ដោយ យន់ សាមៀន
2022.11.22
RFA

លោក ហ្រែតដឺរិក ដេវី (Frederick Davie) ប្រធានគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF)។ រូប៖ Twitter Commissioner Frederick Davie (USCIRF)
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងពលរដ្ឋខ្មែរក្រោមស្វាគមន៍ស្ថាប័នការពារសិទ្ធិសេរីភាពផ្នែកសាសនារបស់សហរដ្ឋអាមេរិក ដែលបានស្នើឲ្យរដ្ឋាភិបាល លោកប្រធានាធិបតី (Joe Biden) អន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសេរីភាពសាសនារបស់ជនជាតិដើមខ្មែរក្រោម។ សំណើនេះធ្វើឡើងដោយសារតែ អាជ្ញាធរវៀតណាមកំពុងស្វែងរកគ្រប់វិធីដើម្បីវាយកំទេច សាលាឆទានរបស់ពលរដ្ឋក្រោម ដែលបានកសាងដើម្បី ប្រតិបត្តិព្រះពុទ្ធសាសនានិងបង្រៀនអក្សរខ្មែរ។
គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) ជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការងារនឹងរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ដើម្បីបញ្ឈប់ការប៉ុនប៉ងវាយកម្ទេចទីតាំងសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោមមួយកន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ។
កាលពីដើមឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោម ប្រមាណជិតមួយរយគ្រួសារនៅឃុំកំពង់ ស្រុកប្រាសាទថ្មី បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់ សាលាឆទាន ប៉ុន្តែអាជ្ញាធរវៀតណាមមិនឆ្លើយតបរហូតដល់ ពលរដ្ឋសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យពលរដ្ឋបន្តធ្វើទៀត និងឲ្យរុះរើសំណង់ដែលពលរដ្ឋបានកសាងរួចរាល់ហើយ។
ប្រធាន គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក(USCIRF)លោក ហ្រែតដឺរិក ដេវី (Frederick Davie) បានស្នើរដ្ឋាភិបាលអាមេរិកអន្តរាគមន៍ករណីរំលោភសិទ្ធិសេរីភាពសាសនារបស់ខ្មែរក្រោមនេះ ក្រោយពេលអាជ្ញាធរវៀតណាម កាលពីខែតុលាបានប្រមូលកម្លាំងហើយព្យាយាមទៅវាយបំផ្លាញ សាលាឆទានរបស់ខ្មែរក្រោម។គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ជាទីភ្នាក់ងារ ឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកបង្កើតឡើងកាលពីឆ្នាំ១៩៩៨ ដោយច្បាប់ សេរីភាពសាសនាអន្តរជាតិ។ ទីភ្នាក់ងារនេះ ឃ្លាំមើលសិទ្ធិសេរីភាពសាសនានិងជំនឿជាសកល និងផ្តល់ជាអនុសាសន៍ដល់ប្រធានាធិបតី រដ្ឋមន្រ្តីក្រសួងការបរទេស និងសភា ដើម្បីតាមដានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារនេះ។ តំណាងពលរដ្ឋខ្មែរក្រោម លោក គឹម ឃីម មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីជាអាជ្ញាធរវៀតណាម ប្រមូលកងកម្លាំងចង់មកបំផ្លាញ សាលាឆទានខ្មែរក្រោមក៏ដោយ ក៏ពលរដ្ឋខ្មែរក្រោមបានងើបឡើងតវ៉ាមិនព្រមឲ្យវៀតណាមបំផ្លាញឡើយ។ លោកថា បច្ចុប្បន្នសាលាឆទានដែលពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោកឧបត្ថម្ភប្រាក់កសាងនោះ បានសាងសង់រួចរាល់ហើយ។ លោកបន្តថា វៀតណាម មានចេតនាមិនចង់ឲ្យខ្មែរក្រោមប្រតិបត្តិសាសនា និងបង្រៀនអក្សរខ្មែរដល់កូនៗខ្មែរក្រោមជំនាន់ក្រោយនោះទេ៖
«កត្តាដែលយួនវាមិនចង់ឲ្យហ្នឹងយើងយល់ទាំងអស់គ្នាហើយពីព្រោះវាជាចំណុចរស៊ើបមួយសម្រាប់យួនពីព្រោះខ្មែរក្រោមយើងមាន វត្តអារាម និងសាលាឆទានសម្រាប់ពង្រីកវិស័យអក្សរសាស្រ្តការរៀនសូត្ររបស់កូនខ្មែរជាចំណុចរស៊ើបពីព្រោះយើងខំពង្រីក គេខំបំផ្លាញ»។
ទោះបីជាយ៉ាងណា លោក គឹម ឃីមថា បច្ចុប្បន្នសាលាឆទាននេះ បានបង្រៀនកូនខ្មែរក្រោមជិត ១០០នាក់ ឲ្យចេះភាសាខ្មែរ និងក្លាយជាទីកន្លែងដែលពលរដ្ឋខ្មែរក្រោម នៅស្រុកលោក ប្រមូលផ្តុំគ្នាមកប្រតិបត្តិព្រះពុទ្ធសាសនា។ លោកបន្តថា ទោះបី វៀតណាម ហាមឃាត់មិនឲ្យខ្មែរក្រោមរៀនសូត្រពីប្រវត្តិសាស្រ្តបាត់បង់ទឹកដីឲ្យក៏ដោយ ក៏ខ្មែរក្រោមអាចនិយាយប្រាប់កូនខ្មែរជំនាន់ក្រោយដោយផ្ទាល់មាត់ដែរ៖
«រឿងទឹកដីនិងប្រវត្តិសាស្រ្តគឺយើងពិបាកបង្រៀនគេមិនអនុញ្ញាតឲ្យយើងរៀនប្រវត្តិសាស្រ្តទេ។ យើងឆ្លៀតពេលក្នុងសាលានិយាយរឿងប្រវត្តិសាស្រ្តប៉ុន្តែក្នុងមេរៀនយើងមិនបង្រៀនទេប៉ុន្តែគ្រូនិមួយៗត្រូវតែមានតួនាទីបង្រៀនកូនខ្មែរដោយសារតែយើងជាម្ចាស់ដើមជាទឹកដីរបស់យើងជាម្ចាស់ស្រុកហើយក្មេងៗវាដឹងហើយខំតស៊ូទាំងអស់គ្នាដែរ»។
អង្គការសមាគមខ្មែរក្រោមឲ្យដឹងថា វៀតណាមកំពុងប្រើប្រាស់យុទ្ធសាស្រ្តសងសឹកខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជាជនជាតិដើម និងសិទ្ធិស្វ័យសម្រេចគ្រប់គ្រងវាសនាពូកគេ។ កាលពីពេលថ្មីៗ វៀតណាមបានកោះហៅយុវជនខ្មែរក្រោមជាច្រើននាក់ ដែលហ៊ាន តស៊ូមតិរឿងសិទ្ធិជនជាតិដើម ទៅសាកសួរ និងគំរាមចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ ការសងសឹករបស់វៀតណាមនេះ ធ្វើផ្ទុយទៅការសន្យារបស់ខ្លួន ក្នុងការលើកស្ទួយសិទ្ធិមនុស្ស។ សព្វថ្ងៃនេះ វៀតណាម ជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
Commissioner @FredDavieUSCIRF: “USCIRF urges the U.S. government to work with its Vietnamese counterpart to cease their attempts to demolish a Khmer-Krom Buddhist religious site in Tong Hung hamlet, Loan My village, Vinh Long province.”
— USCIRF (@USCIRF) October 27, 2022
ពាក់ព័ន្ធនឹងសំណើរបស់ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ប្រធាននាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា អន្តរាគមន៍របស់ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកជាលើកទឹកចិត្តដល់ខ្មែរក្រោមដើម្បីបន្ត ការតស៊ូការពារសិទ្ធិសេរីភាពផ្នែកសាសនា៖
«មន្រ្តីរបស់សហរដ្ឋអាមេរិកផ្នែកអន្តរសាសនាមានការចាប់អារម្មណ៍នេះហើយបានធ្វើឲ្យពលរដ្ឋខ្មែរក្រោមមានក្តីសង្ឃឹមនិងមានកម្លាំងដើម្បីតស៊ូដើម្បីព្រះពុទ្ធសាសនាហើយរដ្ឋាភិបាលវៀតណាមត្រូវតែពិចារណាឡើងវិញនូវមហិច្ឆតាក្នុងការកម្ទេចសាលាឆទានរបស់ខ្មែរក្រោមនោះ»។
រដ្ឋាភិបាលវៀតណាមមិនទាន់ឆ្លើយតបនឹង សំណើរបស់គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកនៅឡើយទេ មកទល់នឹងថ្ងៃទី២១ ខែវិច្ឆិកា។ របាយការណ៍ សេរីភាព សាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ២០២១ ចេញផ្សាយកាលពីខែមិថុនា សរសេរថា រដ្ឋធម្មនុញ្ញវៀតណាមអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ និងសាសនា ប៉ុន្តែច្បាប់វៀតណាមក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនា ដោយសំអាង លើបញ្ហាសន្តិសុខជាតិ និងរបៀបរៀបរយសង្គម។ របាយការណ៍ ឲ្យដឹងទៀតថា មេដឹកនាំសាសនាដែលវៀតណាម មិនទទួលស្គាល់តែងតែរងការធ្វើទុក្ខបុកម្នេញ រួមទាំងការចាប់ដាក់ពន្ធនាគារ និងទទួលរងអំពើហិង្សាជាដើម។ ស្ថានភាព សេរីភាពសាសនាវៀតណាមសម្រាប់ឆ្នាំ២០២០ និង ២០១៩ មានលក្ខណៈស្រដៀង គ្នាដែរ គឺរដ្ឋាភិបាលវៀតណាមនៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនាលើក្រុមសហគមន៍ជនជាតិដើម រួមមានក្រុមម៉ុងតាញ៉ាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។