ដោយ ថា ថៃ
2022.12.04
RFA

ប្រធានក្លឹបអ្នកកាសែតលោក ប៉ែន បូណា (ឆ្វេង) ជួបរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីឆ្នាំ២០២០។ រូប៖ គេហទំព័រក្រសួងព័ត៌មាន
មន្ត្រីសង្គមស៊ីវិល ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន បន្តបង្កើនចំនួនរដ្ឋលេខាធិការច្រើនលើសលុបក្នុងក្រសួងព័ត៌មាន ដែលជាការខ្ជះខ្ជាយថវិកាជាតិ និងនៅតែមិនអាចជំរុញឲ្យស្ថានភាពសេរីភាពសារព័ត៌មានបានល្អប្រសើរដដែល។ ការិះគន់របស់មន្ត្រីសង្គមស៊ីវិលបែបនេះ គឺបន្ទាប់ពីរដ្ឋាភិបាល បានតែងតាំងប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
រដ្ឋាភិបាលលោក ហ៊ុន សែន ចាប់តាំងពីដើមអាណត្តិដល់ចុងអាណត្តិទី៦នេះ កាន់តែបង្កើនចំនួនមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោកដែលមានតួនាទីចាប់ពីអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការតាមក្រសួងនីមួយៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសង្គមស៊ីវិល មើលឃើញថា គ្មានភាពចាំបាច់ និងចាយលុយជាតិដែលពលរដ្ឋខំបង់ពន្ធខ្ជះខ្ជាយ ដើម្បីគ្រាន់តែជាការពង្រឹងឥទ្ធិពលនយោបាយរបស់ខ្លួនប៉ុណ្ណោះ។ ការលើកឡើងបែបនេះដោយសារតែរដ្ឋាភិបាល ទើបតែងតាំងប្រធានក្លឹបអ្នកកាសែត កម្ពុជា លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលក្រសួងមួយនេះមានអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការរាប់សិបនាក់ទៅហើយ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ ថ្លែងថា ការតែងតាំងសមាជិករដ្ឋាភិបាល កាន់តែច្រើន ដូច្នេះជាការចំណាយថវិកាជាតិដែលពលរដ្ឋខំបង់ពន្ធ ក៏កាន់តែច្រើនដែរ ប៉ុន្តែលោកបារម្ភថា ពួកគេ មិនអាចបំពេញការងារដោយវិជ្ជាជីវៈដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋបានឡើយ។ លោកបន្តថា ករណីលោក ប៉ែន បូណា ដែលជាប្រធានក្លឹបអ្នកកាសែតផង ធ្វើការងារនៅក្រុមហ៊ុនទូរទស្សន៍ផង ហើយឥឡូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អាចនឹងធ្វើឲ្យមានទំនាស់ផលប្រយោជន៍។
កាលពីថ្ងៃទី៣ ខែធ្នូ ព្រះមហាក្សត្រ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតនិពន្ធនាយកនៃវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ (RFI) និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ បច្ចុប្បន្ននេះ លោក ប៉ែន បូណា ក៏ជានិពន្ធនាយកព័ត៌មាននៅក្រុមហ៊ុនទូរទស្សន៍ ភី.អិន.អិន (PNN) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលមានកេរ្តិ៍ឈ្មោះអាស្រូវរឿងទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដែលធ្វើឲ្យពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវអស់ដី និងផ្ទះសម្បែងដោយសារការបណ្តេញចេញដោយបង្ខំ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ប៉ែន បូណា បានទេ ដោយលោកប្រាប់ថា មិនទាន់ចង់និយាយអំពីបញ្ហានេះ។ ទោះជាយ៉ាងណា លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) ថា លោកមានបីតិសោមនស្សឥតឧបមាដោយបានទទួលការប្រទានព្រះពរ និងពរជ័យដ៏មហាប្រសើរពីអង្គព្រះមហាក្សត្រ និងពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងពាក្យពេចន៍សាទរពីក្រុមការងារ បងប្អូន និងមិត្តភ័ក្ដិរបស់លោក។
នេះមិនមែនជារឿងថ្មីទេ ដែលអ្នកសារព័ត៌មានគាំទ្ររដ្ឋាភិបាល ទទួលបានការតែងតាំងជាមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់នេះ។ ថ្មីៗនេះ និពន្ធនាយកវិទ្យុបារាំង កញ្ញា អ៊ឹម រចនា ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មដែរ។ ក្រៅពីនេះ កន្លងមក អ្នកសារព័ត៌មានមួយចំនួនទៀតដែលមកពីទូរទស្សន៍បាយ័នរបស់កូនស្រីលោក ហ៊ុន សែន ទូរទស្សន៍ស៊ីធីអិន (CTN) របស់លោកឧកញ៉ា គិត ម៉េង និងកាសែតខ្មែរថាមស៍ និងទូរទស្សន៍ហង្សមាស រួមទាំងលោក ឆាយ សុផល ជាគ្រូបង្រៀនផ្នែកព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដែលមានខ្លឹមសារសរសើរអ្នកនយោបាយបក្សកាន់អំណាច ក៏ទទួលបានការតែងតាំងតួនាទីក្នុងក្រសួងព័ត៌មាននិងស្ថាប័នផ្សេងទៀតដែរ។ មនុស្សដែលទទួលបានការតែងតាំងមួយចំនួន ត្រូវបានគេដឹងថា ជាមនុស្សស្និទ្ធស្នាលនិងតែងតែដើរផឹកស៊ីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងដើរជាមួយកូនចៅមន្ត្រីកំពូលៗរបស់បក្សកាន់អំណាច។ ក្រោយទទួលបានតួនាទី គេសង្កេតឃើញថា មនុស្សមួយចំនួន មិនបានបំពេញតួនាទីលើកស្ទួយសេរីភាពសារព័ត៌មានឡើយ ។ ផ្ទុយទៅវិញ បេសកកម្មរបស់ពួកគេ តែងតែផ្សព្វផ្សាយនូវគំនិតបន្លាច ឬព្យាយាមប្តូរនូវរបៀបគិតនិងការបំពេញការងារវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានជំនាន់ក្រោយ ឬឈានដល់ហាមឃាត់មិនឲ្យចេញផ្សាយអត្ថបទដែលប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលជាដើម។
នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ចូលរួមអបអរសាទរ ជាមួយនឹងក្តីបារម្ភថា លោក ប៉ែន បូណា មិនអាចប្រើសមត្ថភាពនិងសិទ្ធិអំណាច ក្នុងការលើកស្ទួយនិងការពារដល់អ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ព័ត៌មានពិត ឬព័ត៌មានក្តៅៗ នៅក្នុងសង្គមជូនដល់សាធារណជន និងរដ្ឋាភិបាល។ យ៉ាងណាក៏ដោយចុះ អ្នកស្រីនៅតែជំរុញនិងសង្ឃឹមថា លោក ប៉ែន បូណា ដែលធ្លាប់ជាអ្នកសារព័ត៌មានឯករាជ្យមួយរូប ជួយលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ។ «»
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
គិតមកទល់ពេលនេះ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន បានកើនឡើងរហូតដល់រាប់រយនាក់។ បើគិតតួនាទីត្រឹមជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្នុងក្រសួងនីមួយៗទាំង ២៨ក្រសួង គឺមានពី ១០រូប ទៅ២០រូប ប៉ុន្តែសម្រាប់ក្រសួងព័ត៌មានវិញ គឺរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការ ប្រហែលមិនតិចជាង១រួយ (១០០)នាក់ឡើយ ព្រោះក្រសួងមួយនេះ តែងតាំងមួយលើកៗទាំងក្រុមៗតែម្តង។ មន្ត្រីទាំងអស់នេះ សុទ្ធតែទទួលប្រាក់ខែចេញពីថវិកាជាតិ ដែលភាគច្រើនលើសលប់ បានពីការបង់ពន្ធរបស់រាស្ត្រខ្មែរ និងខ្ចីបំណុលបរទេស។ថ្មីៗនេះ លោក ហ៊ុន សែន ប្រកាសថា ត្រីណាមកមុនចាប់ស៊ីមុន ដោយមិនចាំបាច់ រង់ចាំត្រីធំ ឬតូចនោះទេ ដោយលោកសំដៅលើអ្នកនយោបាយប្រឆាំង ឬបុគ្គលណាដែលចុះចូលលោក គឺលោក ទទួលយកទាំងអស់ ហើយផ្តល់តួនាទីជាកាដូដើម្បីប្តូរគំនិតពីការរិះគន់មកការលើកសរសើរការដឹកនាំរបស់លោកវិញ។ ថ្មីដ្បិតតែលោក ហ៊ុន សែន បញ្ចូលអ្នកថ្មីជាមន្ត្រីជាន់ខ្ពស់របស់លោកក្តី ប៉ុន្តែគេកម្រឃើញលោក ហ៊ុន សែន ដកមន្ត្រីចាស់ៗ និងមន្ត្រីដែលអសកម្ម ឬមន្ត្រីគ្រាប់ល្ពៅរបស់លោកចោលណាស់។ អ្នកឃ្លាំមើលយល់ថា ការបង្កើនចំនួនមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដ៏ច្រើនស្អេកស្កះបែបនេះ គ្រាន់តែជាការខ្ជះខ្ជាយថវិកាជាតិ បង្កើនអតិផរណាតួនាទីក្នុងស្ថាប័នរដ្ឋ ហើយគ្មានការទទួលខុសត្រូវក្នុងតួនាទីច្បាស់លាស់ ដែលពាក្យខ្មែរ ពោលថា មនុស្សច្រើន អន្សមខ្លោច មនុស្សដូចខ្មោច អន្សមឆៅ តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។