បេក្ខជន​ជា​ច្រើន​នាក់​មាន​បញ្ហា​សុខភាព​ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២២

ដោយ មាន ឫទ្ធិ
2022.12.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បេក្ខជន​ជា​ច្រើន​នាក់​មាន​បញ្ហា​សុខភាព​ នៅ​ថ្ងៃ​ទី​១​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២២

ទិដ្ឋភាព​សិស្ស​ប្រឡងបាក់ឌុប នាថ្ងៃដំបូង ថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០២២។ Photo: RFA


ទំព័រ​ហ្វេសប៊ុក​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ចំនួន​៩​នាក់​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ឧត្ដរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និង​ខេត្ត​មណ្ឌលគិរី មាន​បញ្ហា​សុខភាព និង​ខ្លះ​បាន​សន្លប់​ ក៏​ប៉ុន្តែ​បេក្ខជន​មួយ​ចំនួន​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ។

បេក្ខជន​ប្រឡង​បាក់ឌុប​ទាំង​អស់​បាន​ពាក់​ម៉ាស់​ទៅ​ចូលរួម​ប្រឡង ហើយ​តាម​ខ្លោង​ទ្វា​មណ្ឌល​ប្រឡង​នីមួយៗ មាន​អនុរក្ស​ឈរ​ជា​ពីរ​ជួរ​ចាំ​ឆែក​រក​មើល​សំណៅ​ឯកសារ។ ដោយ​ឡែក​នៅ​ខាង​ក្រៅ​របង​​តាម​មណ្ឌល​វិញ ក៏​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​យាម​កាម​យ៉ាង​តឹង​រ៉ឹង ដើម្បី​ធានា​សុវត្ថិភាព​នៅ​ក្នុង​ការ​ប្រឡង​នេះ ហើយ​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នាក់​ បាន​ទៅ​អង្គុយ​រង​ចាំ​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​បេក្ខជន​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុវាចា ដើម្បី​បកស្រាយ​បន្ថែម​ជុំវិញ​ការ​ប្រឡង​បាក់ឌុប​នេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​លើក​ឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ ​មាន​ឥរិយាបថ​ល្អ​នៅ​ពេល​ចូល​ប្រឡង​ ពួកគេ​បាន​ខិតខំ​ប្រឡង​ដោយ​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ឯង និង​មិន​បាន​យក​ប្រ៊ុយយ៉ុង​មក​មណ្ឌល​ប្រឡង​ ឬ​បន្លំ​ឱ្យ​អ្នក​ផ្សេង​ប្រឡង​ជំនួស​ដូច​មុន​ៗ​ឡើយ។

លោក រស់ សុវាចា៖ «តាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ការ​គោរព​វិន័យ​របស់​សិស្ស​គឺ​គោរព​បាន​ល្អ​ ហើយ​សំខាន់​ទៀត​គឺ​គាត់​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ ហើយ​អញ្ចឹង​ក៏​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​នាក់​ដែល​គាត់​មក​ពី​ទី​ជនបទ​ហ្នឹង​ហា ក៏​អាច​ប្រឡង​ជាប់​ហើយ​ ប្រឡង​ចូល​គ្រូ​អញ្ចឹង​យើង​ឃើញ​ថា​នៅ​ក្នុង​គរុ​និស្សិត​វិញ គឺ​គរុ​និស្សិត​ប្រមាណ​ជា​ជិត​៩០​ភាគរយ​គឺ​មក​ពី​ទី​ជនបទ»

ជុំវិញ​ការ​ប្រឡង​នេះ​ដែរ យុវតី​ម្នាក់​ដែល​ជា​បេក្ខជន​ប្រឡង​នៅ​ មណ្ឌល​វិទ្យាល័យ​ពោធិចិនតុង គឺ​កញ្ញា តាំង សួនឹង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ក្នុង​បន្ទប់​ដែល​កញ្ញា​ប្រឡង​មិន​អាច​លួច​មើល​ប្រ៊ុយយ៉ុង​ឬ​លួច​មើល​គ្នា​បាន​ឡើយ​ ព្រោះ​មាន​អនុរក្ស​ជា​ច្រើន​តាម​ឃ្លាំ​មើល។ កញ្ញា តាំង សួនឹង បន្ថែម​ថា ឆ្នាំ​នេះ កញ្ញា​បាន​ចំណាយ​ថវិកា​ប្រហែល ១២​ម៉ឺន​រៀល ទៅ​លើ​ការ​រៀន​គួរ​បន្ថែម​ដើម្បី​ត្រៀម​ប្រឡង​បាក់ឌុប។

កញ្ញា តាំង សួនឹង ៖ «នៅ​មុខ​វិជ្ជា​និង​បើ​សិន​ជា​យើង​ចង់​ប្រឡង​រាង​បាន​និទ្ទេស​ល្អ​អ៊ី យើង​ត្រូវ​រៀន​គួរ​ បើ​សិន​ជា​រៀន​នៅ​គ្រាន់​តែ​សាលា​រដ្ឋ​ប្រហែល​ជា​អត់​ហ៊ាន​ធានា​ដែរ​ ចុង​ក្រោយ​ខ្ញុំ​សូម​ជូន​ពរ​អ្នក​ដែល​ប្រឡង​ទី​១២​ទាំង​អស់​អោយ​ប្រឡង​ធ្វើ​បាន​គ្រប់​គ្នា​ជាប់​ទាំង​អស់​គ្នា​បាន​និទ្ទេស​ដែល​ខ្លួន​ចង់​បាន​ហើយ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព បើ​សិន​ជា​អត់​ជាប់​ធ្វើ​អត់​បាន​ដូច​បំណង​ខ្លួន​ឯង​ទេ​កុំ​អស់​សង្ឃឹម​ព្រោះ​យើង​នៅ​មាន​ពេល​វេលា​បន្ត​ទៀត»


ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា និង ជា​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ លោក រ៉ុង ឈុន យល់​ឃើញ​ថា ការ​ប្រឡង​បាក់ឌុប​ដោយ​មាន​ការ​រឹត​បន្តឹង​ដូចនេះ​ នៅ​តែ​មាន​សារសំខាន់​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​តាម​វិទ្យាល័យ​ខិត​ខំ​រៀន​សូត្រ​បន្ថែម។ ទោះ​ជា​យ៉ាង​ណា​ លោក​ព្រួយ​បារម្ភ​ទៅ​លើ​គុណភាព​សិស្ស ព្រោះ​កាល​ពី​ពេល​ថ្មី​នេះ​ លោក​បាន​ចុះ​អង្កេត​ការ​សិក្សា​របស់​សិស្ស​តាម​ខេត្ត​មួយ​ចំនួន​រក​ឃើញ​ថា មាន​សិស្ស​តែ​៣០​ភាគរយ (៣០%)តែ​ប៉ុណ្ណោះ​ ដែល​អាច​អាន​អក្សរ​បាន​នៅ​ពេល​ដែល​ពួក​គេ​បញ្ចប់​ថ្នាក់​បឋម។ លោក រ៉ុង ឈុន បន្ថែម​ថា ដើម្បី​ពង្រឹង​គុណភាព​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ និង​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​ជា​មធ្យម​យ៉ាង​តិច​ ៣​លាន​៨​សែន (៣.៨០០.០០០) ឬ​ស្មើ​នឹង​មួយ​ភាគ​បួន នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ។

លោក រ៉ុង ឈុន៖ «នៅ​ពេល​ដែល​មាន​ការ​ចូលរួម​ទាំង​គ្រូ​បង្រៀន ទាំង​សិស្ស​ ហើយ​ប្រកួត​គុណភាព​ពិត​ប្រាកដ​និង យើង​អាច​យក​ឆមាស ប្រចាំ​ខែ ប្រចាំ​ឆ្នាំ​មក​វាយ​តម្លៃ​ ដើម្បី​បញ្ចប់​ការ​សិក្សា​១២​ឆ្នាំ​បាន​ហើយ ប៉ុន្តែ​ប្រសិន​ជា​នៅ​មាន​អំពើ​ពុករលួយ​ដូច​ពេល​បច្ចុប្បន្ន​នេះ អា​និង​យើង​និង​លំបាក​ហើយ ហើយ​វា​ប៉ះពាល់​ទៅ​ដល់​គុណភាព​នៃ​ការ​អប់រំ»

ក្រសួង​អប់រំ​យុវជន​នឹង​កីឡា បាន​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ឆ្នាំ​២០១៤​ ដោយ​មិន​ឱ្យ​មាន​សកម្មភាព​លួច​មើល លួច​ចម្លង​គ្នា យក​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង​ ឬ​បែក​វិញ្ញាសា​មុន​ការ​ប្រឡង​ឡើយ។ កន្លង​មក​ អ្នក​ជំនាញ​ខាង​វិស័យ​អប់រំ​ធ្លាប់​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ​មិន​គួរ​ធ្វើ​ការ​ប្រឡង​បាក់ឌុប​ថ្នាក់​ជាតិ​ដូច​នេះ​ឡើយ​ ដោយ​ត្រូវ​ពង្រឹង​គុណភាព​អប់រំ​តាម​សាលា​វិញ ទើប​អាច​បង្កើន​សមត្ថភាព​សិស្ស​ និង​កាត់​បន្ថយ​អត្រា​សិស្ស​បោះបង់​ការ​សិក្សា។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​ឆ្នាំ​នេះ​ធ្វើ​ឡើង​រយៈពេល​២​គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដោយ មាន​បេក្ខភាព​ប្រឡង​ជាង​១២ម៉ឺន​នាក់ (១២៨.១៣៥នាក់) ក្នុង​នោះ​ស្រី​ជាង​៦​ម៉ឺន​៨​ពាន់​នាក់ (៦៨.៧៧១នាក់)។មណ្ឌល​ប្រឡង​ចំនួន​២២១​កន្លែង និង​មាន​ជិត​៥​ពាន់​២០០​បន្ទប់(៥.១៧៤បន្ទប់)។ ក្រៅ​ពី​គណៈ​មេ​ប្រយោគ​ និង​គណៈ​កម្មការ​នានា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អ្នក​សង្កេត​ការណ៍​រាជធានី ខេត្ត គរុ​សិស្ស និង​គរុ​និស្សិត ក៏​បាន​ចូលរួម​ជួយ​រៀប​ចំ និង​អង្កេត​ការណ៍​ដំណើរ​ការ​ប្រឡង​នេះ​ដែរ ដោយ​បូក​សរុប​ទាំង​អស់ មាន​ចំនួន​ជាង​២​ម៉ឺន​៣​ពាន់​នាក់ (២៣.០៤៦នាក់)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles