កម្ពុជា-សង្គម
27/11/2022 – 07:34
ដោយ៖ សាំ ឧត្តម
RFI

កោះកុងក្រៅ © FB
ក្រុមយុវជនមាតាធម្មជាតិ នឹងធ្វើសកម្មភាពចែកលិខិតប័ណ្ណផ្សព្វផ្សាយពីតំបន់កោះកុងក្រៅជាសាធារណៈ ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តទៅកាន់ទីតាំងនោះឱ្យបានច្រើន និងត្រៀមទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់នេះឱ្យស្ថិតក្នុងតំបន់ឧទ្យានជាតិសមុទ្រ ក្នុងគោលបំណងដើម្បីការពារតំបន់កោះកុងក្រៅពីការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន។ ការបន្តអំពាវនាវរបស់ក្រុមសកម្មជនការពារបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពីតំបន់កោះកុងក្រៅត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់យកទៅអភិវឌ្ឍន៍។
នៅថ្ងៃទី២៨ វិច្ឆិកាស្អែកនេះ ក្រុមសកម្មជនចលនាមាតាធម្មជាតិចំនួនប្រមាណ១២នាក់ នឹងធ្វើសកម្មភាពចែកលិខិតប័ណ្ណទេសចរណ៍ និងក្រដាសព័ត៌មានដែលនិយាយអំពីតំបន់កោះកុងក្រៅទៅកាន់សាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ទីតាំងមុខស្តុបវិទ្យាស្ថានភាសាបរទេសហៅកាត់ថា IFL និងស្តុបវិទ្យាល័យជាស៊ីមសន្ធរមុខ។
កញ្ញា ភួង កែវរស្មី សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានឱ្យដឹងថា ការបង្កើតសកម្មភាពបែបនេះឡើង គឺដើម្បីក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមការពារតំបន់កោះកុងក្រៅ និងលើកទឹកចិត្តពួកគេឱ្យធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងនោះឱ្យបានច្រើនតាមតែធ្វើទៅបាន។ ការចូលរួមឈឺឆ្អាលរបស់យុវជនខ្មែរ គឺជាកម្លាំងចិត្ត និងការប្រមូលផ្តុំកម្លាំងការពារតំបន់កោះកុងក្រៅ។
ម្យ៉ាងទៀត ក៏ដើម្បីទាមទារឱ្យរដ្ឋាភិបាលអន្តរាគមន៍ដកហូតតំបន់កោះកុងក្រៅមកធ្វើជាសម្បតិ្តរដ្ឋវិញតាមរយៈការដាក់បញ្ចូលតំបន់នេះឱ្យទៅជាឧទ្យានជាតិសមុទ្រ ក្រោយរដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (KOH KONG SEZ Co.,ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជាធ្វើការអភិវឌ្ឍន៍។
តែយ៉ាងណាសកម្មជនបរិស្ថានរូបនេះ ចង់ឃើញអាជ្ញាធរសហការតាមរយៈការផ្តល់សិទ្ធិពេញលេញដោយមិនត្រូវរារាំង រឺចោទប្រកាន់មកលើសកម្មភាពរបស់ខ្លួននៅថ្ងៃស្អែកថា ជាសកម្មភាពបង្កអាណាធិបតេយ្យ រឺប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ខណៈការចែកលិខិត និងក្រដាសព័ត៌មានស្តីពីបញ្ហាតំបន់កោះកុងក្រៅ គឺធ្វើឡើងស្របពេលគ្នាជាមួយក្រសួងបរិស្ថានដែលកំពុងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍មួយនេះ។
ចំណែក នាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាតធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា តំបន់កោះកុងក្រៅ រដ្ឋាភិបាលគួរតែពិចារណារក្សាទុកឱ្យទៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូវធនធានធម្មជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ហើយ លោកចាត់ទុកថា តំបន់នេះមិនគួរឱ្យមានក្រុមហ៊ុនឯកជនណាមួយមកអភិវឌ្ឍន៍នោះទេ ពីព្រោះរាល់ការអភិវឌ្ឍន៍ និងវិនិយោគទាំងអស់នោះ ចង់មិនចង់វានឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋ គួបផ្សំនឹងផលប៉ះពាល់ដល់ជីវៈចម្រុះ និងអេកូទេសចរណ៍តាមរយៈការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រជាដើម។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ប្រសិនបើក្រសួងបរិស្ថានមានឆន្ទះក្នុងការអភិរក្សកោះនេះមែន ក្រសួងគួរតែសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសកម្មជនការពារបរិស្ថាន ដោយមិនគួរបង្ហាញនូវរូបភាពថ្នាំងថ្នាក់ជាមួយគ្នាឡើយ ក៏ព្រោះថា ទិសដៅចម្បង គឺដើម្បីចូលរួមការពារធនធានធម្មជាតិដូចគ្នា។ លោកថា ការចូលរួមការពារតំបន់កោះកុងក្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាចាំបាច់បំផុត ដើម្បីសង្គ្រោះកោះកុងក្រៅឱ្យទាន់ពេលវេលា។
ជុំវិញរឿងនេះ សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ឱ្យបង្ហាញនូវរបាយការណ៍លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅរយៈពេល៦ឆ្នាំដើម្បីជាផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍ឡើយ។ នេះបើតាមសំណេរក្នុងញត្តិកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២២។
សូមជម្រាបថា តំបន់កោះកុងក្រៅនេះ គឺជាកោះក្នុងដែនសមុទ្រកម្ពុជាធំជាងគេដែលមានទំហំ១០៣ គីឡូម៉ែត្រការ៉េ និងមានឆ្នេរសមុទ្រស្រស់ស្អាតចំនួន៦កន្លែង ដែលសុទ្ធសឹងមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិ៕