរវិញ។

បើតាមចម្លើយដែលលើកឡើងដោយសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោក ផែង ហេង លោក គង់ គាំ បានជម្រាបអង្គជំនុំជម្រះថា បាតុកម្មនៅពេលនោះមិនជាប់ពាក់ព័ន្ធ​​នឹ​ង​​​​គណបក្សសង្រ្គោះជាតិទេ ហើយក៏មិនមែនជាទម្រង់នៃបដិវត្តន៍ពណ៌ដែរ។

ទាក់ទងនឹងការសម្រេចបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គហេតុទាំងមូលឯណេះវិញ លោកមេធាវី ចាន់ចេន បានផ្តល់បទសម្ភាសឱ្យក្រុមអ្នកកាសែតនៅខាងមុខបរិវេណតុលាការ កាលពីថ្ងៃទី១៣ ខែតុលា ថាប្រសិនបើការទាមទារ ដើម្បីឱ្យតុលាការកោះអញ្ជើញសមត្ថ​​កិច្ចន​​គរ​បា​លមកផ្តល់សក្ខីកម្មមិនបានទេ មានន័យថា ការជម្រះក្តីនេះមិនអាចផ្តល់យុត្តិធម៌ ក្នុងនាម​​ជា​​ចុង​​ចោទបានទេ។

លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ខ្ញុំចង់ឃើញតុលាការប្រើប្រាស់ ឬក៏ផ្តល់ឱ្យភាគីទាំងសងខាង​​អស់ចិត្ត។ ប៉ុន្តែប្រសិន​​បើ​​សំណើរបស់ពួកយើងដែលជាសហមេធាវី ដែលការពារក្តីឱ្យឯកឧត្តម កឹម សុខា ត្រឹម​​ប៉ុណ្ណឹ​​ង ហើយតុលាការមិនព្រមទទួលសំណើដែលមានចែងក្នុងផ្លូវច្បាប់ ដោយសម្អាងថាអត់មានអ្វីត្រូវសួរតទៅទៀតទេ យើងអត់អស់ចិត្ត ហើយខ្ញុំហ៊ាននិយាយថា ខ្ញុំអត់ចង់ឃើញតុលាការកាត់ក្តីដោយលំ​​ៗ​ទេ។ សូមតុលាការកាត់ក្តីដោយហ្មត់ចត់ ហើយគ្រប់ជ្រុងជ្រោយ»។

ដោយឡែក ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានបង្ហោះសារនៅ​​លើ​​បណ្តា​​ញសង្គម Twitter ផ្លូវការរបស់លោក ក្រោយបញ្ចប់ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេ​​ង គឺជំនួបទ្វេភាគីនេះក៏បានលើកឡើងពីសំណុំរឿងមេបក្សជំទាស់ លោក កឹម សុខា និងសំ​​ណុំ​​រឿង​មួយទៀត គឺអ្នកនយោបាយចាស់វស្សា លោក សុនឆ័យ ដែរ។ ដោយឡែក ជំនួបនេះក៏ពិ​​គ្រោះ​​​​យោបល់ដែរ អំពីសារៈសំខាន់អំពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។

នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំសំអាត យល់ឃើញថា តុ​​លា​​​ការ​គួរទទួលយកសំណើពីគ្រប់ភាគីពាក់ព័ន្ធ ប្រសិនបើនៅមានការជំទាស់បែបនេះ។ លោកបន្តថា ការសម្រេ​ចចិត្តបញ្ចប់​​នីតិវិធីទាំងមានភាពចម្រូងចម្រាសបែបនេះ វានឹងឆ្លុះបញ្ចាំងពីភាព​​មិន​ស្មើ​​គ្នា​​ក្នុងការផ្តល់នូវ​​យុត្តិធម៌ និងរងនូវការរិះគន់ពី​​ការ​​អនុវត្តនីតិវិធីរបស់ខ្លួន។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលដើមពីខែកញ្ញា ឆ្នាំ២០១៧ ទាំងពាក់កណ្តាលអធ្រាត្រ។ គិតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌមួយនេះបា​​ន​​​បន្តអូសបន្លាយប្រមាណ៥ឆ្នាំមកហើយ។ យ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាស​​ថា តុលាការនឹងបន្តនីតិវិធីបន្ថែមទៀត នៅថ្ងៃទី១៩ ខាងមុខនេះ ដើម្បីធ្វើសេចក្តី​​សម្រេចចិត្ត​​ចុង​ក្រោយ ថាតើគួរបន្តសវនាការទៀត ឬត្រូវដាក់ឱ្យភាគីធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles