ព័ត៌មានជាតិ
លោក ញឹម សុខន | ១៤ តុលា ២០២២ | ម៉ោង ២១:០០
VOD

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ អះអាងថា ខ្លួនមិនទាន់មានតម្រុយណាមួយឈានទៅចាប់ខ្លួនជនល្មើស ដើម្បីឱ្យតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីប្រើហិង្សាជាង៣០ករណីលើអតីតសកម្មជនគណបក្សប្រឆាំង ចាប់តាំងពីចុងឆ្នាំ២០១៧ មកដល់ពេលថ្មីៗនេះ នៅឡើយទេ បើទោះបីជាបានសម្អាងថា ជំនាញមន្ត្រីកម្ពុជាក្នុងការបង្ក្រាបល្មើសនិងបទឧក្រិដ្ឋមិនចាញ់សមត្ថភាពមន្ត្រីអន្តរជាតិក្តី។
នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែតុលានេះ។
បើតាមអ្នកនាំពាក្យរូបនោះ សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ គឺការពារបាននូវខឿនសន្តិភាព បូរណភាពទឹកដី បញ្ចៀសបាននូវអំពើភេរវកម្ម ការប៉ុនប៉ងបង្កចលាចលសង្គម ធានាបាននូវសុខសុវត្ថិភាព នយោបាយការទូត និងវប្បធម៌នៅក្នុងប្រទេស។
លោកបន្ថែមថា ៥ឆ្នាំមកនេះ បទឧក្រិដ្ឋបានថយចុះជិត៤០០លើក ក្នុងនោះមានទាំងបទប្លន់ប្រដាប់អាវុធ អំពើឃាតកម្ម បទរំលោភសម្លាប់ ដែលការណ៍នេះ លោកថា ការងារសន្តិសុខ សមត្ថកិច្ចបង្ក្រាបបាន៩០ភាគរយ នៅសល់តែ១០ភាគរយប៉ុណ្ណោះ ដែលជាបញ្ហាប្រឈមមិនទាន់សម្រេចបាន ដើម្បីឆ្លើយតបទៅនឹងជំងឺចិត្តរបស់ជនរងគ្រោះ។
លោកថា៖ «ខ្ញុំជឿថា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ កម្ពុជាពូកែរកណាស់ ពេលខ្លះប្រទេសមួយចំនួន ៣ឆ្នាំមិនទាន់រកឃើញទេ។ បងប្អូនអ្នកតាមដានសភាពការណ៍ដឹងហើយ ករណីខ្លះអត់លើស៣៩ម៉ោងទេ បងប្អូនចាប់ឃាតកបានហើយ»។
ប៉ុន្តែនៅពេលសួរថា តើមានមូលហេតុចម្បងអ្វីដែលសមត្ថកិច្ចមិនទាន់វែកមុខជនដៃដល់ដែលលបវាយអតីតសកម្មជនគណបក្សប្រឆាំងឱ្យរងរបួសបែកក្បាល និងខ្លះបាក់ដៃ ជាង៣០ករណី ជាបន្តបន្ទាប់ ចាប់ពីចុងឆ្នាំ២០១៧ ក្រោយវិធានការរំលាយគណបក្សសង្គ្រោះជាតិ ហើយរហូតបច្ចុប្បន្ន សូម្បីតែមួយករណីក៏មិនទាន់ចាប់ជនល្មើសបាន ទោះករណីខ្លះមានរូបភាពនិងវីដេអូ ដែលការណ៍នេះ លោកអះអាងថា មកពីកង្វះព័ត៌មាន និងបញ្ហាប្រឈមមួយចំនួនទៀត។
លោកថា៖ «អត់ដែលរកឃើញមកពីមូលហេតុអី? ទី១ ព័ត៌មានអត់គ្រប់ ទី២ លោកមានប្រសាសន៍ថាមានទាំងវីដេអូ សួរថាជនល្មើសដែលឃើញរូបជនប្រព្រឹត្តក្នុងវីដេអូហើយ វានៅសម្ងំក្នុងផ្ទះឱ្យយើងចាប់ឬអី? តែយើងនៅបន្តស្រាវជ្រាវ»។
លោក សំ សុគង់ មេធាវីការពារសិទ្ធិឱ្យគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានថ្លែងកាលពីអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២នេះថា មានជនរងគ្រោះមិនតិចជាង៣០នាក់ទេ ដែលត្រូវបានគេលបវាយប្រហារ។
លោកគូសបញ្ជាក់ថា សកម្មភាពបែបនេះបានកើតឡើងជាញឹកញាប់ចាប់ពីចុងឆ្នាំ២០១៧មក ហើយថា អំពើហិង្សានោះ ភាគច្រើនជនមិនស្គាល់មុខលបវាយសំដៅក្បាលជនរងគ្រោះ។
បើតាមលោក សំ សុគង់ ក្នុងចំណោមហិង្សាទាំងជាង៣០ករណីនេះ មានប្រមាណ១០សំណុំរឿង គឺជាហិង្សាក្នុងកម្រិតធ្ងន់ធ្ងរបំផុត រហូតបណ្តាលឱ្យជនរងគ្រោះត្រូវពិការអស់មួយជីវិត។
បញ្ហានេះ លោកថា ជនរងគ្រោះបានដាក់បណ្តឹងជាហូរហែ ទាំងក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងតុលាការ ប៉ុន្តែថាគ្រប់ករណីមិនដែលឃើញមានចំណាត់ការ ឬមានការឆ្លើយតបបែបណាជុំវិញបណ្តឹងទាំងនោះនៅឡើយទេ ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ។
អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ដែលត្រូវបានគេព្រួតវាយឱ្យបែកក្បាលហូរឈាម ដេរ១០ថ្នេរ កាលពីជិត៣ខែមុននោះ បានអះអាងថា សមត្ថកិច្ចមិនដែលសួរសុខទុក្ខលោក ឬប្រាប់ពីចំណាត់ការច្បាប់លើជនល្មើសនៅឡើយទេ ខណៈនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ករណីហិង្សាមកលើរូបលោកនេះ គម្រប់៣ខែហើយ។
លោកអះអាងថា ជិត៣ខែមកនេះ លោកមិនហ៊ានចេញទៅបំពេញមុខរបរនៅឡើយទេ ដោយបារម្ភខ្លាចមានការតាមសម្លាប់ជាថ្មីទៀត។
យ៉ាងណា លោកចាត់ទុកការអះអាងរបស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិនេះថា ជាការបំភ័ន្តការពិត ដើម្បីគេចចេញពីការទទួលខុសត្រូវក្នុងនាមជាអាជ្ញាធររដ្ឋ ក្រោមរូបភាពរើសអើងនយោបាយ។
លោកថា៖ «គាត់អត់ធ្វើ បើគាត់ធ្វើ គាត់រកឃើញហើយ បើគាត់អសមត្ថភាព គាត់ចុះចេញទៅ […] ដោយសារខ្ញុំជាមន្ត្រីបក្សជំទាស់ បើខ្ញុំជាគណបក្សប្រជាជន គាត់រកឃើញហើយ តាំងពីវាយខ្ញុំរួច២ម៉ោងម៉េស»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការបកស្រាយរបស់មន្ត្រីអនុវត្តច្បាប់ នឹងបន្សល់ទុកនូវវប្បធម៌និទណ្ឌភាពនៅកម្ពុជា ដោយសម្អាងថា កន្លងទៅ សកម្មជនសិទ្ធិមនុស្ស និងអ្នកគាំទ្របក្សជំទាស់ ទោះរត់ទៅដល់ប្រទេសថៃ ក៏សមត្ថកិច្ចចាប់ខ្លួនបានយកមកផ្តន្ទាទោសបានដែរ ដែលការណ៍នេះ លោកគិតថា នឹងធ្វើឱ្យពលរដ្ឋកាន់តែបាត់បង់ជំនឿលើវិស័យយុត្តិធម៌នៅកម្ពុជា។
លោកថា៖ «វាហាក់បីជារូបភាពមួយលើកទឹកចិត្តអ្នកប្រព្រឹត្ត ឬជនដៃដល់ កាន់តែបានចិត្តឡើងៗ ដោយសារតែគ្មាននរណាធ្វើអីគាត់ គ្មានអាជ្ញាធរណាមានវិធានការចំពោះគាត់។ ដូច្នេះ វាធ្វើឱ្យរូបភាពហ្នឹងបង្កជាអសន្តិសុខក្នុងប្រទេសយើង»។
យ៉ាងណា លោកបារម្ភថា វប្បធម៌នីតិរដ្ឋ ជាការឆ្លុះបញ្ចាំងថា ការអនុវត្តច្បាប់មិនឆ្លើយតបនឹងស្មារតីរដ្ឋធម្មនុញ្ញ ជំរុញឱ្យមានការរំលោភសិទ្ធិមនុស្ស រារាំងដល់ការកសាងដំណើរការប្រជាធិបតេយ្យ និងបង្កការភ័យខ្លាចដល់អ្នកវិនិយោគ ធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិធ្ងន់ធ្ងរ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាបន (Vitit Muntarbhorn) ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានបន្តចាត់ទុកថា ការរកមិនឃើញជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ជាការបរាជ័យមួយក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា៕
- សកម្មជននយោបាយ, សកម្មជនបក្សប្រឆាំង, អគ្គស្នងការដ្ឋាននគរបាលជាតិ, អតីតគណបក្សសង្គ្រោះជាតិ, អតីតបក្សប្រឆាំង
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ជញ្ជីងនៃក្រសួងយុត្តិធម៌គឹវាភាពលំអៀងជានិច្ចទៅហេីយ។ គ្មានអ្វីដែលត្រូវឆ្ងល់ទេ ក្រសួងយុត្តិធម៌មួយនេះ បានបិទភ្នែករាល់ករណីណាដែលជនល្មេីសធ្វេីមកកាន់កណបក្សប្រឆាំង។ តែបេីមានសកម្មជនបក្សបឆាំងណាមួយហ៊ានតែធ្វេីខុសអ្វីបន្តិច គឺក្រសួងមួយនេះអាចរកចាប់តែរយ:១ថ្ងៃតែប៉ុណ្ណោះ។
I believe some thing that gone up it can come down every soon after HUN SEN’s miracle is gone . I knew some one see the ugly evil monster as their GOD right now but they will hate the most after the water is clear