កម្ពុជា-សង្គម
06/12/2022 – 06:56
ដោយ៖ សាំ ឧត្តម
RFI

សមាគមបណ្តាញយុវជនកម្ពុជា បានធ្វើយុទ្ធនាការមួយដោយជិះកង់ដើម្បីសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ © FB
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានចាប់ផ្តើមបង្កើតយុទ្ធនាការរបស់ខ្លួនក្រោមរូបភាពផ្សេងៗគ្នាដើម្បីប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ នាថ្ងៃទី១០ ធ្នូខាងមុខ។ ក្នុងនោះ រដ្ឋាភិបាលក៏នឹងត្រៀមរៀបចំកម្មវិធីរបស់ខ្លួនដូចគ្នា។ សម្រាប់អង្គការសង្គមស៊ីវិល ពួកគេនឹងយកសារជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហរសេរីភាពដល់ប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងលំហរលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ក្រោយពួកគេមើលឃើញថា បញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យបន្តដាំក្បាលចុះ។
សមាគមបណ្តាញយុវជនកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបានឱ្យដឹងថា សមាគមបានធ្វើយុទ្ធនាការមួយដោយជិះកង់ដើម្បីសិទ្ធិមនុស្សចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤។ បើតាមសមាគម យុទ្ធនាការនេះ នឹងមានយុវជនចំនួន៣០នាក់ជិះកង់ពីខេត្តសៀមរាប ចេញពីប្រាសាទអង្គរវត្តមកកាន់ទីលានប្រជាធិបតេយ្យនៅភ្នំពេញ និងព្រឹត្តិការណ៍មួយទៀត គឺជិះកង់១០ធ្នូ ចម្ងាយ៣០គីឡូម៉ែត្រ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាយយុវជនកម្ពុជាបានប្រាប់ថា យុទ្ធនាការទាំងពីរនេះ គឺរៀបចំឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់លំហរពេញលេញ ការការពារសិទ្ធិមនុស្ស និងសិទ្ធិមនុស្សជាមូលដ្ឋានដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ក្នុងនោះ សមាគមក៏ស្នើបន្ថែមឱ្យរដ្ឋាភិបាលបើកលំហរសិទ្ធិសេរីភាពដល់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិខាងសមាគម សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីនិងការជួបជុំ សិទ្ធិចូលរួមកិច្ចការបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាគ្មានរូបភាពគំរាមកំហែង បង្ខិតបង្ខំគ្រប់ទម្រង់ចំពោះការសម្រេចចិត្តចូលរួមបោះឆ្នោត។
ជុំវិញទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ខាងរដ្ឋាភិបាលក៏នឹងរៀបចំប្រារព្វពិធីអបអរដូចគ្នា ដែលកម្មវិធីទាំងស្រុងនឹងធ្វើឡើងនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៨ ធ្នូ។
ស្តែងតាមរយៈការប្រារព្វទិវាសិទ្ធិមនុស្ស លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងបណ្តាសមាគមនានា ឱ្យអាចអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមច្បាប់របស់កម្ពុជា។ ហើយលោកសាទរនៅពេលដែលអង្គការសង្គមស៊ីវិលចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ ដែលនេះសរបញ្ជាក់ពីសាមគ្គីភាពក្នុងការគោរពសិទ្ធិមនុស្សនៅកម្ពុជារវាងភាគីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។
តែយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះបានប្រាប់ទៅកាន់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនថា ការលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពសិទ្ធិមនុស្ស គឺជាការចោទប្រកាន់ផ្ទុយពីការពិត ក៏ព្រោះថា រដ្ឋាភិបាលកម្ពុជាបានគោរពសិទ្ធិមនុស្ស និងបើកលំហរនយោបាយដោយមិនគៀបសង្កត់លើជនណាមួយនោះទេ។ លោកថា មានតែសកម្មភាពរបស់អង្គការសង្គមស៊ីវិលនាពេលកន្លងមកនោះទេដែលមិនបានអនុវត្តសិទ្ធិឱ្យត្រឹមត្រូវស្របតាមច្បាប់ ដោយយករូបភាពការពារសិទ្ធិមកប្រើប្រាស់ក្នុងន័យខុស ឬការពារដល់ជនប្រព្រឹត្តិខុសទៅវិញ។
សូមជម្រាបថា ក្រៅតែពីខាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចាក៏នឹងត្រៀមប្រកួតបាល់ទាត់សិទ្ធិមនុស្សដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ធ្នូ ដើម្បីចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ ឆ្នាំ២០២២៕